រាងកាយរបស់មនុស្សស្រី មិនអាចនៅដដែលខណៈទារកក្នុងផ្ទៃកំពុងតែលូតលាស់បាននោះទេ គឺវាត្រូវតែសម្របខ្លួនទៅតាមតម្រូវការរបស់ទារកដែលកំពុងតែលូតលាស់ឥឈប់ឈរ។ ការសម្របខ្លួននេះហើយដែលធ្វើឲ្យរាងកាយទាំងមូលហេតុមនុស្សស្រីមានការផ្លាស់ប្តូរ សូម្បីតែអារម្មណ៍ក៏ដូចគ្នាដែរ។
តើពេលមានផ្ទៃពោះរាងកាយមនុស្សស្រីមានការផ្លាស់ប្តូរអ្វីខ្លះ?
១.ក្បាលពោះរីកធំ
ក្នុងត្រីមាសទី១ មិនមានការពង្រីកពោះច្រើននោះទេ ដោយសារតែទារកនៅតូចនៅឡើយ។ តែឈានដល់ត្រីមាសទី២ ទារកមានការលូតលាស់លឿន ពោះរបស់អ្នកម្តាយនឹងធំទៅៗ ហើយអាចមើលឃើញយ៉ាងច្បាស់។ រហូតដល់ត្រីមាសចុងក្រោយ ពោះកាន់តែធំ ធ្វើឲ្យអ្នកម្តាយមានអារម្មណ៍មិនស្រួល និងហត់ជាងមុន។
២.ស្បែកមានការផ្លាស់ប្តូរ
ដោយសារតែអ័រម៉ូន នៅក្នុងខ្លួនកើនឡើងធ្វើឲ្យកោសិកាមានការប្រែប្រួល ទើបធ្វើឲ្យស្បែកប្រែទៅជាខ្មៅ ស្រអាប់ និងមានមុនថែមទៀត។ ប៉ុន្តែក្រោយពេលសម្រាលហើយ អ្វីៗនឹងចាប់ផ្តើមត្រលប់មកសភាពដើមឡើងវិញបន្តិចម្តងៗ។
ក្រៅពីការផ្លាស់ប្តូរស្បែក ស្ត្រីមួយចំនួនក៏កើតមានស្នាមសង្វារផងដែរ ជាពិសេសតំបន់ ភ្លៅ ត្រគាត និងក្បាលពោះ។
៣.ជ្រុះសក់
វាជាបញ្ហាសម្រាប់អ្នកម្តាយដែលស្រឡាញ់សក់ខ្លាំង ព្រោះនៅពេលមានផ្ទៃពោះអ័រម៉ូន Estrogen នឹងកើនឡើងមានកម្រិតខ្ពស់ បណ្តោលសក់អាចជ្រុះមួយរយៈពេល។ ប៉ុន្តែក្រោយសម្រាល បរិមាណអ័រម៉ូនថយចុះត្រលប់មកធម្មតាវិញ សក់របស់អ្នកម្តាយនឹងឈប់ជ្រុះហើយ។
៤.សុដន់រីកធំ
ទឹកដោះ គឺជាជាប្រភពអាហារចម្បងរបស់ទារកនៅពេលទារកចាប់កំណើត។ ហេតុនេះរាងកាយរបស់អ្នកម្តាយនឹងចាប់ផ្តើមត្រៀមលក្ខណៈផលិតទឹកដោះ ដែលធ្វើឲ្យសុដន់ធំ តឹងណែន និងឈឺចាប់។ ដោយសារតែមានការកើនឡើងនូវបរិមាណកោសិកា និងទឹកដោះ ធ្វើឲ្យសុដន់រីកកាន់តែធំជាងមុន រួមទាំងពណ៌ចុងសុដន់ក៏ប្រែជាពណ៌ខ្មៅដែរ។
អាងត្រគាករីកធំជាងមុន
ដោយសារតែទម្ងន់របស់ទារកដាក់បន្ទុកទៅផ្នែកខាងមុខនៃស្បូន បណ្តោលឲ្យរាងកាយបាត់បង់តុល្យភាព ហើយត្រូវពត់ខ្លួនថយក្រោយដើម្បីរក្សាទម្ងន់។ នេះជាមូលហេតុដែលធ្វើឲ្យមានការឈឺចាប់ក្នុងតំបន់អាងត្រគាក និងសន្លាក់នៃឆ្អឹងកងខ្នង។ មិនតែប៉ុណ្ណោះតំបន់អាងត្រគាកចាប់ផ្តើមពង្រីក ដើម្បីធ្វើឲ្យមានភាពងាយស្រួលក្នុងការសម្រាលកូន។ ដូច្នេះស្ត្រីមានផ្ទៃពោះគួរតែធ្វើចលនាយឺតៗ និងធ្វើលំហាត់ប្រាណស្រាលៗ ដើម្បីកាត់បន្ថយការឈឺចាប់។
ការផ្លាស់ប្តូរនេះអាចមានច្រើន ឬតិច អាស្រ័យទៅលើលក្ខណៈរបស់អ្នកម្តាយនីមួយៗ។ ទោះជាយ៉ាងណា ការផ្លាស់ប្តូរកើតឡើងតែក្នុងពេលខ្លីប៉ុណ្នោះ នៅពេលសម្រាលកូនហើយរាងកាយនឹងត្រលប់មកសភាពដើមបន្តិចម្តងៗ៕