រោគសញ្ញា និងរឿងគួរឲ្យបារម្ភខ្លាំងចំពោះស្ត្រីមានផ្ទៃពោះដែលមានភាពស្លេកស្លាំង

0
1

ជាធម្មតា កោសិកាឈាមក្រហមមានផ្ទុកអេម៉ូក្លូប៊ីន ដែលជាធាតុផ្សំប្រូតេអ៊ីនដ៏សំខាន់។ នៅពេលអ្នកម្តាយដកដង្ហើម អេម៉ូក្លូប៊ីននឹងដឹកនាំអុកស៊ីសែនពីសួត ទៅកាន់កោសិកា ជាលិកាពាសពេញរាងកាយ ព្រមទាំងសុកផងដែរ។ ដើម្បីឲ្យកោសិកា និងជាលិការបស់អ្នកម្តាយ ព្រមទាំងទារក ដំណើរការបានល្អ។

ភាពស្លេកស្លាំង បណ្តោលមកពីអេម៉ូក្លូប៊ីនទាប ឬមានកោសិកាឈាមក្រហមតិចជាងធម្មតា ដែលធ្វើឲ្យការដឹកជញ្ជូនអុកស៊ីសែនទៅសរីរាង្គផ្សេងៗខ្សោយទៅៗ។ កម្រិតអេម៉ូក្លូប៊ីន ក្នុងពេលមានផ្ទៃពោះនឹងថយចុះបន្តិចម្តងៗ ហើយនឹងវិលមករកសភាពធម្មតាវិញ ក្រោយពេលសម្រាលកូនបានប្រមាណជា ៦សប្តាហ៍ ប៉ុន្តែអ្នកម្តាយដែលមានផ្ទៃពោះត្រូវប្រយ័ត្នកុំឲ្យកម្រិតអ័រម៉ូនអេម៉ូក្លូប៊ីន តិចជាង ១១ក្រាម ព្រោះវានឹងបង្កភាពស្លេកស្លាំង ហើយមានគ្រោះថ្នាក់ខ្លាំងទាំងម្តាយ និងកូនក្នុងផ្ទៃ។

លើសពីនេះ ភាពស្លេកស្លាំងអាចបណ្តោលមកពីបុព្វហេតុផ្សេងទៀតដូចជា ការទទួលទានសារធាតុចិញ្ចឹមមិនគ្រប់គ្រាន់ ជាពិសេសជាតិដែក ហ្វូលិក ជំងឺឬសដូងបាត ការហូរឈាមដោយសារតែដំបៅក្រពះ ឬជំងឺតំណពូជ។ល។

រោគសញ្ញានសភាពស្លេកស្លាំងក្នុងការមានផ្ទៃពោះរួមមាន៖

  • មុខស្លេក ងាយនឿយហត់ វិលមុខញឹកញាប់ និងដួលសន្លប់
  • ចង្វាក់បេះដូងលោតលឿន ឬមិនទៀងទាត់
  • ចង្អោរ បាត់បង់ចំណង់អាហារ

ប្រសិនបើអ្នកម្តាយមានភាពស្លេកស្លាំងក្នុងកម្រិតធ្ងន់ធ្ងរ អាចបណ្តោលឲ្យរលូតកូន និងកើតមិនគ្រប់ខែ។ ទោះជាយ៉ាងណាក៏ដោយ អ្នកម្តាយមានភាពស្លេកស្លាំងអំឡុងពេលមានផ្ទៃពោះ ធ្វើឲ្យឈាមដែលផ្គត់ផ្គង់ទៅកាន់សុកមានអុកស៊ីសែនតិចជាងធម្មតា ហើយទីបំផុតទារកអាចប្រឈមនឹងបញ្ហាជាច្រើនកើតឡើង។

  • ទារកមានឱកាសពិការភាពខ្ពស់ពេលកើតមក
  • ទាររកមានទម្ងន់មិនគ្រប់ខែ និងមានទម្ងន់ស្រាល
  • ទារកស្លាប់ក្នុងផ្ទៃ
  • ទារកបានកើតមកអាចស្លាប់តែម្តង
  • ទារកកើតមកមានភាពស្លេកស្លាំង

ដូច្នេះអ្នកម្តាយគួរតែលេបថ្នាំគ្រាប់ជាតិដែកឲ្យបានគ្រប់គ្រាន់អំឡុងពេលមានផ្ទៃពោះ ឬទទួលទានអាហារតាមការណែនាំរបស់អ្នកជំនាញ ដើម្បីកុំឲ្យមានភាពស្លេកស្លាំងកើតឡើង៕

LEAVE A REPLY

Please enter your comment!
Please enter your name here