ថ្វីបើនៅក្នុងជីវិតប្រចាំថ្ងៃ យើងមិនអាចជៀសផុតពីការប៉ះពាល់ជាមួយនឹងសារធាតុគីមី ដែលមាននៅក្នុងផលិតផលប្រើប្រាស់ និងការបំពុលផ្សេងៗនៅជុំវិញខ្លួនយើងក៏ដោយ ប៉ុន្តែយើងត្រូវការពារខ្លួនពីសារធាតុគីមីដែលបង្កគ្រោះថ្នាក់ខ្លាំង។ ជាពិសេសអំឡុងពេលមានផ្ទៃពោះ សារធាតុគីមី ដែលអ្នកម្តាយប៉ះពាល់អាចនាំភាពអន្តរាយដល់ទារកបាន។ ដូច្នេះអ្នកម្តាយគួរតែជៀសវាង និងការពារខ្លួនពីសារធាតុគីមី ទាំងនោះ ដើម្បីសុខភាពល្អទាំងខ្លួនឯង ក៏ដូចជាកូនក្នុងផ្ទៃផងដែរ។
សំណ
ជារឿយៗ សំណ ត្រូវបានគេរកឃើញនៅក្នុងថ្នាំលាបផ្ទះ ឬភាពកខ្វក់នៅក្នុងអាហារ ខ្យល់ ផ្សែងដែលភាយចេញពីរថយន្ត និងរោគចក្រឧស្សាហកម្ម ជាដើម។
ប្រសិនបើស្ត្រីមានផ្ទៃពោះ ដកដង្ហើមស្រូបចំខ្យល់ដែលមានភាពកខ្វក់ទាំងនោះ អាចបង្កគ្រោះថ្នាក់ដល់ប្រព័ន្ធបន្តពូជ ដោយសារតែជាតិសំណ អាចកកកុញនៅក្នុងឆ្អឹង និងឈាមក្នុងរយៈពេលយូរ ហើយវាអាចជ្រាបចូលតាមសុកទៅទារកមិនទាន់កើត។ ជាតិពុលនៃសំណ នេះអាចធ្វើឲ្យខូចខួរក្បាល ប្រព័ន្ធប្រសាទ ថ្លើម តម្រងនោម បេះដូង ក្រពះពោះវៀន ខ្វះសរីរាង្គ និងបណ្តោលឲ្យទារកទើបនឹងកើតមានអាការៈថ្លង់ ខ្វាក់ភ្នែក ឬស្លាប់បាន។
ជាតិសំណ ក្រៅពីអាចបញ្ចូនទៅកូនក្នុងផ្ទៃតាមរយៈសុក វាក៏អាចបញ្ចូនទៅកូនដែលកើតហើយតាមរយៈទឹកដោះម្តាយផងដែរ។ អាស្រ័យហេតុនេះ អ្នកម្តាយមានផ្ទៃពោះគួរតែប្រយ័ត្ន កុំទៅកន្លែង ឬញ៉ាំអាហារនៅកន្លែងជិតប្រភពផ្សែងពុលចេញពីរថយន្ត ឬរោងច្រឧស្សាហកម្ម ហើយគួរតែពាក់ម៉ាស់ជានិច្ច ដើម្បីការពារផ្សែងពុល។
បារត
សារធាតុគីមីមួយប្រភេទនេះ ត្រូវបានគេរកឃើញនៅលើអាកាស និងដី ពីការឆេះឥន្ធនៈ ការដុតកាកសំណល់នៅក្នុងផលិតផគ្រួសារ គ្រឿងសំអាង និងអាហារ ជាពិសេសសត្វសមុទ្រដែលរស់នៅក្នុងខ្មោចនាវាចាស់ៗ។
បារត អាចចូលទៅក្នុងរាងកាយដោយផ្ទាល់តាមការដកដង្ហើម ការប៉ះពាល់ស្បែក ការបរិភោគអាហារ និងទឹកដែលមានជាតិបារត។ បារតនៅក្នុងទម្រង់រាវ ក៏អាចត្រូវបានចំហាយផងដែរ ដែលមាននៅក្នុងទែម៉ូម៉ែត្រ ក្នុងករណីដែលទែម៉ូម៉ែត្រខូច ហើយចំហាយបារតត្រូវបានស្រូបចូលទៅក្នុងប្រព័ន្ធឈាមរត់ភ្លាមៗ និងរាលដាលដល់ខួរក្បាល ព្រមទាំងផ្នែកផ្សេងៗនៃរាងកាយយ៉ាងរហ័ស។ ដើម្បីបំផ្លាញជាលិកាខួរក្បាលដែលគ្រប់គ្រងចក្ខុវិស័យ និងអារម្មណ៍ បារតអាចឆ្លងកាត់សុកទៅទារកមិនទាន់កើត។
ស្ត្រីមានផ្ទៃពោះ អាចជៀសផុតពីបារត ដោយនៅឲ្យឆ្ងាយពីកន្លែងដែលមានកាកសំណល់ ឬឥន្ធនៈផ្សេងៗ ដែលត្រូវបានដុតបំផ្លាញ ហើយសូមជ្រើសរើសគ្រឿងសំអាងដែលមានធាតុផ្សំធម្មជាតិ។ ចំពោះគ្រឿងសមុទ្រ មុននឹងទទួលទានត្រូវលាងសម្អាតឲ្យបានម៉ត់ចត់ ហើយត្រូវចម្អិនឲ្យបានឆ្អិនល្អ។
អាសេនិច
ជារឿយៗ សារធាតុគីមីមួយនេះត្រូវបានគេរកឃើញនៅក្នុងបន្លែ ផ្លែឈើ គ្រឿងកំប៉ុង អាហារសមុទ្រ គ្រឿងសំអាង និងថ្នាំសម្លាប់សត្វល្អិត។ សារធាតុពុលនេះ អាចចូលទៅក្នុងខ្លួនតាមរយៈការដកដង្ហើម ឬការទទួលទានអាហារ។ នៅពេលអាសេនិច ចូលទៅក្នុងរាងកាយ វានឹងជ្រាបចូលទៅក្នុងចរន្តឈាម មុននឹងចូលទៅដល់សរីរាង្គផ្សេងៗនៃរាងកាយ ហើយត្រូវបានបញ្ចេញតាមរយៈទឹកនោម លាមក ប៉ុន្តែពេលខ្លះវាអាចកកកុញនៅក្នុងឈាម ក្រចក និងសក់។
ទារកអាចទទួលបានជាតិអាសេនិច តាមរយៈទឹកដោះម្តាយ ហើយបណ្តោលឲ្យចំនួនកោសិកាឈាមសទាប និងចង្វាក់បេះដូងលោតមិនទៀងទាត់។ លើសពីនេះស្បែកទារកអាចមានភាពរបកៗ ហើយប្រូតេអ៊ីននឹងបញ្ចេញតាមរយៈទឹកនោម។ ដូច្នេះដើម្បីការពារកុំឲ្យជាតិអាសេនិច ចូលក្នុងរាងកាយ អ្នកម្តាយគួរតែលាងសម្អាតបន្លែ ផ្លែឈើឲ្យបានស្អាតល្អមុននឹងទទួលទាន ហើយចំពោះអាហារកុំចង់ញ៉ាំឆៅឲ្យសោះ ត្រូវចម្អិនឲ្យបានឆ្អិងល្អជានិច្ច៕