នៅពេលមានផ្ទៃពោះ ការឈឺចាប់អាចកើតមានឡើងគ្រប់ផ្នែកនៃរាងកាយ តាំងពីក្បាលដល់ចុងជើង ជាពិសេសអ្នកម្តាយថ្មោងថ្មីអាចមានអារម្មណ៍ថាធ្ងន់ធ្ងរ។ ដូច្នេះ អ្នកស្ត្រីមានផ្ទៃពោះ គួរតែត្រៀមខ្លួនរួចជាស្រេច ដើម្បីដោះស្រាយវាប្រកបដោយផាសុកភាព។
ខាងក្រោមនេះ គឺវិធីដោះស្រាយការឈឺចាប់មួយចំនួនពេលមានផ្ទៃពោះ៖
១.ឈឺក្បាល
មូលហេតុនៃការឈឺក្បាល អាចបណ្តោលមកពីកត្តាមួយចំនួន ប៉ុន្តែកត្តាចម្បងគឺ ការកើនឡើងនៃបរិមាណឈាមនៅក្នុងខ្លួន។ ឈាមត្រូវបែងចែកទៅកាន់ទារក ហើយសរសៃឈាមត្រូវទទួលបន្ទុកធ្ងន់ដែលធ្វើឲ្យមានការឈឺចាប់កើតឡើង។ ប្រសិនបើអ្នកមិនបានសម្រាកឲ្យគ្រប់គ្រាន់ ផឹកទឹកតិច ហើយកម្តៅឡើងកាន់តែខ្លាំង នោះអាការៈឈឺក្បាលនឹងបន្តកាន់តែធ្ងន់ធ្ងរឡើងៗ។
ដំណោះស្រាយ៖ អ្នកម្តាយគួរចំណាយពេលគេងឲ្យបានគ្រប់គ្រាន់ សូម្បីតែពេលថ្ងៃក៏ត្រូវមានពេលសម្រាកដែរ។ នៅពេលគេង អ្នកម្តាយត្រូវគេងកើតខ្នើយឲ្យខ្ពស់បន្តិច ហើយន្ទប់គេងត្រូវមានខ្យល់ចេញចូលបានល្អ ទើបការគេងបានលក់ស្រួល។ ប្រសិនបើអាការៈឈឺក្បាលធ្ងន់ធ្ងរ អ្នកអាចប្រើប្រាស់ថ្នាំប៉ារ៉ាសេតាមុល (ប៉ុន្តែមិនត្រូវញ៉ាំច្រើនពេកទេ គឺគួរតែមានការណែនាំពីគ្រូពេទ្យជាមុនសិន)។
២.ឈឺសុដន់
ការឈឺចាប់សុដន់ អំឡុងពេលមានផ្ទៃពោះ មានភាពប្រហាក់ប្រហែលនឹងការមករដូវដែរ ហើយវាកើតឡើងដោយសារតែក្រពេញទឹកដោះចាប់ផ្តើមបង្កើតឡើង។ ប៉ុន្តែនៅពេលចូលដល់ត្រីមាសទី២ ការឈឺចាប់នឹងថយចុះទៅវិញ។
ដំណោះស្រាយ៖ នៅពេលអាការៈឈឺចាប់កើតឡើង អ្នកត្រូវយកកូនកន្សែងជ្រលក់ក្នុងទឹកក្តៅឧណ្ឌៗ ហើយមកដាក់បំពោតនៅលើសុដន់ថ្នមៗ ធ្វើបែបនេះរហូតទាល់តែការឈឺចាប់ត្រូវកាត់បន្ថយទាំងស្រុង។
៣.ឈឺខ្នង
នៅពេលក្បាលពោះរីកកាន់តែធំ រាងកាយនឹងមានបន្ទុកទ្រទម្ងន់កាន់តែខ្លាំង ដែលធ្វើឲ្យការឈឺចាប់ដៃជើង សាច់ដុំ និងឆ្អឹងខ្នងមានឈឺចាប់កើតឡើង។ សូម្បីតែការគេង ក៏ទម្ងន់ទារកដាក់សម្ពាធលើឆ្អឹងខ្នងផងដែរ។
ដំណោះស្រាយ៖ អ្នកម្តាយគួរតែជ្រើសទ្រនាប់ជើងដែលមានបាតរាបស្មើ ដើម្បីស្រួលទ្រទ្រង់ទម្ងន់រាងកាយ។ នៅពេលគេងត្រូវផ្អៀងទៅខាងឆ្វេង ឬអោបខ្នើយ ដើម្បីជួយឲ្យអ្នកគេងលក់ស្រួល។
៤.ឈឺជើង
ការកើតឡើងទម្ងន់ច្រើននៅការមានផ្ទៃពោះ អាចធ្វើឲ្យជើងទទួលបន្ទក់កាន់តែខ្លាំងនៅពេលឈរ និងដើរ។ ការឈឺចាប់សាច់ដុំ និងសរសៃវ៉ែន ព្រោះស្បូនឡើងរីកកាន់តែធំធ្វើឲ្យការបញ្ចូនឈាមត្រូវបានរារាំង រត់មិនបានស្រួល។
ដំណោះស្រាយ៖ នៅពេលអង្គុយ ឬគេង ស្ត្រីមានផ្ទៃពោះគួរដាក់ជើងឲ្យខ្ពស់ជាងខ្លួនបន្តិច ដើម្បីជួយឲ្យបេះដូងមិនសូវធ្វើការធ្ងន់ ហើយលំហូរឈាមហូរត្រលប់ចូលបេះដូងវិញរត់បានស្រួល៕