អ្នកម្តាយរូបណាក៏មានអារម្មណ៍រីករាយដែរ នៅពលេឃើញកូនក្នុងផ្ទៃចេះកម្រើក ឬធាក់ពោះម្តងៗ។ នេះជារឿងទូទៅដែលកើតឡើងចំពោះស្ត្រីមានផ្ទៃពោះគ្រប់រូប ព្រោះវាបញ្ជាក់ថា កូនក្នុងផ្ទៃមានសុខភាពល្អ ហើយជាធម្មតាទារកចាប់ផ្តើមចេញកម្រើកនៅពេលពួកគេមានរូបរាងពេលលេញ។
ទារកចាប់ផ្តើមចេះកម្រើកតាំងពីអាយុ ៧សប្តាហ៍មកម្ល៉េះ ប៉ុន្តែយើងមិនអាចមើលដឹងនោះទេ ដោយសារតែពួកគេនៅតូចពេក។ រហូតដល់ការវិវត្តឈានដល់សប្តាហ៍ទី ១៨ ទៅទី ២០ ទើបអ្នកម្តាយអាចដឹងដោយខ្លួនឯង។
ប៉ុន្តែប្រសិនបើទារកក្នុងផ្ទៃមិនសូវកម្រើកវិញនោះ តើជាសញ្ញាគ្រោះថ្នាក់មែនទេ?
ជាធម្មតាទារកចាប់ផ្តើមកម្រើកខ្លាំង ហើយទៀងទាត់នៅចន្លោះសប្តាហ៍ទី២០ ទៅទី ២៣ គឺប្រមាណជា ២០០ដងក្នុងមួយសប្តាហ៍។ តែប្រសិនបើទារក មានចលនាតិច គឺជាសញ្ញាបង្ហាញថា ទារកកំពុងតែមានបញ្ហាសុខភាព ឬមានគ្រោះថ្នាក់ដូចជា ដំណើរការខុសប្រក្រតីនៃប្រព័ន្ធសរសៃប្រសាទកណ្តោល ខ្វះអុកស៊ីសែន ឬសុកដំណើរការមិនល្អ មិនអាចផ្ទេរចំណីអាហារ ឬអុកស៊ីសែនតាមតម្រូវការរបស់ទារកបានទេ។
ដូច្នេះអ្នកម្តាយនឹងមានអារម្មណ៍ថា ទារកមានចលនាខ្សោយ។ ជាពិសេស បើអ្នកម្តាយសង្កេតឃើញក្នុងរយៈពេល ៣០នាទីទារក កម្រើកមិនដល់ ១០ដងផងនោះ គួរតែប្រញាប់ទៅពិគ្រោះជាមួយអ្នកជំនាញជាបន្ទាន់៕