អំឡុងពេលមានផ្ទៃពោះ ស្ត្រីតែងតែមានការឈឺចុកចាប់តាមតាមសាច់ដុំ ដោយសារតែការផ្លាស់ប្តូរអ័រម៉ូនក្នុងរាងកាយ។ ជាពិសេសនៅចុងបញ្ចប់នៃត្រីមាសទី២ និងទី៣ ការឈឺខ្នង ចង្កេះ និងជើង ក៏ចាប់ផ្តើមកើតឡើងដែរ នេះដោយសារតែក្បាលពោះកាន់តែធ្ងន់បន្តិចម្តងៗ។
ទោះជាយ៉ាងណាអាការៈឈឺចាប់មួយនេះអាចកាត់បន្ថយបាន និងភរិយានឹងមានអារម្មណ៍ល្អប្រសើរឡើងវិញ ប្រសិនបើស្វាមីចេះធ្វើការម៉ាស្សា។ ការឈឺចាប់របស់ស្ត្រីមានផ្ទៃពោះភាគច្រើនកើតមាននៅតំបន់ផ្នែកខាងក្រោយ ពីស្មា កញ្ចឹងក ទៅចង្កេះ ពេលខ្លះមានការឈឺចាប់ខ្លាំង សូម្បីតការដើរក៏ឈឺចាប់ដែរ។ លើសពីនេះទៅទៀត ស្ត្រីតែងមានការឈឺចាប់ជើងញឹកញាប់ ឬហើមជើងរហូតមិនអាចដើរបានទៀតផង។ ដូច្នេះបើឃើញភរិយាមានសភាពបែបនេះ ស្វាមីគួរតែអនុវត្តដូចខាងក្រោម៖
១.ឲ្យភរិយា អង្គុយ ឬគេងផ្អៀង ហើយអ្នកត្រូវប្រើដៃម៉ាស្សាខ្នងថ្នមៗពីផ្នែកខាងលើរហូតដល់ចង្កេះ។ ធ្វើបែបនេះដើម្បីឲ្យចរន្តឈាមដំណើរការទៅកាន់ផ្នែកផ្សេងៗបានល្អប្រសើរ។
២.ដោយសារតែលំហូរឈាមទៅកាន់តំបន់ជើងមានភាពយឺតយ៉ាវ ធ្វើឲ្យមានអាការៈឈឺចាប់ និងហើមកើតមានឡើង។ ហេតុនេះស្វាមីគួរតែធ្វើការម៉ាស្សាជើងរបស់ភរិយារៀងរាល់មុនពេលចូលគេង ដើម្បីជួយឲ្យឈាមរត់បានល្អ បំបាត់ការឈឺចាប់ និងហើមផងដែរ។ ក្នុងការម៉ាស្សា ស្វាមីត្រូវប្រើចង្អុលដៃ និងមេដៃម៉ាស្សាថ្នមៗ រាងជារង្វង់ ពីលើរហូតដល់ចុងជើង។ ធ្វើបែបនេះចុះឡើងៗឲ្យបាន ១៥ទៅ២០នាទី ដើម្បីឲ្យលំហូរឈាមរត់បានល្អ។
៣.ក្នុងការម៉ាស្សាស្វាមីគួរតែមានការប្រុងប្រយ័ត្ន ដោយសារទម្ងន់ដៃរបស់អ្នក អាចធ្វើឲ្យភរិយាមានការឈឺចាប់ទៅវិញ។ ម្យ៉ាងវិញទៀតអ្នកមិនត្រូវច្របាច់ដោយប្រើដៃធ្ងន់ពេកនោះទេ ព្រោះវាអាចបណ្តោលឲ្យរលាកសាច់ដុំ ហើយអ្នកក៏មិនគួរម៉ាស្សាពោះ និងត្រគាកដែរ ព្រោះវាអាចជំរុញឲ្យមានការកន្ត្រាក់នៃស្បូន។ ដូច្នេះការម៉ាស្សាគួរតែថ្នមៗ ដើម្បីជួយឲ្យភរិយាមានអារម្មណ៍ធូរស្រាល។
ការម៉ាស្សារបស់ស្វាមី មិនត្រឹមតែធ្វើឲ្យអ្នកម្តាយមានផាសុខភាពនោះទេ សូម្បីតែកូនក្នុងផ្ទៃក៏ដូចគ្នាដែរ។ ការសិក្សាបានរកឃើញថា ការម៉ាស្សាញឹកញាប់ និងជួយឲ្យអ្នកម្តាយសម្រាលកូនបានល្រួល ហើយការនៅក្បែរគ្នានឹងជួយបង្កើនទំនាក់ទំនងរវាងឪពុកម្តាយ និងកូនក្នុងផ្ទៃផងដែរ។
ការម៉ាស្សារបស់ស្វាមី ក៏អាចជួយដោះស្រាយបញ្ហាផ្លូវចិត្តផងដែរ។ ធ្វើឲ្យអារម្មណ៍របស់អ្នកម្តាយមានភាពស្ងប់ស្ងាត់ មិនឆាប់ខឹង និងជំរុញទំនាក់ទំនងរវាងគ្នាឲ្យកាន់តែស្និតស្នាល៕