ទឹកភ្លោះ គឺជាសារធាតុដ៏សំខាន់បំផុត ដែលមានតួនាទីជាខែការពារទារកមិនឲ្យមានការប៉ះទង្គិចពីផ្ទៃខាងក្រៅ ជួយឲ្យឆ្អឹង និងសាច់ដុំទារកអភិវឌ្ឍដោយឯករាជ្យ។ ក្រៅពីជួយឲ្យទារកធ្វើចលនាដោយសេរី វាក៏អាចជួយរក្សាសីតុណ្ហភាពទារកឲ្យមានស្ថិរភាព និងជួយឲ្យការសម្រាលកូនបានស្រួលផងដែរ។
ទោះជាយ៉ាងណា ប្រសិនបើការផលិតទឹកភ្លោះមានកម្រិតតិច ឬអត់មានសោះ តើវាអាចបង្កគ្រោះថ្នាក់អ្វីខ្លះដល់ទារក?
សុវត្ថិភាពរបស់ទារក អាស្រ័យទៅលើទឹកភ្លោះ ក៏ប៉ុន្តែប្រសិនបើទឹកភ្លោះមានតិច ឬគ្មានសោះ ទងសុកត្រូវបានបង្រួមតូច ហើយសារធាតុចិញ្ចឹម និងអុកស៊ីសែនដែលត្រូវបញ្ចូនទៅកាន់ទារកមានការខ្វះខាត។ នេះហើយជាមូលហេតុដែលធ្វើឲ្យទារកមានការលូតលាស់យឺតយ៉ាវ ឬ ទារកអាចស្លាប់នៅក្នុងផ្ទៃ។ បើទោះបីជាទារកអាចមានជីវិតរហូតដល់គ្រប់ខែ ប៉ុន្តែការសម្រាលអាចជួបផលលំបាកខ្លាំង ដោយសារតែគ្មានទឹកភ្លោះជួយរំអិលទារកឲ្យឆាប់ចេញមកខាងក្រៅ។ ម្យ៉ាងវិញទៀតពេលនៅក្នុងផ្ទៃ ទារកមិនអាចធ្វើចលនាដោយសេរីបាននោះទេ ហើយទារកអាចប្រឈមនឹងប្រឈមនឹងការប៉ះទង្គិចពីផ្ទៃខាងក្រៅ ឬឆ្លងមេរោគផ្សេងៗបានយ៉ាងងាយ។
ដូច្នេះ ការថែទាំសុខភាពមុនពេលសម្រាលចាប់ពីត្រីមាសទី១នៃការមានផ្ទៃពោះ គឺជាមធ្យាបាយដ៏សំខាន់បំផុត ជាពិសេសការពិនិត្យមើលភាពមិនប្រក្រតីនៃបរិមាណទឹកភ្លោះ។ មិនតែប៉ុណ្ណោះ ក្នុងអំឡុងពេលត្រីមាសចុងក្រោយនៃការមានផ្ទៃពោះ អ្នកនឹងត្រូវការកាឡូរីប្រហែលជា ២០០កាឡូរីបន្ថែមទៀតក្នុងមួយថ្ងៃ។ អ្នកគួរតែទទួលទានអាហារដែលមានជាតិប្រូតេអ៊ីនខ្ពស់ ដូចជាទឹកដោះគោ ស៊ុត សាច់ ត្រី បន្លែ និងផ្លែឈើផងដែរ ដើម្បីទទួលបានសារធាតុចិញ្ចឹមសំខាន់ៗសម្រាប់ការត្រៀមបំបៅកូនដោយទឹកដោះ បន្ទាប់ពីសម្រាលកូន៕