ធុញនឹងបញ្ហាទល់លាមកពេលមានផ្ទៃពោះមែនទេ? ធ្វើតាមអនុសាសន៍ទាំងនេះអាចកាត់បន្ថយបាន

0
1

ទល់លាមក ត្រូវបានគេចាត់ទុកជាបញ្ហាទូទៅមួយ ដែលតែងតែកើតឡើងចំពោះស្ត្រីក្នុងអំឡុងពេលមានផ្ទៃពោះ។ ជាពិសេស ប្រសិនបើអ្នកម្តាយមិនបានទទួលជាតិដែក ឬជាតិកាល់ស្យូមពីរបបបានគ្រប់គ្រាន់ទេ បញ្ហាទល់លាមកនឹងកើតមានឡើង។

ក្នុងករណីទាំងអស់នៃការទល់លាមក អ្វីដែលអ្នកម្តាយត្រូវយល់ គឺមិនគួរទិញថ្នាំមកលេបដើម្បីដោះស្រាយបញ្ហានោះទេ។ ដោយសារតែការប្រើប្រាស់ថ្នាំ ត្រូវតែស្ថិតនៅក្រោមការណែនាំពីវេជ្ជបណ្ឌិត ទើបមានសុវត្ថិភាពបំផុតសម្រាប់ម្តាយមានផ្ទៃពោះ។

ទោះជាយ៉ាងណា បញ្ហាទល់លាមក អាចដោះស្រាយដោយមិនចាំបាច់ប្រើថ្នាំបាន​៖

១.នៅពេលបរិភោគអាហារ អ្នកម្តាយគួរបរិភោគយឺតៗ ហើយទំពារឲ្យបានម៉ត់មុននឹងលេបចូលពោះ ដើម្បីជួយសម្រួលដល់ប្រព័ន្ធរំលាយអាហារកុំឲ្យមានបន្ទុកខ្លាំងពេក។

២.ធ្វើលំហាត់ប្រាណស្រាលៗ ដូចជាដើររយៈពេល ១០ទៅ១៥នាទីនៅពេលព្រឹក។ នៅពេលត្រលប់មកវិញអង្គុយឲ្យស្រួលខ្លួន ហើយផឹកទឹកក្តៅឧណ្ឌៗមួយកែវ។

៣.ព្យាយាមទទួលទានបន្លែ និងផ្លែឈើស្រស់ៗ ដើម្បីបន្ថែមជាតិសរសៃឲ្យបានច្រើន។

៤.ផឹកទឹកឲ្យបានច្រើន វានឹងជួយឲ្យកាកសំណល់អាហារឆ្លងកាត់នៅក្នុងពោះវៀនបានស្រួល។

៥.ទទួលទានគ្រាប់ធញ្ញជាតិដូចជា អង្ករសំរូប សណ្តែក… ដែលជាក្រុមអាហារអាចជួយជំរុញឲ្យប្រព័ន្ធរំលាយអាហារដំណើរការកាន់តែប្រសើរ។

៦.គេងឲ្យបានគ្រប់គ្រាន់ ហើយធ្វើចិត្តឲ្យសប្បាយរីករាយ ក៏ជាវិធីកាត់បន្ថយបញ្ហាទល់លាមកដែរ។

ទោះជាយ៉ាងណា ប្រសិនបើអ្នកម្តាយមានបញ្ហាទល់លាមកញឹកញាប់ មានស្លេស ឬឈាម លាយលាមក ត្រូវប្រញាប់ទៅពិគ្រោះជាមួយគ្រូពេទ្យភ្លាម ដើម្បីពិនិត្យរកមើលរោគសញ្ញាឲ្យច្បាស់៕

LEAVE A REPLY

Please enter your comment!
Please enter your name here