អ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Sunderland ភាគឥសាន្តប្រទេសអង់គ្លេស បានរកឃើញថា កុមារដែលមានអាយុ ៧ទៅ ១០ឆ្នាំ ចំនួន ១,៣៩៧នាក់ ដែលប៉ះពាល់ជាមួយនឹងផ្សែងភាយចេញពីយានយន្ត អាចមានបញ្ហាផ្លូវដង្ហើមដូចជា ជំងឺហឺត និងអាឡែកស៊ីពេលកើតមក។
អ្នកស្រាវជ្រាវបានរកឃើញទៀតថា ជំងឺហឺតដោយសារតែការបំពុលបរិយាកាស អាចសម្លាប់មនុស្សជាង ២លាននាក់នៅទូទាំងពិភពលោក ក្នុងមួយឆ្នាំៗ។ ការបំពុលបរិយាកាសដូចជា អាសូត ស្ពាន់ធ័រឌីអុកស៊ីត ផ្សែងយានយន្ត និងធូលីដី គឺជាបុព្វហេតុនៃជំងឺហឺត។
លោក Muhammad Samsian ជាអ្នកស្រាវជ្រាវលើបញ្ហានេះ បានបន្ថែមទៀតថា ហានិភ័យចាប់ផ្តើមពីពេលដែលទារក ស្ថិតក្នុងផ្ទៃម្តាយមកម្ល៉េះ។ ដោយសារតែសុកមិនអាចរារាំងខ្យល់ពុលបាន ហើយនៅពេលដែលខ្យល់ពុលចូលទៅក្នុងចរន្តឈាមរបស់ទារក វានឹងបណ្តោលឲ្យទារក កើតមកមានបញ្ញាខ្សោយផងដែរ។ ជាពិសេសអ្នកម្តាយដែលស្រូបយកផ្សែងពុលពីយានយន្តរាល់ថ្ងៃ ទារកអាចប្រឈមនឹងហានិភ័យខ្ពស់នៃជំងឺហឺត ពិបាកដង្ហើម ក្អកស្ងួត នៅពេលកើតមក។
ហេតុនេះ អ្នកម្តាយដែលកំពុងតែមានផ្ទៃពោះ គួរតែរស់នៅឲ្យឆ្ងាយពីកន្លែងដែលមានចរចណ៍មមាញឹក ឬកន្លែងបំពុលបរិស្ថាន ដើម្បីជៀសវាងបញ្ហាមិនល្អផ្សេងៗដែលកើតមានចំពោះទារក ជាពិសេសជំងឺហឺត។
ម្យ៉ាងវិញទៀត អ្នកម៉ាក់ គួរតែឧបករណ៍អេឡិចត្រូនិច ឬម៉ាស៊ីនត្រជាក់ដែលមានសមត្ថភាពបន្សុតខ្យល់ មកបំពាក់នៅក្នុងផ្ទះ ដើម្បីទទួលបានខ្យល់ដង្ហើមបរិសុទ្ធ ធ្វើឲ្យទារកក្នុងផ្ទៃមានសុខភាពល្អ៕