មុន គឺជាបញ្ហាទូទៅមួយដែលតែងតែកើតឡើងចំពោះស្ត្រីមានផ្ទៃពោះស្ទើរតែគ្រប់រូប ដោយសារតែការផ្លាស់ប្តូរអ័រម៉ូននៅក្នុងរាងកាយ។ គ្រាន់តែអ្នកម្តាយខ្លះកើតមុនច្រើន ហើយខ្លះទៀតកើតមុនតិចប៉ុណ្ណោះ។ ដូច្នេះនៅពេលកើតមុន តើស្ត្រីមានផ្ទៃពោះអាចចាក់ថ្នាំបានដែរឬទេ?
ចំពោះការព្យាបាលមុនលើស្ត្រីមនាផ្ទៃពោះ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់បំផុត ជាពិសេសថ្នាំព្យាបាលមុនជាទូទៅក្នុងក្រុមអាស៊ីតវីតាមីន A ឬ retinoids។ មិនថាត្រូវព្យាបាលដោយលាបនៅលើផ្ទៃមុខ ឬលេបនោះទេ ស្ត្រីមានផ្ទៃពោះគួរតែជៀសវាង ព្រោះវាអាចបង្កគ្រោះថ្នាក់ដល់ទារកមិនទាន់កើត ដូចជាបណ្តោលឲ្យទារកខូចទ្រង់ទ្រាយ។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើស្ត្រីចង់ប្រើថ្នាំកម្ចាត់មុន គួរតែប្រើមុនពេលមានគំរោងចង់បានកូន ឬឈប់ប្រើមុនពេលយកកូន ១ខែ ដើម្បីជៀសវាងផលអាក្រក់ដល់ទារក។
ប៉ុន្តែក្នុងករណីចាក់ថ្នាំមុន គេច្រើនតែចាក់ក្នុងកម្រិតតិចតួចដើម្បីកាត់បន្ថយការរលោកនៅតំបន់មុន។ ថ្នាំចាក់ភាគច្រើនគឺជាថ្នាំ ស្តេសរ៉ូអ៊ីត(steroids) និងថ្នាំស្ពឹក (anesthetics) ដែលគ្លិនិចមិនបានរាយការណ៍ឲ្យច្បាស់លាស់ពីគ្រោះថ្នាក់ដល់ការមានផ្ទៃពោះទេ។ ទោះជាយ៉ាងណាក៏ដោយ វាអាចចាក់បាន ប៉ុន្តែគួរស្ថិតនៅក្រោមការវាយតម្លៃរបស់វេជ្ជបណ្ឌិត ឬត្រូវពិគ្រោះជាមួយវេជ្ជបណ្ឌិតជាមុន ដើម្បីសុវត្ថិភាព។
អ្នកដឹងហើយថា ការព្យាបាលមុនចំពោះអ្នកម្តាយមានផ្ទៃពោះ គឺជាបញ្ហាដែលត្រូវប្រុងប្រយ័ត្ន ហើយមិនគួរប្រើប្រាស់ថ្នាំតាមចិត្តឯងនោះទេ ព្រោះវាបង្កគ្រោះថ្នាក់ដល់ទារកមិនទាន់កើត។ ទោះជាយ៉ាងណា ស្ត្រីមានផ្ទៃពោះទាំងឡាយប្រសិនបើកើតមុនគួរតែព្យាយាមព្យាបាលដោយធម្មជាតិ តែបើករណីធ្ងន់ធ្ងរគួរតែទៅពិគ្រោះជាមួយអ្នកជំនាញទើបប្រសើរ៕