អំឡុងពេល៣ខែដំបូងនៃការមានផ្ទៃពោះ អ័រម៉ូនក្នុងរាងកាយត្រូវបានផ្លាស់ប្តូរ ជាពិសេសអ័រម៉ូនប្រូសេស្តេរ៉ូន និងអ័រម៉ូនអ៊ីស្ត្រូសែន ដែលបណ្តោលឲ្យប្រព័ន្ធសរសៃប្រសាទ បញ្ចូនសញ្ញាពីខួរក្បាលទៅផ្នែកផ្សេងៗនៃរាងកាយ រួមទាំងការផ្លាស់ប្តូរអារម្មណ៍ផងដែរ។ ប៉ុន្តែចូលដល់ខែទី៤ នៃការមានផ្ទៃពោះ អ័រម៉ូនចាប់ផ្តើមមានស្ថេរភាព ការផ្លាស់ប្តូរអារម្មណ៍ចាប់ផ្តើមថយចុះ ហើយរោគសញ្ញាចាញ់កូនក៏ថមថយដែរ។
តើពិតទេអារម្មណ៍របស់អ្នកម្តាយ មានឥទ្ធិពលដល់ការលូតលាស់ទារកមិនទាន់កើត?
រយៈពេល៣ខែចុងក្រោយនៃការមានផ្ទៃពោះ គឺជាពេលវេលាដែលអ្នកម្តាយគួរតែចាប់ផ្តើមថែរក្សាសុខភាពបន្ថែមទៀត។ ជ្រើសរើសរបបអាហារដែលមានផាសុខភាព លេបថ្នាំបំប៉នជាប្រចាំ ធ្វើលំហាត់ប្រាណ សម្រាកឲ្យបានគ្រប់គ្រាន់ ដើម្បីជៀសវាងអាកប្បកិរិយាមិនល្អ ដែលប៉ះពាល់ដល់ទារកមិនទាន់កើតដូចជា ការសេពគ្រឿងស្រវឹង ធ្វើការហួសប្រមាណ ជាពិសេសស្ត្រេស។
យោងតាមការស្រាវជ្រាវបានបង្ហាញថា ការកម្ចាត់បញ្ហាស្ត្រេសចេញពីជីវិតបាន អាចជួយសម្រួលផ្លូវចិត្តទារកកំពុងតែអភិវឌ្ឍមានការឆ្លើយតបបានល្អ និងរីកចម្រើនជាងធម្មតា។
ចំពោះអ្នកម្តាយដែលមានអារម្មណ៍ផ្លាស់ប្តូរមានស្ថានភាពស្ត្រេស វាជះឥទ្ធិពលដល់ការអភិវឌ្ឍរបស់ទារកដូចជា ផ្លូវចិត្ត ការផ្ចង់អារម្មណ៍ ការរំខាន ឬការគ្រប់គ្រងអារម្មណ៍។ មូលហេតុគឺបណ្តោលមកពីសារធាតុគីមីមួយចំនួននៃស្ត្រេសអាចឆ្លងកាត់សុក ដើម្បីបញ្ចូនទៅកាន់ទារក។
សារធាតុទាំងនេះមានឥទ្ធិពលផ្ទាល់ទៅលើការអភិវឌ្ឍខួរក្បាល បណ្តោលឲ្យការអភិវឌ្ឍខ្លះមានលក្ខណៈមិនប្រក្រតី។ ដូច្នេះអារម្មណ៍អ្នកម្តាយពិតជាអាចប៉ះពាល់ដល់ការអភិវឌ្ឍរបស់ទារកមិនទាន់កើតជាខ្លាំង។
ដើម្បីជៀសវាងភាពតានតឹងពេលមានផ្ទៃពោះ អ្នកម្តាយគួរតែសម្រាកឲ្យបានគ្រប់គ្រាន់ កាត់បន្ថយការងារធ្ងន់ ព្យាយាមទទួលទានអាហារសម្បូរសារធាតុចិញ្ចឹម និងធ្វើលំហាត់ប្រាណយ៉ាងហោចណាស់ ៣ដងក្នុងមួយសប្តាហ៍ និងកម្សាន្តអារម្មណ៍ជាមួយបទចម្រៀងឲ្យបានច្រើន៕