គ្រោះថ្នាក់ទេ បើមានសម្ពាធឈាមទាបពេលកំពុងពពោះ?

0
1

ការថែរក្សារាងកាយឲ្យមានសុខភាពល្អអំឡុងពេលមានផ្ទៃពោះពិតជាមានសារៈសំខាន់ណាស់ ហេតុនេះអ្នកគួរតែយកចិត្តទុកដាក់។ ក្នុងដំណាក់កាលនេះ អ្នកម្តាយងាយនឹងមានបញ្ហាប្រឈមជាច្រើនដែលគួរឲ្យព្រួយបារម្ភ ហើយប្រសិនបើប្រហែសអាចបង្កគ្រោះថ្នាក់ទាំងម្តាយ ទាំងកូន។

ជាពិសេសពេលអ័រម៉ូនកំពុងតែប្រែប្រួល រាងកាយអ្នកម្តាយអាចមានភាពទន់ខ្សោយ ហើយងាយជះឥទ្ធិពលដល់សម្ពាធឈាម ឬមានសម្ពាធឈាមទាប។ មូលហេតុដែលនាំឲ្យមានសម្ពាធឈាមទាប គឺបណ្តោលមកពីការពង្រីកសរសៃឈាមហួសកម្រិត ធ្វើឲ្យបរិមាណឈាមត្រូវផ្លាស់ប្តូរ ហើយទីបំផុតសម្ពាធឈាមនឹងធា្លក់មកទាប។

ចំពោះរោគសញ្ញាសម្ពាធឈាមទាប មានដូចជា៖ អស់កម្លាំង ហត់នឿយគ្រប់ពេល វិលមុខ ដួលសន្លប់ ដង្ហើមញាប់ ផ្លាស់ប្តូរអារម្មណ៍ និងឆាប់ខឹងជាដើម។

វិធីដោះស្រាយបញ្ហាសម្ពាធឈាមទាប

១.ព្យាយាមការបរិភោគអាហារដែលសម្បូរសារធាតុចិញ្ចឹមឲ្យបានច្រើន តែត្រូវជៀសវាងអាហារប្រៃ រួមទាំងអាហារសម្រន់ផងដែរ។

២.ទទួលទានទឹកយ៉ាងហោចណាស់ ៦ទៅ៨កែវក្នុងមួយថ្ងៃ ហើយជៀសវាងទទួលទានភេសជ្ជៈប៉ូវកម្លាំងផ្សេងៗ។

៣.ធ្វើលំហាត់ប្រាណមួយសប្តាហ៍ឲ្យបាន ៣ដង ហើយមួយដងចំនួន ៣០នាទី ឬហាត់យូហ្គាសម្រាប់ស្ត្រីមានផ្ទៃពោះ។

៤.ក្នុងករណីមានសម្ពាធឈាមទាបភ្លាមៗ ឬមានភាពតឹងណែនក្នុងដើមទ្រូង ដង្ហើមខ្លី សូមប្រញាប់ទៅមន្ទីរពេទ្យជាបន្ទាន់។

តើសម្ពាធឈាមទាបក្នុងពេលមានផ្ទៃពោះមានគ្រោះថ្នាក់ទេ?

សម្ពាធឈាមទាបអំឡុងពេលមានផ្ទៃពោះ គឺជារឿងធម្មតា ហើយមិនមានផលប៉ះពាល់ដល់ម្តាយនោះទេ។ ប៉ុន្តែប្រសិនបើអ្នកកត់សម្គាល់ភាពមិនធម្មតាកើតឡើងញឹកញាប់ សូមប្រញាប់ទៅមន្ទីរពេទ្យ ដើម្បីធ្វើរោគវិនិច្ឆ័យឲ្យបានច្បាស់លាស់។ សំខាន់ជាងនេះទៅទៀត គួរប្រុងប្រយ័ត្នកុំឲ្យលើសឈាម ដោយសារតែវាមានគ្រោះថ្នាក់ ហើយអាចប្រឈមនឹងការរលូតកូនជាងសម្ពាធឈាមទាប។

ក្នុងលក្ខខណ្ឌដែលអ្នកម្តាយមានសម្ពាធឈាមទាប ត្រូវថែសុខភាពឲ្យបានល្អ និងសម្រាកឲ្យគ្រប់គ្រាន់។ ជាពិសេសត្រូវទៅជួបក្រុមគ្រូពេទ្យឲ្យបានទៀងទាត់ទៅតាមការណាត់ជួប៕

LEAVE A REPLY

Please enter your comment!
Please enter your name here