ការឡើងទម្ងន់ស្តង់ដារ ដែលត្រូវបានគេចាត់ទុកថា ល្អបំផុតសម្រាប់ស្ត្រីមានផ្ទៃពោះទាំងឡាយ គឺនៅចន្លោះ ៧ទៅ ១២គីឡូក្រាម នៃសមាមាត្ររាងកាយធម្មតា។ ប៉ុន្តែចំណុចនេះអាចប្រែប្រួលអាស្រ័យទៅលើជីវិតរស់នៅប្រចាំថ្ងៃ ជាពិសេសការឡើងជាតិខ្លាញ់ច្រើន នៅក្នុងរាងកាយតែម្តង។
ការកើនឡើងជាតិខ្លាញ់ ជាតម្រូវការដើម្បីទ្រទ្រង់ពេលសម្រាល និងការបំបៅដោះ។ ក៏ប៉ុន្តែ ស្ត្រីមានផ្ទៃពោះមួយចំនួនតែងមានការឡើងទម្ងន់ជ្រុលអំឡុងពេលមានផ្ទៃពោះ ដែលអាចបង្កផលវិបាកជាច្រើន។
- ធ្វើឲ្យទារកថ្លោសពេកពិបាកក្នុងការសម្រាល
- អ្នកម្តាយឆាប់មានភាពហត់នឿយ
- កើតមានអាការៈឈឺឆ្អឹងខ្នងកាន់តែខ្លាំង
- ប្រសិនបើសម្រាលដោយវះកាត់ មុខរបួសអាចមានការជាសះស្បើយយឺត
- មានហានិភ័យកើតជំងឺទឹកនោមផ្អែម
- ប្រឈមនឹងជំងឺសរសៃឈាមបេះដូង និងបេះដូង
- អាចវិវត្តទៅរកជំងឺឬសដូងបាត ក្រោយពេលឆ្លងទន្លេរួច។
ទោះជាយ៉ាងណា អ្នកម្តាយមិនត្រូវប្រើវិធីសម្រាកទម្ងន់អំឡុងពេលនេះឡើយ ព្រោះវាអាចធ្វើឲ្យខ្វះអាហារូបត្ថម្ភ និងមានហានិភ័យនៃការរលូតកូន។
ដូច្នេះមធ្យាបាយដែលល្អបំផុត គឺអ្នកម្តាយមានផ្ទៃពោះគួរតែអនុវត្តដូចខាងក្រោម៖
១.ត្រូវព្យាយាមទទួលទានអាហារធម្មជាតិ ហើយជៀសវាងអាហារកំប៉ុង។
២.គួរទទួលទានអាហារថាមពលបន្ថែម ៥០០កាឡូរីក្នុងមួយថ្ងៃ ដើម្បីបំពេញតម្រូវការរាងកាយ និងការលូតលាស់របស់ទារក។
៣.ញ៉ាំឲ្យញឹកញាប់ ប៉ុន្តែញ៉ាំតិចៗ ៥ទៅ៦ដងក្នុងមួយថ្ងៃ ព្រោះប្រព័ន្ធរំលាយអាហារត្រូវចំណាយពេលយូរក្នុងការរំលាយ៕