អាហារប្រចាំត្រីមាសនីមួយៗ ដែលស្ត្រីមានផ្ទៃពោះត្រូវទទួលទាន

0
1

អ្នកណាថាការជ្រើសរើសរបបអាហារពេលមានផ្ទៃពោះមិនសំខាន់? អាហារគឺជារឿងដំបូងគេបង្អស់ដែលអ្នកម្តាយត្រូវយកចិត្តទុកដាក់ ព្រោះវាមិនត្រឹមតែផ្តល់ប្រយោជន៍ដល់ខ្លួនឯងនោះទេ សូម្បីតែកូនមិនទាន់កើតក៏ទទួលបានប្រយោជន៍ដូចគ្នា។ តាមការស្រាវជ្រាវបានបង្ហាញថា ការជ្រើសរបបអាហារបានត្រឹមត្រូវ គឺជាកត្តាសំខាន់ក្នុងការលូតលាស់ និងការអភិវឌ្ឍរបស់ទារកនៅដំណាក់កាលនីមួយៗនៃការមានផ្ទៃពោះ។

ហេតុនេះដើម្បីបំពេញតម្រូវការរបស់ខ្លួនឯង និងកូនមិនទាន់កើតឲ្យបានត្រឹមត្រូវ អ្នកម្តាយគួរទទួលទានសារធាតុចិញ្ចឹមឲ្យបានគ្រប់គ្រាន់ទៅតាមត្រីមាសនីមួយៗនៃការមានផ្ទៃពោះ។

១.នៅត្រីមាសទី១(១ដល់៣ខែ)

ក្នុងត្រីមាសទី១ អ្នកម្តាយអាចមានអាការៈចាញ់ ហេតុនេះត្រូវតែទទួលបានសារធាតុចិញ្ចឹមគ្រប់គ្រាន់ តាមរយៈការបរិភោគតិចៗ តែឲ្យបានញឹកញាប់ពេញមួយថ្ងៃ។ ជៀសវាងអាហារដែលមានក្លិនខ្លាំង ឬអាហារចៀន តែត្រូវផ្តោតសំខាន់ទៅលើអាហារដែលមានផ្ទុកប្រូតេអ៊ីន(សាច់ ទឹកដោះគោ ស៊ុត និងគ្រាប់ធញ្ញជាតិ…) ព្រោះវាសម្បូរសារធាតុចិញ្ចឹមដែលស្ត្រីមានផ្ទៃពោះនៅត្រីមាសទី១ត្រូវការខ្វះមិនបាន។ តែប្រសិនបើកង្វះសារធាតុចិញ្ចឹមវិញនោះ វានឹងប៉ះពាល់ដល់ការលូតលាស់របស់ទារក រួមទាំងការអភិវឌ្ឍខួរក្បាល។

កាល់ស្យូម ជាសារធាតុសំខាន់ដែលជួយជំរុញដល់ការលូតលាស់ឆ្អឹង ហេតុនេះអ្នកម្តាយគួរតែទទួលទានឲ្យបានច្រើន។ សារធាតុនេះត្រូវបានគេរកឃើញនៅក្នុងសាច់ ស៊ុត និងថ្លើម។

អាស៊ីតហ្វូលិក ដែលមាននៅក្នុងបន្លែស្លឹកបៃតង គឺជាសារធាតុចិញ្ចឹមចាំបាច់មួយទៀតសម្រាប់អ្នកម្តាយ ព្រោះវាជាអ្នកទទួលខុសត្រូវក្នុងការបង្កើតកោសិកាខួរក្បាលចំពោះទារកមិនទានកើត។

ក្រៅពីនេះជាតិដែកក៏សំខាន់ដែរ ប្រសិនបើខ្វះសារធាតុមួយនេះអ្នកម្តាយនឹងមានភាពស្លេកស្លាំង ហើយប៉ះពាល់ដល់ការអភិវឌ្ឍខួរក្បាលរបស់ទារកផ្ទាល់។ ដូច្នេះសូមព្យាយាមទទួលទានអាហារដែលសម្បូរជាតិដែក ឬលេបថ្នាំគ្រាប់ជាតិដែកតាមការណែនាំរបស់គ្រូពេទ្យ។

២.ត្រីមាសទី ២(៤ដល់៦ខែ)

ក្នុងអំឡុងពេលនេះ រាងកាយចាប់ផ្តើមសម្របខ្លួនទៅនឹងការផ្លាស់ប្តូរបានច្រើន ហើយប្រព័ន្ធខាងក្នុងបានចាប់ផ្តើមដំណើរការល្អជាងមុន។ បន្ទាប់ពីការផ្លាស់ប្តូរដើម្បីផ្ទុកសមាជិកថ្មី ក្នុងអំឡុងពេលនេះអ្នកម្តាយគួរតែញ៉ាំអាហារដែលមានផ្ទុកសារធាតុចិញ្ចឹមឲ្យបានគ្រប់គ្រាន់ ដើម្បីជួយដល់ការលូតលាស់ ការអភិវឌ្ឍ ក៏ដូចជារាងកាយឲ្យមានសុខភាពល្អ។

របបអាហារដែលអ្នកម្តាយគួរយកចិត្តទុកដាក់ក្នុងការទទួលទាន គឺអាហារដែលសម្បូរជាតិដែក វីតាមីន និងកាល់ស្យូម។ ម្យ៉ាងទៀតអ្នកគួរតែគ្រប់គ្រងការឡើងទម្ងន់ដោយយោងទៅតាមសមាមាត្រនៃរាងកាយ ជាមធ្យមក្នុងអំឡុងពេលនេះអ្នកគួរតែឡើងទម្ងន់កន្លះគីឡូក្រាមក្នុងមួយសប្តាហ៍ ឬ២គីឡូក្នុងមួយខែ។ រាងកាយប្រើថាមពលបន្ថែម ៣០០កាឡូរីក្នុងមួយថ្ងៃ។

៣.ត្រីមាសទី៣ (៧ដល់៩ខែ)

អំឡុងពេលនេះ រាងកាយរបស់អ្នកត្រូវការថាមពល និងប្រូតេអ៊ីនដូចត្រីមានទី២ដែរ ប៉ុន្តែត្រូវប្រយ័ត្នចំពោះការវិវត្តទៅជាជំងឺទឹកនោមផ្អែម។ ប្រសិនបើមានភាពមិនប្រក្រតីជាប្រចាំ​សូមប្រញាប់ទៅជួបគ្រូពេទ្យភ្លាម។

ការជ្រើសរើសរបបអាហារបានត្រឹមត្រូវ អាចជួយរក្សារាងកាយរបស់អ្នក និងកូនមិនទាន់កើតឲ្យមានសុខភាពល្អ ជៀសឆ្ងាយពីបញ្ហាមិនប្រក្រតីមួយចំនួនបាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here