របៀបអង្គុយ និងគេងដែលមានផាសុខភាពសម្រាប់ស្ត្រីមានផ្ទៃពោះ

0
1

ក្នុងអំឡុងពេលត្រីមាសដំបូង នៃការមានផ្ទៃពោះ ការគេង និងអង្គុយ មិនមែនជាបញ្ហាទេសម្រាប់ស្ត្រីមានផ្ទៃពោះ។ ក៏ប៉ុន្តែនៅពេលដែលការពពោះបានច្រើនខែ ហើយពោះកាន់តែរីកធំ សកម្មភាពនៃការអង្គុយ ឬគេងមិនបានត្រឹមត្រូវអាចបង្កឲ្យមានផលវិបាកសម្រាប់ស្ត្រីមានផ្ទៃពោះ ដូចជាឈឺចាប់ឆ្អឹងខ្នងជាដើម។ ដូច្នេះ អំឡុងពេលមានផ្ទៃពោះ ស្ត្រីគួរតែផ្លាស់ប្តូរឥរិយាបទអង្គុយ និងគេងបែបនេះ។

របៀបអង្គុយដែលត្រឹមត្រូវ

មនុស្សស្រីមានផ្ទៃពោះភាគច្រើនតែងតែចូលចិត្តអង្គុយអោនទៅមុខ ស្របពេលដែលពោះរីកកាន់តែធំធ្វើឲ្យឆ្អឹងខ្នងកាន់តែកោងទៅខាងមុខ ហើយលទ្ធផល អាការៈឈឺខ្នងនឹងកើតមានឡើង។ ដូច្នេះ ដើម្បីការពារកុំឲ្យឈឺខ្នង អ្នកម្តាយគួរអនុវត្តបែបនេះ នៅពេលអង្គុយ៖

១.ពេលអង្គុយលើកកៅអី អ្នកម្តាយត្រូវព្យាយាមអង្គុយឲ្យត្រង់ខ្លួន ហើយយកខ្នើយមួយមកកល់ត្រគាកពីខាងក្រោយ។

២.កំភួនជើងត្រូវឃ្លាតចេញពីគែមកៅអីប្រហែល ១អ៊ីញ ហើយរក្សាជង្គង់ឲ្យត្រង់។ ធ្វើបែបនេះ អាចជួយបង្កើនចរាចរឈាមដំណើរការបានល្អប្រសើរ កាត់បន្ថយការហើមជើង។

៣.នៅពេលក្រោក សូមងើបឡើងយឺតៗ ហើយប្រើដៃច្រត់កៅអីដើម្បីជួយទ្រខ្លួនឡើង។

របៀបគេងឲ្យលក់ស្រួល

នៅពេលអ្នកមានគភ៌ ១៦សប្តាហ៍ ឬច្រើនជាងនេះ អ្នកគួរតែជៀសវាងការគេងផ្គាប់មុខ។ ដោយសារតែស្បូននឹងចាប់ផ្តើមលូតលាស់ អ្នកម្តាយក៏គួរតែជៀសវាងកគេងផ្ងារផងដែរ ព្រោះស្បូនអាចដាក់សម្ពាធខ្លាំងដល់ឆ្អឹងខ្នង ដែលបណ្តោលឲ្យឈឺចាប់ ឬស្ទះសរសៃឈាមនៅតំបន់ត្រគាក ដែលនាំឲ្យមានបញ្ហាផ្សេងៗទៀត។

ទីតាំងគេងដែលល្អបំផុត សម្រាប់ស្ត្រីមានផ្ទៃពោះ គឺគេងផ្អៀងទៅឆ្វេង ដោយប្រើខ្នើយទ្រក និងស្មា ហើយដាក់ខ្នើយមួយទៀតនៅចន្លោះជើងទាំងពីរ ដើម្បីទ្រទ្រងទម្ងន់​និងការពារកុំឲ្យទម្ងន់ជើងសង្កត់លើស្បូន។ ម្យ៉ាងវិញទៀត ការធ្វើបែបនេះនឹងជួយឲ្យឈាមរត់បានល្អ នៅទូទាំងរាងកាយ៕

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here