ប្រអប់ស្នោរ ឬចានស្នោរ ត្រូវបានគេប្រើយ៉ាងទូលំទូលាយក្នុងការច្រកបាយម្ហូប ឬនំចំណីសព្វសារពើ ព្រោះវាមានភាពងាយស្រួលក្នុងការទុកដាក់។ ប៉ុន្តែវេជ្ជបណ្ឌិតជាច្រើនបានផ្តល់អនុសាសន៍ថា ការប្រើប្រាស់ប្រអប់ស្នោរញឹកញាប់ពេកអាចបង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរចំពោះសុខភាពមនុស្សទូទៅ។
ជាពិសេសសម្រាប់អាហារដែលច្រកក្នុងប្រអប់ស្នោរទុកចោលយូរពេក ឬអាហារក្តៅពេក ធ្វើឲ្យសារធាតុគីមីចម្រុះចេញប្រតិកម្មយ៉ាងខ្លាំងពីប្រអប់ស្នោរ ដែលអាចធ្វើឲ្យអ្នកទទួលទានត្រូវប្រឈមនឹងជំងឺមហារីកសុដន់ មហារីកក្រពេញប្រូស្តាត ឬជំងឺមហារីកផ្សេងៗទៀត។
ចំពោះស្ត្រីមានផ្ទៃពោះ ដែលឧស្សាហ៍ទទួលទានអាហារច្រកក្នុងប្រអប់ស្នោរ អាចមានផលប៉ះពាល់ដល់ទារកដូចជា ធ្វើឲ្យទារកកើតមកពិការភាព វង្វេងស្មារតី ឬបាត់បង់សតិនៅក្នុងកម្រិតធ្ងន់ធ្ងរទៀតផង។
ដូច្នេះដើម្បីជៀសវាងផលអាក្រក់ប៉ះពាល់ដល់សុខភាពទាំងខ្លួនឯង និងកូនក្នុងផ្ទៃ អ្នកម្តាយគួរតែកាត់បន្ថយទម្លាប់ទិញអាហារដែលច្រកប្រអប់ស្នោរ ឬចានស្នោរទៀតទៅ៕