អ្នកម្តាយជាច្រើនតែងតែមានភាពភ័យខ្លាចក្នុងពេលមានផ្ទៃពោះ ហើយភាពភ័យខ្លាចនោះនឹងកើតមានកាន់តែខ្លាំងឡើងនៅពេលថ្ងៃសម្រាលកាន់តែខិតជិតមកដល់។
អំឡុងពេលនេះអ្នកម្តាយតែងតែគិតថា តើពេលសម្រាលខ្ញុំមានការឈឺចាប់កម្រិតណា? តើសុខភាពកូនខ្ញុំល្អឬអត់? តើដំណាក់កាលសម្រាលខ្ញុំ និងកូនមានគ្រោះថ្នាក់ឬទេ? ជាពិសេសភាពភ័យខ្លាចមួយនេះកើតឡើងចំពោះអ្នកម្តាយដំបូង។ ភាពភ័យខ្លាចអាចបណ្តោលឲ្យអ្នកម្តាយមួយចំនួនគេងមិនលក់ បរិភោគអាហារច្រើនពេក ឬតិចពេក លើសឈាម ឈឺក្បាល ប្រព័ន្ធភាពស៊ាំចុះខ្សោយ ហើយអាចបណ្តោលឲ្យទារកកើតមកមានទម្ងន់ស្រាល។
តែទោះជាយ៉ាងណាភាពភ័យខ្លាចអាចដោះស្រាយបាន ប្រសិនបើអ្នកម្តាយព្យាយាមអនុវត្តដូចខាងក្រោម៖
១.ដោះស្រាយជាមួយនឹងការឈឺចាប់
នេះជាបញ្ហាសំខាន់ណាស់ ដែលធ្វើឲ្យអ្នកម្តាយមានការភ័យខ្លាចយ៉ាងខ្លាំង ជាពិសេសក្នុងពេលមានផ្ទៃពោះលើកទីមួយ។ ប៉ុន្តែអ្នកម្តាយអាចរៀនពីវិធីធ្វើលំហាត់ប្រាណដកដ្ហើមឲ្យបានត្រឹមត្រូវ ឬពិគ្រោះជាមួយនឹងគ្រូពេទ្យជំនាញ ដើម្បីស្វែងយល់ពីវិធីបន្ធូរបន្ធយការឈឺចាប់ក្នុងពេលសម្រាលកូន។ ពេលដឹងពីវិធីកាត់បន្ថយការឈឺចាប់ពីអ្នកជំនាញភ្លាម អ្នកម្តាយច្បាស់ជាមានអារម្មណ៍ល្អប្រសើរឡើងវិញ។
២.ស៊ូទ្រាំនឹងវិធីសាស្ត្រសម្រាល
អ្នកម្តាយជាច្រើនមានការភ័យខ្លាចអំពីការឈឺចាប់ ដែលពួកគេនឹងជួបប្រទេះអំឡុងពេលសម្រាល រហូតមានអ្នកខ្លះម្រេចចិត្តជ្រើសរើសវិធីវះកាត់ទៅវិញ ដើម្បីបន្ថយភាពឈឺចាប់។ ទោះជាយ៉ាងណាប្រសិនបើអ្នកម្តាយមានសុខភាពល្អ គួរតែតែជ្រើសការសម្រាលដោយធម្មជាតិ ដោយផ្អែកទៅលើការលួងលោមផ្ទាល់ខ្លួនរបស់អ្នកវាប្រសើរជាង។
៣.ដោះស្រាយជាមួយស្ថានភាពប្រថុយប្រថាន
អ្នកប្រហែលជាមានការព្រួយបារម្ភអំពីបញ្ហាសុខភាពរបស់ខ្លួនឯង ឬព្រឹត្តិការណ៍ដែលអាចកើតឡើងក្នុងពេលសម្រាលកូន។ តែតាមពិតអត្រានៃការកើតហានិភ័យផ្សេងៗ គឺកម្រណាស់ ប្រសិនបើអ្នកធ្វើការតាមដានសុខភាពជាមួយអ្នកជំនាញបានទៀងទាត់ និងរក្សាខ្លួនបានល្អនោះ។ ប្រសិនបើអ្នកធ្វើបែបនេះបាន អ្នកប្រាដកជាជឿជាក់លើខ្លួនឯង ហើយមិនសូវភ័យខ្លាចចំពោះបញ្ហាឡើយ។
៤.ដោះស្រាយជាមួយអ្នកនៅជុំវិញខ្លួន
មនុស្សដែលនៅជិតអ្នក ឬបរិស្ថានជុំវិញអ្នក ក៏ជាផ្នែកមួយសំខាន់ដែរ ព្រោះមនុស្សខ្លះចាំជួយលើកទឹកចិត្តអ្នក តែមានអ្នកខ្លះអាចបំភ័យអ្នកបន្ថែមទៀត។ យកល្អ កុំមើលវីដេអូ ឬរូបភាពសម្រាលកូន ដែលអាចធ្វើឲ្យអ្នកមានអារម្មណ៍ភ័យខ្លាច ហើយជៀសវាងធ្វើការពិភាក្សាអំពីបទពិសោធន៍កំណើតដែលបាក់ទឹកចិត្ត ឬភ័យខ្លាច។ ផ្ទុយទៅវិញអ្នកត្រូវធ្វើសមាធិដកដង្ហើមចេញចូល ឬធ្វើលំហាត់ប្រាណតាមការណែនាំរបស់គ្រូពេទ្យ។ ប្រសិនបើអ្នកធ្វើបែបនេះ អ្នកនឹងទទួលបានសុខភាពល្អទាំងផ្លូវកាយ និងផ្លូវចិត្ត។
អ្នកត្រូវចងចាំជានិច្ចថា កំណើតរបស់កូនមិនគួរឲ្យខ្លាចដូចអ្វីដែលអ្នកកំពុងតែព្រួយបារម្ភនោះទេ តែនៅពេលដែលអ្នកបានលឺសំលេងកូនយំដំបូង អ្នកច្បាស់ជាមានអារម្មណ៍រំភើបបំផុត ភាពឈឺចាប់ទាំងឡាយក៏រលាយបាត់អស់ដែរ៕