Skip to content

គួរយកចិត្តទុកដាក់! រោគសញ្ញា និងផលវិបាកនៃជំងឺខ្វះឈាមពេលពពោះ

បញ្ហាសុខភាពដែលអាចកើតមានឡើងចំពោះអ្នកម្តាយនៅវ័យក្មេង គឺងាយនឹងមានភាពស្លេកស្លាំងជាងធម្មតា។ ដោយសារតែរាងកាយនៅមិនទាន់លូតលាស់បានពេញលេញ និងរៀបចំខ្លួនរួចរាល់ក្នុងការមានកូន។ រាងកាយខ្វះជីវជាតិ ជាពិសេសជាតិដែក នៅក្នុងពេលមានផ្ទៃពោះ ធ្វើឲ្យកំហាប់ឈាមថយចុះ អាចបណ្តោលឲ្យមានភាពស្លេកស្លាំងអំឡុងពេលមានផ្ទៃពោះ។

ភាពស្លេកស្លាំងបណ្តោលមកពីកង្វះជាតិដែកនៅក្នុងខ្លួន បណ្តោលឲ្យមានកោសិកាឈាមក្រហមតិចជាងធម្មតា ជាលទ្ធផលអុកស៊ីសែនដែលត្រូវបញ្ចូនទៅសរីរាង្គ និងស្បូនដំណើរការមិនបានល្អ។ លើសពីនេះ វាអាចប៉ះពាល់ដល់ទារកមិនទាន់កើត ប្រសិនបើអ្នកម្តាយវ័យក្មេងមានភាពស្លេកស្លាំង ច្រើនជួបផលវិបាកគឺ៖

១.ឱកាសនៃកើតមិនគ្រប់ខែ ទារកមានទម្ងន់ស្រាល ឬមានសុខភាពទន់ខ្សោយ។

២.ទារកស្ថិតនៅក្នុងស្បូនយូរជាងធម្មតា ដោយសារតែស្បូនកន្ត្រាក់មិនបានល្អ។

៣.ប្រសិនបើស្ថានភាពធ្ងន់ធ្ងរ ការហូរឈាមអាចកើតឡើងក្នុងអំឡុងពេលសម្រាលកូន ឬទារកមានពិការភាពពីកំណើត។

ដូច្នេះការងាកទៅរកការថែទាំងសុខភាព គឺជាអ្វីដែលជួយឲ្យស្ត្រីមានផ្ទៃពោះវ័យក្មេងឆ្លងកាត់ការមានផ្ទៃពោះប្រកបដោយផាសុខភាព។

រោគសញ្ញានៃភាពស្លេកស្លាំង

ម្តាយវ័យក្មេងដែលមានភាពស្លេកស្លាំងភាគច្រើនបង្ហាញរោគសញ្ញាដូចជា៖

មានមុខមាត់ស្លេក

អស់កម្លាំង

បេះដូងលោតមិនទៀងទាត់

វិលមុខ និងដួលសន្លប់ជាញឹកញាប់។

ប្រសិនបើមានរោគសញ្ញាបែបនេះ អ្នកម្តាយគួរតែពិគ្រោះជាមួយគ្រូពេទ្យ ដើម្បីទទួលបានការណែនាំពីវិធីដោះស្រាយដែលត្រឹមត្រូវ។

ដូច្នេះ ដើម្បីឲ្យការមានផ្ទៃពោះដំណើរការបានល្អ អ្នកម្តាយគួរតែព្យាយាមញ៉ាំអាហារដែលសម្បូរជាតិដែក សម្រាកឲ្យបានគ្រប់គ្រាន់ ណាត់ជួបគ្រូពេទ្យឲ្យទៀងទាត់ និងលេបថ្នាំជំនួយជាតិដែកតាមវេជ្ជបញ្ជារបស់គ្រូពេទ្យ៕