បន្ទាប់ពីការទទឹងរងចាំអស់រយៈពេល៩ខែកន្លងផុតទៅ អ្នកនឹងមិនត្រឹមតែក្លាយជាម្តាយរបស់គេប៉ុណ្ណោះទេ អ្នកក៏ត្រូវតែមានទំនួលខុសត្រូវខ្ពស់ក្នុងការមើលថែមទាំងកូនដូចគ្នា។ ប៉ុន្តែបន្ទាប់ពីសម្រាលកូនបាន២៤ម៉ោង អ្នកម្តាយក៏ត្រូវថែខ្លួនឯងឲ្យបានល្អផងដែរ ដើម្បីស្តារសុខភាពឲ្យឆាប់រឹងមាំឡើងវិញ។
ខាងក្រោមនេះ គឺជារឿងមួយចំនួនដែលអ្នកម្តាយគួរធ្វើ៖
១.ថែរក្សាសុវត្ថិភាព
ពេលសម្រាលកូន អ្នកម្តាយអាចជួបបញ្ហាហូរឈាម ឬត្រូវបាត់បង់ឈាមច្រើន។ ដូច្នេះអ្នកម្តាយអាចធ្វើការម៉ាស្សាថ្នមត្រង់ម្តុំក្បាលពោះផ្នែកខាងក្រោម ដើម្បីជួយពង្រឹងស្បូនឲ្យឆាប់ត្រលប់ទៅរកភាពដើមវិញ និងឆាប់បាត់ហូរឈាម។
២.ប្រយ័ត្នចំពោះចលនា
ផលវិបាកនៃការបាត់បង់ឈាមច្រើនអំឡុងពេលសម្រាលកូន អាចបណ្តោលឲ្យអ្នកម្តាយមានសម្ពាធឈាមទាប និងអស់កម្លាំង។ ដូច្នេះសូមប្រយ័ត្នចំពោះការមិនស្រួលខ្លួន ញ័រដៃញ័រជើង ឬដួលសន្លប់យ៉ាងងាយ។ នៅពេលផ្លាស់ប្តូរឥរិយាបទភ្លាមៗ ដូចជាក្រោកពីគេង ឬដើរទៅបន្ទប់ទឹក អ្នកគួរតែធ្វើចលនាយឺតៗ ឬរកអ្នកនៅជិតឲ្យជួយគ្រាពេលត្រូវការផ្លាស់ប្តូរទី។
៣.ថែរក្សាអនាម័យ
ក្រោយពេលសម្រាលកូនរួច រាងកាយរបស់អ្នកម្តាយនឹងមានពោរពេញទៅដោយញើស និងឈាម។ ដូច្នេះមុនពេលបំបៅដោះកូន ត្រូវជូតសម្អាតខ្លួនឯងជាមុនសិន ដើម្បីការពារកូនរបស់អ្នកពីភាពកខ្វក់ ឬមេរោគ ជាពិសេសសុដន់ និងចុងសុដន់តែម្តង។
៤.ការបំបៅដោះកូន
គោលការនៃការបំបៅដោះកូនដោយទឹកដោះ គឺការបំបៅឲ្យបានញឹកញាប់។ ក្រោយពេលសម្រាលកូន គិលានុបដ្ឋាយិកានឹងយកទារកមកដាក់លើដើមទ្រូងម្តាយ ដើម្បីឲ្យពួកគេបៅដោះភ្លាមៗ។ ការធ្វើបែបនេះនឹងជួយរំញោចអ័រម៉ូននៅក្នុងរាងកាយរបស់អ្នកម្តាយឲ្យធ្វើការបញ្ចេញទឹកដោះ តែអ្នកម្តាយខ្លះអាចត្រូវការពេល ២ទៅ៣ថ្ងៃ ដើម្បីឲ្យទឹកដោះហូរមកច្រើន។ ដូច្នេះចាំបាច់ត្រូវបំបៅដោះកូនឲ្យបានញឹកញាប់ ដើម្បីឲ្យទារក ដឹងពីរបៀបបឺតជញ្ជក់បានត្រឹមត្រូវ និងជំរុញការផលិតទឹកដោះលឿនជាងមុន។
៥.ការថែទាំរបួសបន្ទាប់ពីសម្រាល
បន្ទាប់ពីសម្រាលកូន អ្នកម្តាយច្បាស់ជាមានស្នាមរបួសនៅជុំវិញទ្វារមាស មានទាំងសរសៃប្រសាទ និងសរសៃឈាមមួយចំនួនធំ។ ដើម្បីធ្វើឲ្យមុខរបួសឆាប់សះស្បើយឡើងវិញ អ្នកម្តាយត្រូវយកចិត្តទុកដាក់ធ្វើការលាងសម្អាត ថែរក្សាឲ្យស្ងួតជានិច្ច រួមទាំងផ្លាស់ប្តូរសំឡីអនាម័យឲ្យបានញឹកញាប់ ដើម្បីការពារការឆ្លងមេរោគ និងភាពកខ្វក់។
៦.រក្សាខ្លួនឯង
ក្រោយពេលសម្រាល អ្នកម្តាយអាចជួបប្រទេះនឹងជំងឺធ្លាក់ទឹកចិត្ត ឬអារម្មណ៍ឯកោ ដែលបណ្តោលមកពីការផ្លាស់ប្តូរអ័រម៉ូនភ្លាមៗ ប្រសិនបើអ្នកម្តាយមានសុខភាពរឹងមាំ នោះមិនមែនជាបញ្ហាទេ។ ប៉ុន្តែបើអ្នកម្តាយមានសុខភាពទន់ខ្សោយរួចទៅហើយ រាងកាយនឹងធ្លាក់ដុនដាបកាន់តែងាយ។
ហេតុនេះអ្នកម្តាយគួរតែព្យាយាមធ្វើចិត្តឲ្យល្អ តាមរយៈការស្តាប់តន្ត្រី ស្វែងរកមតិតភក្តិ ឬមនុស្សជិតស្និត ដើម្បីនិយាយជាមួយ ឬពិភាក្សាភាពជាម្តាយ។ ធ្វើបែបនេះ វានឹងកាត់បន្ថយភាពតានតឹង និងជួយឲ្យមានអារម្មណ៍ល្អឡើងវិញ។
៧.ញ៉ាំអាហារបំប៉នបន្ថែម
រាងកាយរបស់អ្នកម្តាយក្រោយពេលសម្រាល នឹងជួបប្រទេះបញ្ហាទន់ខ្សោយពីការបាត់បង់ឈាម និងការប្រួប្រួលអ័រម៉ូន។ ដូច្នេះអ្នកម្តាយគួតែស្តារសុខភាពឡើងវិញឲ្យបានឆាប់រហ័ស តាមការទទួលទានអាហារដែលសម្បូរសារធាតុចិញ្ចឹមដើម្បីជួយជួសជុលជិលិកាក្នុងរាងកាយឲ្យវិលរកភាពធម្មតាវិញ។
ការថែរក្សាទាំងរាងកាយ និងចិត្តបានល្អ ប្រៀបដូចជាអ្នកបានត្រៀមខ្លួនមើលថែទាំទារកយ៉ាងពេញលេញចាប់ពីពេលនេះទៅផងដែរ៕