ជាការពិតណាស់ឲ្យតែមានកូនភ្លោះ គូស្នេហ៍ភាគច្រើនមានភាពរីករាយជាខ្លាំង ក៏ប៉ុន្តែក្តីប្រាថ្នាមួយនេះកម្រនឹងបានដូចបំណងណាស់ លុះត្រាតែមានកត្តាគួបផ្សំជាច្រើន រួមទាំងកត្តាហ្សែន និងការទទួលទានរបបអាហារផងដែរ។
តើយើងអាចដឹងថា អ្នកម្តាយកំពុងតែមានកូនភ្លោះបានដោយរបៀបណា? តាមពិតអ្នកអាចដឹងតាមរយៈវិធីងាយៗដូចខាងក្រោម៖
១.អាការៈចាញ់ច្រើនជាងធម្មតា
អាការៈក្អួតចង្អោរច្រើនតែកើតមានឡើងនៅពេលព្រឹក គឺជារឿងធម្មតាសម្រាប់ស្ត្រីមានផ្ទៃពោះទាំងឡាយ ក៏ប៉ុន្តែប្រសិនបើស្ថានភាពកើតមានធ្ងន់ធ្ងរ ហើយអមទៅដោយភាពអស់កម្លាំងខ្លាំង ជាសញ្ញាបញ្ជាក់ថាអ្នកកំពុងតែមានកូនភ្លោះហើយ។
២.ឡើងទម្ងន់នៅត្រីមាសទី១
ក្នុងរយៈពេល៣ខែដំបូង អ្នកម្តាយត្រូវព្យាយាមសង្កេតមើលថា តើអ្នកឡើងទម្ងន់ច្រើនឬទេ? បើធៀបទៅនឹងម្តាយដែលពពោះធម្មតា គឺអ្នកពពោះកូនភ្លោះនឹងមានការឡើងទម្ងន់ច្រើនក្នុងអំឡុងពេលនេះ។
៣.ក្បាលពោះរីកធំតាំងពី៣ខែដំបូង
ជាទូទៅស្ត្រីមានផ្ទៃពោះនឹងឃើញក្បាលពោះអណ្តែតឡើងកាន់តែច្បាស់នៅខែទី៥ ក៏ប៉ុន្តែសម្រាប់អ្នកមានកូនភ្លោះវិញ ក្បាលពោះពួកគេនឹងរីកធំក្នុងអំឡុងពេលខែ៣ដំបូង ហើយមានអារម្មណ៍ថាធ្ងន់ខ្លួនខុសប្រក្រតី។ នេះជាសញ្ញាដែលបង្ហាញថា អ្នកកំពុងតែពពោះកូនភ្លោះពិតប្រាដកណាស់។
៤.ចង្វាក់បេះដូងលោតលឿន
ដោយសារតែទារកនៅក្នុងផ្ទៃមានច្រើន ទើបធ្វើឲ្យបេះដូងរបស់អ្នកម្តាយត្រូវប្រឹងធ្វើការខ្លាំង ដើម្បីបញ្ចូនឈាមទៅកាន់ទារក។ ដូច្នេះបេះដូងអ្នកម្តាយដែលកំពុងពពោះកូនភ្លោះ ត្រូវតែលោតញាប់ជាងអ្នកម្តាយដែលមានកូនតែមួយ។
៥.ទារកក្នុងផ្ទៃមានការរើបំរាស់ច្រើន
នៅពេលទារកមានការរើបំរាស់ម្តងៗ អ្នកម្តាយនឹងមានការអម្មណ៍ថា មានចលនាច្រើន ហើយមានស្ទើរតែគ្រប់កន្លែងនៅក្នុងពោះ។ ជាពិសេសបើនេះមានមិនជាកូនដំបូងទេ អ្នកម្តាយនឹងមានអារម្មណ៍ខុសប្លែកពីគ្នាខ្លាំងរវាងកូនលើកទី១។
ទាំងអស់នេះ គឺជាសញ្ញាដែលបង្ហាញថា ភាគរយច្រើនអ្នកពពោះកូនភ្លោះ ក៏ប៉ុន្តែវាមិនច្បាស់មួយរយភាគរយនោះទេ មានតែរងចាំការពិនិត្យអេកូទេ ទើបច្បាស់លាស់៕