អ្នកម្តាយជាច្រើន ប្រហែលជាមានការព្រួយបារម្ភអំពីការផ្លាស់ប្តូរដែលកើតមានឡើងក្នុងពេលមានផ្ទៃពោះ។ អ្នកខ្លះមានការព្រួយបារម្ភខ្លាចកូនមិនប្រក្រតី អ្នកខ្លះខ្លាចបញ្ហាការគេងមិនលក់ អ្នកខ្លះខ្លាចរាងកាយធាត់ជ្រុល ឬការផ្លាស់ប្តូរផ្សេងៗទៀត។
តើក្នុងត្រីមាសទី១ អ្នកម្តាយមានការប្រែប្រួលអ្វីខ្លះ?
១.អ្នកម្តាយខ្លះអាចមានអារម្មណ៍ផ្លាស់ប្តូរយ៉ាងឆាប់រហ័ស សូម្បីតែការមករដូវក៏បាត់ដែរ។ ប៉ុន្តែអ្នកម្តាយទាំងអស់មានការផ្លាស់ប្តូរមិនដូចគ្នាទេ អ្នកខ្លះហាក់ដូចជាមិនមានអ្វីកើតឡើង ហើយអ្នកខ្លះទៀតអាចមានរោគសញ្ញាច្រើន អាស្រ័យទៅលើស្ថានភាពរាងកាយ រួមទាំងកម្រិតអ័រម៉ូនផងដែរ។
២.មានការហូរឈាមតិចតួចចេញពីទ្វារមាស បណ្តលមកពីការផ្សាំអំប្រ៊ីយ៉ុងនៅក្នុងស្រទាប់នៃស្បូន ដែលជាធម្មតាកើតឡើងចន្លោះ ៦ទៅ១២ថ្ងៃ បន្ទាប់ពីការបង្កកំណើត។ អ្នកខ្លះមានអារម្មណ៍ឈឺចាប់នៅត្រង់ផ្នែកខាងក្រោមនេះពោះ តែរោគសញ្ញាទាំងនេះនឹងបាត់ទៅវិញក្នុងរយៈពេល ១ទៅ២ថ្ងៃ។
៣.សុដន់ប្រែក្លាយទៅជាហើម និងតឹង ហើយសរសៃវែនខៀវៗអាចអណ្តែតឃើញច្បាស់។ រោគសញ្ញានេះកើតឡើងនៅចន្លោះ ១ទៅ២សប្តា៍ បន្ទាប់ពីបង្កកំណើត។
៤.ហត់នឿយ ខ្សោយ និងងងុយគេង កើតមានតាំងពីសប្តាហ៍ដំបូងបន្ទាប់ពីបង្កកំណើត។ អ្នកអាចមានអារម្មណ៍ថា ចង្វាក់បេះដូងលោតលឿនជាងមុខ។ ដូច្នេះស្ត្រីគួរតែសម្រាកឲ្យបានច្រើន និងធ្វើលំហាត់ប្រាណស្រាលៗដូចជា ដើររយៈពេល ១៥នាទី ក្នុងមួយថ្ងៃ។
៥.ចង្អោរ និងក្អួត គឺជារោគសញ្ញាទូទៅបំផុត ដែលអាចកើតឡើងក្នុងចន្លោះ ២ទៅ៨សប្តាហ៍បន្ទាប់ពីបង្កកំណើត។ បញ្ហានេះអាចធ្វើឲ្យអ្នកម្តាយគេងមិនលក់ ញ៉ាំមិនសូវបាន ប៉ុន្តែចូលដល់ត្រីមាសទី២ វានឹងធូរស្រាលឡើងវិញ។
៦.បញ្ហាឈឺឆ្អឹងខ្នង កើតមានឡើងដោយសារតែការផ្គត់ផ្គង់ឈាមកើនឡើងដល់តំបន់អាងត្រគាក។ មិនតែប៉ុណ្ណោះ ការកន្ត្រាក់នៃស្បូនកើតឡើងបន្តិចបន្តួចដោយសារតែការផ្សាំក្នុងជញ្ជាំងស្បូន។
៧.ប្រហែលជា ៦ទៅ៨សប្តាហ៍ ស្បូននឹងចាប់ផ្តើមរីកធំរហូតដល់វាសង្កត់លើប្លោកនោម ធ្វើឲ្យអ្នកមានអារម្មណ៍ឈឺចាប់ និងមានការនោមញឹក។
៨.ចុងសុដន់ប្រែពណ៌ទៅជាខ្មៅ ហើយមានអារម្មណ៍ថា មានអ្វីមុតស្រួចនៅជុំវិញចុងសុដន់។
៩.មានចំណង់អាហារខ្លាំង ឬខ្ពើមរអើមនឹងអាហារមួយចំនួន។
១០.មានការកើនឡើងនៃអ័រម៉ូន Progesterone ធ្វើឲ្យចលនាបំពង់អាហារ ក្រពះ និងពោះវៀនដំណើរការយឺត។ ទីបំផុតអ្នកម្តាយអាចមានបញ្ហាទល់លាមក ឬចាល់អាស៊ីតកើតមានឡើង។
១១.វិលមុខ ដោយសារតែការផ្លាស់ប្តូរបរិមាណជាតិទឹកនៅក្នុងរាងកាយ។
១២.មានអារម្មណ៍រំជួលចិត្តច្រើន មិនថាភាពរីករាយ ព្រួយបារម្ភ តានតឹង អត់កម្លាំង គឺកើតឡើងក្នុងពេលតែមួយ៕