អ័រម៉ូន គឺជាសារធាតុគីមីដែលរាងកាយផលិតសម្រាប់ធ្វើនិយ័តកម្មមុខងាររបស់សរីរាង្គផ្សេងៗឲ្យនៅធម្មតា។ ដូច្នេះតើអំឡុងពេលមានផ្ទៃពោះតើមានអ័រម៉ូនប៉ុន្មានប្រភេទដែលត្រូវផ្លាស់ប្តូរ? ហើយអ័រម៉ូនទាំងនោះមានតួនាទីសំខាន់អ្វីខ្លះ?
ក្នុងអំឡុងពេលមានផ្ទៃពោះ រាងកាយរបស់ស្ត្រីត្រូវមានការផ្លាស់ប្តូរអ័រម៉ូនសំខាន់ៗ ៤ប្រភេទ៖
១.អ័រម៉ូន Progesterone
វាត្រូវបានផលិតពីអូវែរ ក្នុងអំឡុងពេល ៦ទៅ៨សប្តាហ៍ដំបូង។ បន្ទាប់ពីនោះសុកនឹងធ្វើការផលិតអ័រម៉ូនកាន់តែច្រើនជាងមុន ដើម្បីរៀបចំភ្នាសស្បូន សម្រាប់ការបញ្ចូលអំប្រ៊ីយ៉ុង និងជួយស្តុកជាតិខ្លាញ់ដែលត្រូវប្រើជាប្រភពថាមពល និងអាហារសម្រាប់អ្នកម្តាយ ព្រមទាំងទារកផងដែរ។
២.អ័រម៉ូន Estrogen
វាដើរតួនាទីក្នុងការពង្រឹងជាលិកាផ្សេងៗ ដោយរំញោចឲ្យមានការឡើងក្រាស់នៃស្បូន ដើម្បីអាចឲ្យស៊ុតបង្កកំណើតបាន។ មិនតែប៉ុណ្ណោះវាអាចធ្វើឲ្យជញ្ជាំងទ្វារមាសកាន់តែក្រាស់ និងពង្រីកបានល្អ។
៣.អ័រម៉ូន Human chorionic gonadotropin (hCG)
វាត្រូវបានបង្កើតឡើងពីថង់ទឹកភ្លោះ នៅជាប់នឹងស្បូន ដែលបានកើតឡើងយ៉ាងឆាប់រហ័សនៅលើកដំបូង សម្រាប់បង្កើនការផ្គត់ផ្គង់ឈាមទៅនឹងជញ្ជាំងស្បូនបន្ថែមទៀត ដើម្បីត្រៀមខ្លួនសម្រាប់ការបញ្ចូលអំប្រ៊ីយ៉ុង។
៤.អ័រម៉ូន Human Placental Lactogen (hPL)
វាជាអ័រម៉ូន ដែលអនុញ្ញាតឲ្យរាងកាយរបស់អ្នកម្តាយនាំសារធាតុចិញ្ចឹមដូចជា ប្រូតេអ៊ីន គ្លុយកូស ឆ្លងកាត់ទៅដល់ទារកកាន់តែច្រើន។ លើសពីនេះ វាក៏រួមចំណែកដល់ការរំញោចនៃការផ្លាស់ប្តូរសុដន់ផងដែរ ដើម្បីរៀបចំការផលិតទឹកដោះឲ្យកាន់តែច្រើន។
អ័រម៉ូនទាំងបួនប្រភេទនេះពិតជាមានសារៈសំខាន់ណាស់សម្រាប់ស្ត្រីមានផ្ទៃពោះ ដូច្នេះអ្នកគួរតែព្យាយាមរក្សាវាឲ្យមានស្ថិរភាព៕