អ្នកម្តាយច្បាស់ជាសប្បាយចិត្តខ្លាំងណាស់ នៅពេលដឹងថាទារកក្នុងផ្ទៃចាប់ផ្តើមចេះកម្រើក នៅអាយុប្រហែលជា ១៦ទៅ២០សប្តាហ៍នៃការមានផ្ទៃពោះ។ ក៏ប៉ុន្តែអ្នកម្តាយជាច្រើននៅតែឆ្ងល់ថា តើជារឿយៗក្នុងមួយថ្ងៃកូនក្នុងផ្ទៃរបស់ពួកគេអាចកម្រើកបានប៉ុន្មានដង?
កំណត់ត្រាចលនារបស់ទារក ប្រចាំថ្ងៃត្រូវបានតានដានដោយសង្កេត និងវាស់ឧបករណ៍ចាប់ពីម៉ោង 8:00 ព្រឹក រហូតដល់ម៉ោង 12យប់ ត្រូវបានគេរកឃើញថា នៅពេលមានគភ៌ ២០សប្តាហ៍ ទារកនឹងកម្រើកប្រហែលជា ២០០ដងក្នុងរយៈពេល ១២ម៉ោង ហើយការកម្រើកនឹងកើតមានកាន់តែច្រើនរហូតដល់ ៥៧៥ដងក្នុងរយៈពេល១២ម៉ោង នៅអាយុ ៣២សប្តាហ៍។
បន្ទាប់ពីនោះ ការកម្រើកនឹងថយចុះទៅវិញបន្តិចម្តងៗនៅសប្តាហ៍ទី ៤០ប្រហែលជា ២៨២ដងក្នុងរយៈពេល១២ម៉ោង។ ដោយសារតែទារកកាន់តែធំ កន្លែងទំនេរកាន់តែតូច ធ្វើឲ្យទារកបញ្ចេញចលនាមិនបានពេញលេញឡើយ ហើយការសម្រាលកាន់តែខិតជិតមកដល់ទារកចមានលចនាកាន់តែតិច។
ជាធម្មតា ទារកកម្រើកខ្លាំងនៅពេលនៅចន្លោះម៉ោង ៩ ទៅ ១យប់ ដែលធ្វើឲ្យអ្នកម្តាយគេងមិនសូវលក់។ ទោះជាយ៉ាងណានៅពេលមានគភ៌ ២៨សប្តាហ៍អ្នកម្តាយអាចតាមដានការកម្រើករបស់ទារក ដោយព្យាយាមសង្កេតមើលពីព្រឹកដល់ល្ងាច ឬត្រូវចំណាយពេលប្រហែលជា ១០ទៅ ១២ម៉ោង។ ការកត់សម្គាល់នេះត្រូវធ្វើឡើងបន្ទាប់ពីអាហារពេលព្រឹក ថ្ងៃត្រង់ និងពេលល្ងាច រួចរយៈពេល១ម៉ោង។ ប៉ុន្តែប្រសិនបើអ្នកសង្កេតឃើញទារក មានលចនាតិចត្រូវប្រញាប់ទៅជួបគ្រូពេទ្យជាបន្ទាន់ ព្រោះវាអាចមានបញ្ហាផ្សេងៗកើតឡើងចំពោះទារក៕