បញ្ហាកកឈាម តែងតែកើតមានឡើងចំពោះមនុស្សដែលចូលចិត្តញ៉ាំអាហារដែលសម្បូរជាតិកូលេស្តេរ៉ុលខ្ពស់ ឬអ្នកដែលចូលចិត្តអង្គុយយូរៗគ្មានចលនា។ ចំពោះស្ត្រីដែលកំពុងតែពពោះកងាយនឹងប្រឈមបញ្ហានេះដូចគ្នា។
មានកត្តាមួយចំនួនដែលអាចបង្កភាពងាយស្រួលដល់ការកកឈាមសម្រាប់ស្ត្រីមានផ្ទៃពោះ ព្រោះនៅពេលស្បូនរីកកាន់តែធំ វានឹងសង្កត់ទៅលើសរសៃឈាមធំនៅផ្នែកខាងស្តាំង ដែលធ្វើឲ្យឈាមពាក់កណ្តោលនៃរាងកាយមិនអាចដឹកជញ្ជូនត្រឡប់ទៅបេះដូងវិញ។
បញ្ហានេះទំនងជាកើតមានចំពោះស្ត្រីមានផ្ទៃពោះចាប់ពី ៥ខែ ឬជាញឹកញាប់នៅត្រីមាសទី៣។ ដោយសារតែស្បូនចាប់ផ្តើមរីកមាឌ និងមានឱកាសសង្កត់លើសរសៃឈាមកាន់តែងាយស្រួល។ នៅពេលដែលសរសៃឈាមត្រូវបានសង្កត់ រួមផ្សំជាមួយនឹងទម្លាប់របស់អ្នកម្តាយចូលចិត្តអង្គុយច្រើន ដើរតិច គេងយូរៗទៀតនោះ សរសៃឈាមកាន់តែងាយរងនូវការសង្កត់ ដែលបណ្តោលឲ្យឈាមហូរយឺត។ ដូច្នេះឱកាសនៃការកកឈាមមានច្រើនជាងមនុស្សទូទៅរហូតដល់ ៥ទៅ៦ដង។
តើជំងឺកកឈាមមានគ្រោះថ្នាក់កម្រិតណា?
ការកកឈាម គឺជាការកើតមានដុំឈាមនៅក្នុងសរសៃឈាមនៅត្រង់តំបន់ណាមួយ ដែលរារាំងមិនឲ្យឈាមអាចហូរទៅកាន់ផ្នែកផ្សេងៗបាន។ ប្រសិនបើការកកស្ទះឈាមកើតមានឡើងនៅក្នុងសួត នឹងធ្វើឲ្យខ្វះអុកស៊ីសែន ហើយឱកាស ១២ទៅ១៥ភាគរយ គឺស្លាប់ភ្លាមៗ។
ប្រសិនបើកំណក់ឈាមកើតនៅតំបន់ជើង វានឹងធ្វើឲ្យហើមជើង ប៉ុន្តែពិបាកក្នុងការកត់សំគាល់ណាស់។ ដោយសារតែម្តាយមានផ្ទៃពោះមួយចំនួន កើតមានបញ្ហាហើមជើងស្រាប់។
ស្ត្រីមានផ្ទៃពោះដែលប្រឈមនឹងជំងឺកកឈាម គឺមានអាយុលើសពី ៤០ឆ្នាំ ស្ត្រីដែលខ្វះវីតាមីន Cក្នុងរាងកាយ ស្ត្រីដែលមានប្រវត្តិកើតបញ្ហាកំណក់ឈាម ឬធ្លាប់មានកំណកឈាមក្នុងសួត មានហានិភ័យខ្ពស់។
ដូច្នេះប្រសិនបើអាចធ្វើបាន អ្នកគួរតែទៅពិគ្រោះជាមួយគ្រូពេទ្យជាមុនសិន ដើម្បីបង្ការកុំឲ្យមានជំងឺកកឈាមកើតមានឡើងអំឡុងពេលពពោះ៕