ការពពោះកូនភ្លោះមិនមែនជារឿងលេងសើចនោះទេ ព្រោះអ្នកម្តាយត្រូវទទួលបន្ទប់ធ្ងន់ ទាំងការថែទាំសុខភាព និងការទទួលទានរបបអាហារប្រចាំថ្ងៃ មិនដូចស្ត្រីមានផ្ទៃពោះដែលមានកូនតែមួយនោះទេ។ ក្នុងករណីដែលផ្តល់អាហារគ្មានសារធាតុចិញ្ចឹមគ្រប់គ្រាន់ទេ ការលូតលាស់របស់ទារក ច្បាស់ជារងនូវផលប៉ះពាល់ជាមិនខានឡើយ។ ដូច្នេះ ស្ត្រីគួរតែទទួលទានអាហារទាំងនេះប្រចាំថ្ងៃ ដើម្បីទទួលបានសារធាតុចិញ្ចឹមគ្រប់គ្រាន់៖
គ្រាប់ធញ្ញាជាតិ
អ្នកគួរតែទទួលទានគ្រាប់ធញ្ញាជាតិផ្សេងៗ ព្រោះវាសម្បូរទៅដោយវីតាមីន អាស៊ីតខ្លាញ់អូមេហ្គា ៣ និងសារធាតុចិញ្ចឹមដែលល្អបំផុតសម្រាប់អ្នក និងកូនក្នុងផ្ទៃ។
ទឹកដោះគោ
អាហារមួយប្រភេទទៀតដែលស្ត្រីកំពុងតែពពោះកូនភ្លោះត្រូវការខ្វះមិនបាន គឺទឹកដោះគោ ព្រោះវាសម្បូរប្រូតេអ៊ីន វីតាមីន និងកាល់ស្យូម ដែលអាចជួយសម្រួលដល់ការអភិវឌ្ឍឆ្អឹង ទារកឲ្យមានភាពរឹងមាំ។
ស៊ុត
ស៊ុត គឺជាអាហារមួយប្រភេទដែលសម្បូរទៅដោយសារធាតុចិញ្ចឹម ព្រមទាំងសារធាតុរ៉ែសំខាន់ៗ ដែលកូនភ្លោះក្នុងផ្ទៃត្រូវការបំផុតដើម្បីអភិវឌ្ឍ។
បន្លែបៃតង
បន្លែបៃតង ដែលសម្បូរទៅដោយជាតិដែក អាចជួយជំរុញដល់ការអភិវឌ្ឍនៃកោសិកាឈាមក្រហមរបស់កូនភ្លោះ កំពុងតែនៅក្នុងផ្ទៃបានយ៉ាងល្អ។
អាស្រ័យហេតុនេះ អ្នកម្តាយដែលមានកូនភ្លោះ គួរតែព្យាយាមទទួលទានអាហារទាំងប៉ុន្មានៅខាងលើនេះជាប្រចាំ ដើម្បីឲ្យកូនក្នុងផ្ទៃមានសុខភាពល្អ៕