របៀបញ៉ាំអាហារដែលផ្តល់ថាមពលពេញមួយថ្ងៃ សម្រាប់ស្ត្រីមានផ្ទៃពោះដែលត្រូវធ្វើការច្រើន

0
1

ស្ត្រីមានផ្ទៃពោះ ដែលត្រូវធ្វើការច្រើន គួរតែយកចិត្តទុកដាក់ចំពោះការទទួលទានអាហារឲ្យត្រឹមត្រូវ។ ព្រោះបន្ថែមពីលើសារធាតុចិញ្ចឹមដែលនឹងត្រូវបញ្ចូនទៅឲ្យទារក ថាមពលក៏អ្នកម្តាយត្រូវការសម្រាប់បំពេញការងារផងដែរ។ ដូច្នេះ សូមចាប់ផ្តើមថែរក្សាសុខភាពរបស់អ្នកចាប់ពីពេលនេះតទៅ។

១.ចាប់ផ្តើមជាមួយអាហារពេលព្រឹក

វាគឺជាអាហារដែលមិនអាចខ្វះបាន អ្នកម្តាយអាចជ្រើសរើសអាហារស្រាលៗ ដូចជាទឹកដោះគោស្រស់ ទឹកផ្លែឈើ នំប៉័ង និងស៊ុត ដើម្បីជួយឲ្យរាងកាយស្រស់ស្រាយ និងមានថាមពលសម្រាប់ការងារ។

២.បំពេញបន្ថែមអាហារសម្រន់ដែលសម្បូរកាបូនអ៊ីដ្រាត

អាហារដូចជានំខូឃីស៍ នំប៉័ង ស្រូវសាលី គ្រាប់ធញ្ញជាតិ ទឹកដោះគោ ឬទឹកដោះគោជូរ អាចជួយបង្កើនភាពរឹងមាំនៃរាងកាយ មិនឲ្យអ្នកងងុយគេង និងបំបាត់ភាពស្រេកឃ្លានចន្លោះរវាងអាហារមួយមួយពេលៗ។

៣.អាហារនៅពេលថ្ងៃត្រង់

ទន្ទឹមនឹងការទទួលទានបាយ អ្នកម្តាយត្រូវបង្កើនការញ៉ាំអាហារដែលមានប្រូតអ៊ីនខ្ពស់ ព្រោះរាងកាយនឹងដុតបំផ្លាញថាមពល ដើម្បីប្រើការដូចជា សាច់គ្មានខ្លាញ់ ត្រីសាឌីន គ្រាប់ធញ្ញាជាតិ និងអាហារសមុទ្រ។ ជាពិសេសថ្លើម ត្រូវញ៉ាំម្តងក្នុងមួយសប្តាហ៍ ហើយអ្នកកុំភ្លេចញ៉ាំបន្លែផ្លែឈើ បន្ទាប់ពីបាយថ្ងៃត្រង់ផងដែរ។ ព្រោះវីតាមីន សារធាតុរ៉ែ និងជាតិសរសៃ ជួយឲ្យរាងកាយផលិតអ័រម៉ូន កាត់បន្ថយស្ត្រេស ធ្វើឲ្យអារម្មណ៍ស្រស់ថ្លា។

៤.ជៀសវាងអាហារប្រៃខ្លាំង

ប្រសិនបើអ្នកញ៉ាំអាហារដែលមានជាតិប្រៃ និងខ្លាញ់ច្រើន វានឹងធ្វើឲ្យរាងកាយមានចលនាយឺត មានអារម្មណ៍អស់កម្លាំង គ្មានកម្លាំងធ្វើការឡើយ។

៥.ទទួលទានអង្កសំរូបជាប្រចាំ

អង្ករសំរូប សម្បូរទៅដោយវីតាមីន B និង E ដែលអាចជួយពង្រឹងខួរក្បាលឲ្យដំណើរការលឿន និងមានភាពច្បាស់លាស់។

៦.ទទួលទឹកឲ្យបាន៨ទៅ១០កែវក្នុងមួយថ្ងៃ

ទុកទឹកមួយកែវនៅក្បែរខ្លួនជានិច្ច ដើម្បីជាការរំលឹកឲ្យអ្នកខំផឹកទឹកយ៉ាងតិចមួយកែវក្នុងមួយម៉ោង។ ធ្វើបែបនេះវាអាចជួយបន្ថយការងងុយគេង ធ្វើឲ្យឈាមរត់បានស្រួល និងគ្មានសម្ពាធលើសរសៃវ៉ែន៕

LEAVE A REPLY

Please enter your comment!
Please enter your name here