ប្រទាលកន្ទុយក្រពើ ត្រូវបានគេប្រើយ៉ាងទូលំទូលាយនៅក្នុងក្រែមថែរក្សាស្បែក និងផលិតផលថែរក្សាសុខភាពផ្សេងៗទៀត ដោយសារតែវាមានអត្ថប្រយោជន៍ច្រើនលើសលប់។
សាច់ ឬជែលនៅក្នុងស្លឹកប្រទាលកន្ទុយក្រពើ ត្រូវបានគេប្រើរាប់រយឆ្នាំមកហើយ ក្នុងការព្យាបាលជំងឺស្បែក ក៏ដូចជាជំងឺទល់លាមកផងដែរ។ បន្ថែមលើសពីនេះ ភេសជ្ជៈប្រទាលកន្ទុយក្រពើ ត្រូវបានគេរកឃើញថា ពិតជាល្អសម្រាប់ពោះវៀន ដោយសារតែវាសម្បូរសារធាតុចិញ្ចឹម និងជាតិសរសៃខ្ពស់។
ប៉ុន្តែគុណវិបត្តិគឺថា វាក៏ដើរតួនាទីជាភ្នាក់ងាររំញោច ដែលអាចបណ្តោលឲ្យស្បូនរបស់ស្ត្រីកន្ត្រាក់ ហេតុនេះវាមិនល្អសម្រាប់អ្នកមានផ្ទៃពោះឡើយ។
យោងតាមសមាគមន៍វេជ្ជសាស្ត្រ បានមូលមតិគ្នាថា ស្ត្រីគួរតែគួរតែប្រយ័ត្នប្រយែង មុនពេលទទួលទឹកប្រទាលកន្ទុយក្រពើ អំឡុងពេលមានផ្ទៃពោះ។ ព្រោះវាមានផ្ទុកសមាសធាតុជាក់លាក់មួយចំនួន ដែលអាចបង្កគ្រោះថ្នាក់ទាំងម្តាយ និងទារក ប្រសិនបើប្រើមិនបានត្រឹមត្រូវ។ ទឹកប្រទាលកន្ទុយក្រពើ អាចបង្កើនហានិភ័យនៃការកន្ត្រាក់នៃស្បូន ជះឥទ្ធិពលដល់កម្រិតជាតិស្ករគ្លុយកូសក្នុងឈាម ធ្វើឲ្យអ្នកម្តាយវិលមុខ និងបាត់បង់ត្យភាពក្នុងការគ្រប់គ្រងអារម្មណ៍។
ម្យ៉ាងវិញទៀត ប្រទាលកន្ទុយក្រពើមានផ្ទុកសារធាតុ anthraquinones (ថ្នាំបញ្ចុះ) ខ្លាំង ដែលត្រូវបានគេប្រើជាថ្នាំបញ្ចុះលាមក។ ប៉ុន្តែអ្នកជំនាញផ្នែកអាហារបំប៉នសុខភាពស្ត្រីលោក Marilyn Glenville បាននិយាយថា ជែលប្រទាលកន្ទុយក្រពើ អាចលាបពីខាងក្រៅបាន ព្រោះវាមិនបង្កឲ្យមានការព្រួយបារម្ភនោះទេ៕