នៅពេលមានផ្ទៃពោះ អ្នកម្តាយជាច្រើនតែងមានការព្រួយបារម្ភអំពីស្នាមសង្វារ ដែលអាចកើតមាននៅលើស្បែក ជាពិសេសអ្នកម្តាយដែលធាត់ក្នុងពេលមានផ្ទៃពោះ ធ្វើឲ្យស្បែកត្រូវលាតសន្ធឹងខ្លាំង។
ទោះជាស្នាមបែកសង្វារ ពិបាកក្នុងការព្យាបាលឲ្យត្រលប់មកភាពដើមវិញក៏ពិតមែន ប៉ុន្តែអ្នកអាចការពារបាន ដោយអនុវត្តតាមការណែនាំមួយចំនួន។
១.គ្រប់គ្រងការឡើងទម្ងន់
ទម្ងន់គួរតែឡើងបន្តិចម្តងៗ ដោយធ្វើការជ្រើសរើអាហារដែលមានផាសុខភាព ហើយជៀសវាងអាហារដែលមានជាតិស្ករ ប្រៃ និងខ្លាញ់ច្រើនពេក។ ដើម្បីបង្កើនទម្ងន់បន្តិចម្តងៗ ក្នុងពេលមានផ្ទៃពោះ និងការសម្រកមកវិញបន្តិចម្តងៗក្រោយពេលសម្រាល គួរតែសូមការណែនាំពីអ្នកជំនាញ ដើម្បីការពារកុំឲ្យស្បែកយឺត ឬរួញលឿនពេក ដែលបណ្តោលឲ្យមានស្វាមសង្វារកាន់តែខ្លាំង។
២.ធ្វើលំហាត់ប្រាណឲ្យទៀងទាត់
ដើម្បីជួយគ្រប់គ្រងការឡើងទម្ងន់ អ្នកម្តាយត្រូវពង្រឹងសាច់ដុំមុនពេលមានផ្ទៃពោះ។ ព្រោះវានឹងជួយជំរុញដល់រាងកាយ ក្បាលពោះឲ្យមានភាពបត់បែនបានល្អ។
៣.ជៀសវាងងូតទឹកក្តៅ
ដោយសារតែទឹកក្តៅ ធ្វើស្បែកបាត់បង់សំណើម និងស្ងួត។ ទីបំផុតតំបន់ក្បាលពោះ សុដន់ ត្រគាក និងភ្លៅ ខ្វះភាពបត់បែន អាចបណ្តោលឲ្យស្នាមសង្វារកើតមានឡើង។
៤.ម៉ាស្សារាល់ថ្ងៃ
ដើម្បីជួយឲ្យស្បែកមានភាពបត់បែន អ្នកម្តាយអាចធ្វើការម៉ាស្សា ពោះ ភ្លៅ ត្រគាក ដោយប្រើក្រែម ឬប្រេងដែលមានផ្ទុកវីតាមីន E (ដូចជាប្រេងអូលីវ ជាដើម)។
៥.លាបប្រទាលកន្ទុយក្រពើ
ក្នុងអំឡុងពេលមានផ្ទៃពោះ អ្នកម្តាយអាចកាត់យកសាច់ប្រទាលកន្ទុយក្រពើ មកលាបត្រង់តំបន់ដែលងាយប្រឈមនឹងបញ្ហាស្នាមបែកសង្វារ ជារៀងរាល់ថ្ងៃ ឬ៣ដងក្នុងមួយសប្តាហ៍ ដើម្បីជួយការពារកុំឲ្យបញ្ហាកើតមានឡើង។
៦.បរិភោគបន្លែផ្លែឈើស្រស់ៗ
បន្លែផ្លែឈើ សម្បូរទៅដោយសារធាតុចិញ្ចឹមដែលអាចជួយជួសជុលកោសិកាដែលខូចខាត និងចិញ្ចឹមរាងកាយឲ្យមានសុខភាពល្អ។ នេះក៏ជាវិធីមួយដែលអាចជួយការពារស្បែករបស់ស្ត្រីមានផ្ទៃពោះ មិនឲ្យកើតមានស្នាមសង្វារផងដែរ៕