ទងសុក គឺជាសរីរាង្គដែលកើតឡើងតែក្នុងកំឡុងពេលមានផ្ទៃពោះប៉ុណ្ណោះ ហើយវាត្រូវបានផ្សាំក្នុងជញ្ជាំងស្បូនរបស់អ្នកម្តាយ ភ្ជាប់ទៅផ្ចិតរបស់ទារក។ ទងសុក មានតួនាទីសំខាន់ក្នុងការដឹកជញ្ជូនអុកស៊ីសែន និងសារធាតុចិញ្ចឹមពីម្តាយទៅផ្គត់ផ្គងទារក ហើយបញ្ចូនកាកសំណល់ត្រលប់មកវិញ។
ទោះជាយ៉ាងណា ទងសុក ក៏អាចបង្កឲ្យមានហានិភ័យផងដែរ ប្រសិនបើវារុំព័ទ្ធជុំវិញករបស់ទារក។ នៅពេលដែលសុករុំក ទារកអាចប្រឈមនឹងកង្វះអាហារូបត្ថម្ភ និងអុកស៊ីសែន ដែលបណ្តោលឲ្យស្លាប់បាន។
ប្រសិននបើសុករុំកទារក តឹងណែនខ្លាំងពេក ក្រុមគ្រូពេទ្យអាចសម្រេចចិត្តធ្វើការវះកាត់យកទារក ចេញមុនថ្ងៃកំណត់ដែលត្រូវកើត ដើម្បីសុវត្ថិភាព។ ប៉ុន្តែប្រសិនបើគ្រូពេទ្យធ្វើការអេកូ ឃើញថា សុករុំកទារក មិនខ្លាំងពេកទេ ហើយទារកនៅរើបំរាស់ និងមានចង្វាក់បេះដូងនៅធម្មតា គ្រូពេទ្យអាចណាត់តាមដានសុខភាពទារកជាញឹកញាប់។
ទងសុករុំកទារក មិនមែនជាមូលហេតុចម្បងនៃការស្លាប់របស់ទារកនោះទេ ដោយសារតែទងសុករុំកទារកមានភាពធូររលុង។ តែការរុំតឹងណែនពេកអាចបង្កគ្រោះថ្នាក់ ដោយសារតែទារកមិនអាចទទួលបានអាហារូបត្ថម្ភ ជាពិសេសអុកស៊ីសែនតែម្តង៕