ក្នុងអំឡុងពេលមានផ្ទៃពោះ ការទទួលទានអាហារដែលសម្បូរទៅដោយសារធាតុចិញ្ចឹមបានគ្រប់គ្រាន់ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការទ្រទ្រង់សុខភាពអ្នកម្តាយ និងកូននៅក្នុងផ្ទៃ។ ប៉ុន្តែបន្ថែមពីលើរបបអាហារទាំងនេះ អ្នកម្តាយគួរទទួលទានភេសជ្ជៈធម្មជាតិមួយចំនួនទៀត ដើម្បីផ្តល់នូវគុណប្រយោជន៍សម្រាប់រាងកាយ ជួយបំបាត់អាការៈមិនស្រួលមួយចំនួន និងបង្កើតអារម្មណ៍ស្រស់ស្រាយ។
ខាងក្រោមនេះ គឺជាភេសជ្ជៈ២មុខ ដែលស្ត្រីមានផ្ទៃពោះអាចទទួលទានជាប្រចាំបាន៖
ទឹកខ្ញី
ការទទួលទានទឹកខ្ញី ក្តៅឧណ្ឌៗ អាចជួយកាត់បន្ថយការចង្អោរ ក្អួត បំបាត់អាការទល់លាមក និងជួយបណ្តេញខ្យល់ផងដែរ។ ទឹកខ្ញីក៏មានជាតិកាល់ស្យូម ដែលអាចជួយបង្កើតឆ្អឹង និងធ្មេញសម្រាប់ទារក ហើយការពារជំងឺពុកឆ្អឹងចំពោះស្ត្រីមនាផ្ទៃពោះ។ កាន់តែពិសេសនោះ វាមានផ្ទុកសារធាតុបេតាការ៉ូទីន ដែលអាចជួយប្រឆាំងនឹងជំងឺមហារីក។
ប្រសិនបើអ្នកម្តាយមិនចូលចិត្តទឹកខ្ញីទេ ពួកគេអាចញ៉ាំទឹកខ្ញី លាយជាមួយនឹងតៅហ៊ូ ឬល្ងខ្មៅ ធ្វើឲ្យវាកាន់តែមានប្រយោជន៍។
ទឹកប៉េងប៉ោះ
ទឹកប៉េងប៉ោះស្រស់ៗ សម្បូរទៅដោយវីតាមីន C ដែលអាចជួយបង្កើតឆ្អឹង និងធ្មេញសម្រាប់ទារក។ វាក៏ជួយជំរុញដល់ការរំលាយអាហារ កាត់បន្ថយសម្ពាធលើសរសៃវ៉ែន កាត់បន្ថយអាការៈគ្រុនក្តៅ និងហើមរាងកាយអំឡុងពេលមានផ្ទៃពោះផងដែរ។ លើសពីនេះ វាមិនត្រឹមតែអាចជួយធ្វើឲ្យស្បែកអ្នកម្តាយមានភាពស្រស់ស្អាតនោះទេ សូម្បីតជំងឺមហារីក ក៏អាចកាត់បន្ថយបានផងដែរ។
លើសពីនេះ អ្នកអាចលាយជាមួយនឹងទឹកការ៉ុត វានឹងធ្វើឲ្យរសជាតិកាន់តែឆ្ងាញ់។ អ្នកត្រូវដឹងថា ការ៉ុត មានផ្ទុកវីតាមីន A ដែលចាំបាច់សម្រាប់ភ្នែក និងការពារការឆ្លងមេរោគ ថែមទៀត។
ក្នុងករណីណាក៏ដោយ អ្នកម្តាយកុំភ្លេចផឹកទឹកឲ្យបាន ៨ទៅ ១០កែវក្នុងមួយថ្ងៃឡើយ ដើម្បីឲ្យប្រព័ន្ធដំណើការក្នុងរាងកាយដំណើរការបានល្អ៕