ទឹកភ្លោះ គឺជាអង្គធាតុរាវមួយប្រភេទដែលត្រូវបានបង្កើតឡើងនៅក្នុងថង់ទឹកភ្លោះ។ ថង់ទឹកភ្លោះ បានបង្កើតឡើងចាប់ពីសប្តាហ៍ដំបូងនៃការមានផ្ទៃពោះពោះ ដើម្បីទ្រទ្រង់ការផ្សាំ និងជាកន្លែងផ្ទុកទឹកភ្លោះ នៅពេលទារកកំពុងលូតលាស់។ ទឹកភ្លោះមានប្រភពមកពីច្រើនកន្លែង ប៉ុន្តែភាគច្រើនមកពីទឹកនោមរបស់ទារកមានរហូតដល់ ៥០០មីលីក្រាម ហើយវាក៏ចេញមកពីបំពង់ផ្លូវដង្ហើម និងបំពង់រំលាយអាហារផងដែរ។ ជាគោលការណ៍បរិមាណទឹកភ្លោះមានច្រើន នៅពេលដែលថង់ទឹកភ្លោះត្រូវបានពង្រីកខ្លួនកាន់តែធំ។
បរិមាណទឹកភ្លោះអាចផ្លាស់ប្តូរទៅតាមពេលវេលា ដែលជួនកាលកើនឡើង និងថយចុះអាស្រ័យទៅលើការលូតលាស់របស់ទារក។ ជាលទ្ធផលបរិមាណទឹកភ្លោះទាក់ទងទៅនឹងអាយុរបស់ទារកដូចខាងក្រោម៖
១.នៅពេលទារកមានអាយុ ១២សប្តាហ៍ បរិមាណទឹកភ្លោះកើនឡើងជាមធ្យម ៥០មីលីលីត្រ។
២.នៅពេលទារកមានអាយុ ១៦សប្តាហ៍ បរិមាណទឹកភ្លោះកើនឡើងជាមធ្យម ពី១០០ ទៅ ២០០មីលីលីត្រ។
៣.នៅពេលទារកមានអាយុ ៣៦ទៅ៣៨សប្តាហ៍ បរិមាណទឹកភ្លោះកើនឡើងជាមធ្យម ១,០០០មីលីលីត្រ។
៤.នៅពេលជិតសម្រាល ទារកមានអាយុ ៤២សប្តាហ៍ បរិមាណទឹកភ្លោះបានថយចុះ។
អត្ថប្រយោជន៍នៃទឹកភ្លោះ
១.ជួយឲ្យទារកធ្វើចលនាបានល្អនៅក្នុងផ្ទៃ រួមទាំងការលូតលាស់ឆ្អឹងដែលមកពីការធ្វើចលនាបានដោយសេរី។
២.ជារបាំងការពារ មិនឲ្យទារកប៉ះទង្គិចពីមជ្ឈដ្ឋានខាងក្រៅ។
៣.រក្សាសីតុណ្ហភាពខាងក្នុង និងសម្របសម្រួលសម្រាប់ទារក។
៤.ទឹកភ្លោះអាចជួយឲ្យយើងដឹងថាទារកមានសុខភាពល្អ ឬមានភាពមិនប្រក្រតី។
ទាំងនេះគឺជាគុណសម្បត្តិនៃទឹកភ្លោះ ហេតុនេះហើយទើបគ្រូពេទ្យណែនាំឲ្យអ្នកម្តាយមានផ្ទៃពោះទៅពិនិត្យសុខភាពជាប្រចាំ ដើម្បីត្រួតពិនិត្យមើលបរិមាណទឹកភ្លោះផងដែរ៕