ក្រោយពេលរៀបអាពាហ៍ពិពាហ៍ហើយ គូស្នេហ៍ភាគច្រើនតែងតែចង់បានបុត្រ ដើម្បីបន្តពូជពង្ស ហើយវាក៏អាចពង្រឹងទំនាក់ទំនងគ្រួសារឲ្យកាន់តែមានភាពរឹងមាំផងដែរ។ ទន្ទឹមនឹងនេះ គូរស្នេហ៍មួយចំនួនពិបាកក្នុងការយកបុត្រណាស់ ហើយអ្នកខ្លះត្រូវចំណាយពេលច្រើនខែ ច្រើនឆ្នាំទើបមានបុត្រនឹងគេ។ ដូច្នេះដើម្បីពន្លឿនដល់ការមានបុត្រ អ្នកគួរតែធ្វើតាមការណែនាំរបស់អ្នកជំនាញដូចខាងក្រោម៖
១.រាប់ថ្ងៃបញ្ចេញពងអូវុល
គូស្នេហ៍ទាំងឡាយត្រូវដឹងថា ការរួមភេទមុនពេលបញ្ចេញអូវុលរយៈពេល ៧ថ្ងៃ និងក្រោយពេលបញ្ចេញពងអូវុលរយៈពេល ៧ថ្ងៃ អាចបង្កើនឱកាសនៃការមានផ្ទៃពោះទ្វេដង។ ប៉ុន្តែសម្រាប់ស្ត្រីដែលមានរដូវមិនទៀងទាត់ អាចមានភាពពិបាកក្នុងការរាប់បន្តិច។
២.រួមភេទឲ្យបានញឹកញាប់
ការបង្កើនភាពញឹកញាប់នៃការរួមភេទ វាស្មើនឹងការបង្កើនឱកាសនៃការមានបុត្រផងដែរ។ ប្រសិនបើអ្នក និងដៃគូរបស់អ្នករួមភេទច្រើនជាង ៤ដងក្នុងមួយសប្តាហ៍ វានឹងជួយបង្កើនកម្លាំងមេជីវិតឈ្មោល។
៣.ផ្លាស់ប្តូរឥរិយាបថនៃការរួមភេទ
មនុស្សជាច្រើនប្រហែលជាមិនដឹងថា កាយវិការក្នុងអំឡុងពេលរួមភេទ អាចមានឥទ្ធិពលដល់ការមានផ្ទៃពោះនោះទេ។ តាមរយៈការដែលផ្លាស់ប្តូរឥរិយាបថផ្សេងៗគ្នា ដើម្បីបង្កើនរសជាតិជីវិតផ្លូវភេទ និងបង្កើនឱកាសច្រើនបំផុតនៃការមានផ្ទៃពោះ គឺភាគគីខាងស្រីនៅពីក្រោម ព្រោះវាអនុញ្ញាតឲ្យទ្វារមាសទទួលមេជីវិតឈ្មោលបានកាន់តែច្រើន។
៤.ថែរក្សាសុខភាពឲ្យបានល្អ
របបអាហារ ក៏អាចប៉ះពាល់ដល់ការមានផ្ទៃពោះផងដែរ។ ដូច្នេះមុនពេលមានផ្ទៃពោះ អ្នកគួរតែញ៉ាំបន្លែ ផ្លែឈើ និងផឹកទឹកឲ្យបានច្រើន។ ផ្ទុយទៅវិញ អ្នកគួរតែព្យាយាមជៀសវាងភេជ្ជៈដែលមានជាតិកាហ្វេអ៊ីន គ្រឿងស្រវឹង និងបញ្ហាស្ត្រេស ព្រោះវាជាហេតុផលមួយដែលធ្វើឲ្យអ្នកពិបាកមានផ្ទៃពោះ។ លើសពីនេះ ការធ្វើលំហាត់ប្រាណស្រាលៗ ដូចជា យូហ្គា ក៏អាចជួយបង្កើនឱកាសនៃការមានផ្ទៃពោះផងដែរ។
៥.ពិគ្រោះជាមួយគ្រូពេទ្យ
ប្រសិបើអ្នកប្រើវិធីគ្រប់យ៉ាង ប៉ុន្តែនៅមិនបានផលទៀត គួរតែពិគ្រោះជាមួយគ្រូពេទ្យ។ ព្រោះគ្រូពេទ្យអាចជួយដោះស្រាយបាន ប្រសិនបើក្នុងចំណោមអ្នកទាំងពីរ អាចមាននរណាម្នាក់មានបញ្ហាជាមួយនឹងភាពគ្មានកូន។ លើសពីនេះ គ្រូពេទ្យអាចណែនាំពីវិធីល្អៗ ដែលអាចជួយឲ្យអ្នកឆាប់មានកូនដូចបំណងបាន៕