មកដឹងពីមូលហេតុ វិធីការពារ និងដំណោះស្រាយ ពេលស្ត្រីមានផ្ទៃពោះឈឺក្បាល

0
1

រោគសញ្ញាមួយក្នុងចំណោមរោគសញ្ញាជាច្រើនដែលតែងតែកើតមានចំពោះស្ត្រីមានផ្ទៃពោះ គឺអាការៈឈឺក្បាល។ ទោះជាយ៉ាងណាប្រសិនបើអ្នកម្តាយដឹងពីវិធីការពារ និងដំណោះស្រាយ ច្បាស់ជាលែងព្រួយបារម្ភចំពោះរោគសញ្ញាមួយនេះទៀតហើយ។

តើមូលហេតុអ្វីដែលបណ្តោលឲ្យស្ត្រីមានផ្ទៃពោះចេះតែឈឺក្បាល?

មូលហេតុ អាចមកពីកត្តាជាច្រើនដូចជា ការផ្លាស់ប្តូរអ័រម៉ូន ការខ្សោះជាតិទឹកភ្លាមៗ ការអស់កម្លាំង ភាពអត់ឃ្លាន ការគេងមិនគ្រប់គ្រាន់ ស្ត្រីមានផ្ទៃពោះដែលមានអាយុច្រើន និងបញ្ហាស្ត្រេស ជាដើម។

បញ្ហាឈឺក្បាលអាចការពារបាន ប្រសិនបើអ្នកម្តាយធ្វើតាមការណែនាំដូចខាងក្រោម៖

១.គេងឲ្យបានគ្រប់គ្រាន់យ៉ាងហោចណាស់ ៨ទៅ១០ម៉ោង ក្នុងមួយថ្ងៃ ជាពិសេសពេលយប់ ព្រោះរាងកាយត្រូវការផលិតអ័រម៉ូនសម្រាប់ជួយសម្រួលរាងកាយពេលមានផ្ទៃពោះ។ ប៉ុន្តែអ្នកក៏ត្រូវមានពេលសម្រាលពេលថ្ងៃខ្លះផងដែរ។

២.ញ៉ាំអាហារឲ្យបានច្រើន តែកុំញ៉ាំជាតិខ្លាញ់ ព្រោះកូននៅក្នុងផ្ទៃត្រូវការចំណីអាហារដែលផ្ទេរពីអ្នក។ អ្នកគួរបរិភោគអាហារដែលសម្បូរជីវជាតិ ហើយកុំទុកពោះឲ្យនៅទទេ ព្រោះវានឹងធ្វើឲ្យកម្រិតជាតិស្ករក្នុងឈាមថយចុះ។ ម្យ៉ាងវិញទៀត អ្នកត្រូវការត្រៀមអាហារសម្រន់ សម្រាប់ពេលស្រេកឃ្លាន។

៣.ព្យាយាមទទួលទានទឹកឲ្យបានច្រើន យ៉ាងហោចណាស់ ២លីត្រក្នុងមួយថ្ងៃ។

៤.ធ្វើលំហាត់ប្រាណស្រាលៗ ដើម្បីជួយឲ្យរាងកាយមានពេលសម្រាក និងពង្រឹងរាងកាយឲ្យកាន់តែរឹងមាំ។

៥.ប្រយ័ត្នកុំធ្វើការផ្លាស់ប្តូរឥរិយាបទ កុំធ្វើការប្រញាប់ប្រញាល់ ដូចជាការអោនចុះ ការក្រោកឈរ ឬដើរលឿនៗពេក។

៦.កាហ្វេគួរតែកាត់បន្ថយបរិមាណបន្តិចម្តងៗ ដោយសារតែការបញ្ឈប់ភ្លាមៗអាចបណ្តោលឲ្យឈឺក្បាលមកពីការដកជាតិកាហ្វេអ៊ីនចេញពីរាងកាយរបស់អ្នកទាំងស្រុង។

ក្នុងករណីដែលអ្នកម្តាយកើតមានអាការៈឈឺក្បាល គួរតែដោះស្រាយតាមវិធីខាងក្រោម៖

១.ត្រូវឲ្យស្វាមីរបស់អ្នកធ្វើការម៉ាស្សាក្បាល ក និងស្មាថ្នមៗ វានឹងធ្វើឲ្យមានអារម្មណ៍ធូស្រាលឡើងវិញ។

២.ព្យាយាមញ៉ាំឲ្យបានទៀងទាត់គ្រប់អាហារ និងផឹកទឹកឲ្យបានច្រើន។

៣.ធ្វើសមាធិ ដើម្បីធ្វើឲ្យចិត្តរបស់អ្នកស្ងប់ស្ងាត់។

៤.គិតតែរឿងវិជ្ជមាន វានឹងជួយឲ្យជីវិតរបស់អ្នក និងកូនមានឥទ្ធិពលវិជ្ជមានដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here