ការប្រែប្រួលនៃកម្រិតអ័រម៉ូន estrogen ធ្វើឲ្យស្ត្រីមានគភ៌មានអារម្មណ៍ឆាប់ខឹង និងនៅមិនស្រណុកសុខស្រួលឡើយ។ អារម្មណ៍បែបនេះអាចធ្វើឲ្យប៉ះពាល់ដល់ទារកក្នុងផ្ទៃ ដូច្នេះដើម្បីគ្រប់គ្រងអារម្មណ៍កុំឲ្យឆាប់ខឹង មួម៉ៅច្រើន អ្នកម្តាយគួរតែអនុវត្តសកម្មភាព ៦ចំណុចនេះ។
១.ម៉ាស្សា
នេះជាវិធីសាមញ្ញមួយ ដើម្បីជួយឲ្យលំហូរឈាមទៅកាន់ផ្នែកផ្សេងៗនៃរាងកាយបានល្អប្រសើរ ជួយដោះស្រាយបញ្ហាដូចជា ឈឺក ឈឺខ្នង ឈឺជើងផងដែរ។ ការម៉ាស្សាថ្នម អាចជួយឲ្យអ្នកម្តាយមានអារម្មណ៍ល្អ និងសម្រាកបានស្រួល។
២.សម្រាកឲ្យបានច្រើន
ក្រៅពីល្អចំពោះរាងកាយ ការសម្រាកបានគ្រប់គ្រាន់ ក៏ធ្វើឲ្យអ្នកម្តាយមានអារម្មណ៍ល្អ និងកាត់បន្ថយអារម្មណ៍ឆាប់ខឹងផងដែរ។
៣.ស្តាប់តន្ត្រី
តន្ត្រីសម្រាប់ស្ត្រីមានគភ៌គួរតែមានភាពស្ងប់ស្ងាត ឬសំលេងធម្មជាតិដូចជា បក្សីស្រែកច្រៀង សំលេងទឹកហូរ ជាដើម។ ការស្តាប់សំលេងទាំងនេះ នឹងធ្វើឲ្យអ្នកម្តាយមានអារម្មណ៍ស្រស់ស្រាយ ហើយទារកក្នុងផ្ទៃក៏សប្បាយចិត្តដូចអ្នកម្តាយដែរ។
៤.មើលភាពយន្តបែបសប្បាយៗ
ការកម្សាន្តដែលអ្នកម្តាយអាចធ្វើបានមិនពិបាកទេ ដូចជាការមើលភាពយន្តកំប្លែង ឬមើលភាពយន្តដែលមានភាពរីករាយ នឹងនាំមកនូវស្នាមញ្ញឹមកើតមានឡើងចំពោះអ្នកម្តាយ។
៥.ធ្វើលំហាត់ប្រាណ
បន្ថែមពីលើអត្ថប្រយោជន៍ដល់សុខភាព ការធ្វើលំហាត់ប្រាណជាប្រចាំ គឺអាចគ្រប់គ្រងសាច់ដុំផ្នែកផ្សេងៗនៃរាងកាយឲ្យមានភាពបត់បែនបានល្អ។ លើពីនេះវាអាចបញ្ចេញសារធាតុគីមីនៅក្នុងខួរក្បាលដែលហៅថា អ័រម៉ូនសុភមង្គល់(endorphins) ជួយឲ្យអ្នកម្តាយមានអារម្មណ៍ល្អ។
៦.ជួបជុំមិនភក្តិ
ការរៀបចំពិធីជប់លៀងបន្តិចបន្តួច ជាមួយនឹងមិត្តភក្តិជិតស្និត អ្នកអាចមានឱកាសនិយាយ និងចែករំលែកបទពិសោធន៍អំពីការមានផ្ទៃពោះទៅវិញទៅមក។ ធ្វើបែបនេះវានឹងជួយឲ្យអ្នកមានអារម្មណ៍ល្អ ព្រោះបានដឹងឮបទពិសោធន៍ដែលល្អៗពីគ្នាទៅវិញទៅមក៕