ជាការពិតណាស់ អំឡុងពេលមានផ្ទៃពោះស្ត្រីទាំងឡាយត្រូវឆ្លងកាត់ឧបសគ្គជាច្រើនរាប់មិនអស់ ទំរាំដល់ថ្ងៃសម្រាល។ ប៉ុន្តែក្នុងចំណោមឧបសគ្គទាំងនោះ មានឧបសគ្គមួយដែលស្ត្រីមានផ្ទៃពោះតែងជួបប្រទះស្ទើរតែគ្រប់គ្នា នោះគឺបញ្ហាវិលមុខ។ ការវិលមុខល្មមៗអ្នកម្តាយអាចទប់ទល់បាន ក៏ប៉ុន្តែប្រសិនបើការអារៈវិលមុខខ្លាំង ហើយអ្នកម្តាយមានសុខភាពទន់ខ្សោយទៀតនោះ អាចដួលសន្លប់ផងក៏មាន។
តើមូលហេតុអ្វីខ្លះ ដែលបណ្តោលឲ្យស្ត្រីមានផ្ទៃពោះវិលមុខ?
ការប្រែប្រួលអ័រម៉ូន៖ នៅពេលអ័រម៉ូនមានការប្រែប្រួលដើម្បីគាំទ្រដល់ការផ្សាំរបស់ទារក រាងកាយអ្នកម្តាយចាប់ផ្តើមផ្លាស់ប្តូរដែរ។ ហេតុនេះអ្នកម្តាយគួរតែរក្សាសុខភាពឲ្យបានល្អជានិច្ច។
សម្ពាធឈាមទាប៖ នៅពេលមានផ្ទៃពោះ សម្ពាធឈាមមានការផ្លាស់ប្តូរធ្លាក់ចុះ ដែលធ្វើឲ្យកម្រិតជាតិស្ករក្នុងឈាមថយចុះ។
សួតទទួលអុកស៊ីសែនតិចជាងមុន៖ នៅពេលទារកកំពុងលូតលាស់ឥតឈប់ឈរ ដង្ហើមរបស់អ្នកម្តាយត្រូវដកជ្រៅៗ និងញាប់ ដើម្បីបែងចែកទៅមនុស្សពីរនាក់។ ហេតុនេះសួតមិនអាចទទួលបានអុកសីសែន ពេញលេញឡើយ។
ស្ត្រេស៖ ស្ត្រេស គឺជាបុព្វហេតុចម្បងនៃបញ្ហាវិលមុខ ដោយសារតែវាងាយនឹងបង្កឲ្យគេងមិនលក់ លទ្ធផលអ្នកម្តាយនឹងខ្សោយកម្លាំង។
បញ្ហាបរិស្ថាន៖ នៅក្នុងតំបន់ដែលមានមនុស្សរស់នៅច្រើន តំបន់ក្តៅហួតហែង ការស្លៀកសម្លៀកបំពាក់ចង្អៀតៗ អាចធ្វើឲ្យអ្នកម្តាយវិលមុខរហូតដួលសន្លប់បាន។
ប្រសិនបើអ្នកម្តាយចង់កាត់បន្ថយបញ្ហាវិលមុខអំឡុងពេលពពោះ គួរតែព្យាយាមទទួលទានអាហារដែលមានផាសុខភាព ធ្វើលំហាត់ប្រាណទៀងទាត់ សម្រាកឲ្យគ្រប់គ្រាន់ កាត់បន្ថយបញ្ហាស្ត្រេស និងរស់នៅកន្លែងដែលមានខ្យល់អាកាសល្អ…៕