មនុស្សជាច្រើនប្រហែលជាធ្លាប់បានឮរួចមកហើយថា ពេលមានគភ៌ មិនគួរឈរយូរពេកទេ ព្រោះអាចកើតសភាវហើមជើង ឈឺខ្នង ឬវៀចសរសៃឈាមបានងាយជាងប្រក្រតី តែស្ត្រីមានគភ៌ខ្លះក៏អាចធ្វើការបែបឈរបានរហូតពេញមួយថ្ងៃដោយមិនមានកើតអ្វីធ្ងន់ធ្ងរឡើយ។ ភាគច្រើនបញ្ហាដែលពាក់ព័ន្ធនឹងការឈរធ្វើការរហូតធ្វើឱ្យកើតសភាវទាំងនោះ នឹងកើតឡើងចំពោះស្ត្រីមានគភ៌ក្នុងអំឡុងត្រីមាសចុងក្រោយ ព្រោះត្រូវទទួលទ្រទម្ងន់ដែលកាន់តែច្រើនឡើង និងក្បាលពោះក៏ធំឡើង អាចធ្វើឱ្យកើតអាការឈឺខ្នងខ្លាំងបំផុត។
ស្ត្រីមានផ្ទៃពោះដែលត្រូវឈរធ្វើការយូរៗ គួរធ្វើយ៉ាងណា?
បើស្ត្រីមានផ្ទៃពោះចៀសវាងការធ្វើការដែលត្រូវឈររហូតមិនបានមែនទែននោះ ស្ត្រីមានគភ៌គួរតែរកពេលអង្គុយ ឬដើរ ដើម្បីបន្ធូរបន្ថយសាច់ដុំឱ្យបានញឹកញាប់បំផុត ព្រោះនៅពេលឈរធ្វើការច្រើន ទឹកក្នុងរាងកាយដែលមានច្រើនជាងប្រក្រតីក្នុងអំឡុងពេលតាំងគភ៌ នឹងហូរចុះតាមកម្លាំងទំនាញផែនដីមករកជើង និងបាតជើងច្រើនជាងផ្នែកដទៃ រហូតធ្វើឱ្យម្តុំបរិវេណនោះត្រូវច្របាច់ណែនដោយឈាម និងទឹក ធ្វើឱ្យកើតអាការហើមនៅលើជើង និងបាតជើងខ្លាំងជាងគេបំផុតលើរាងកាយ។
ការប្តូរផ្លាស់ស្បែកជើងក៏ជារឿងសំខាន់ដែរ គួរផ្លាស់ប្តូរស្បែកជើងឱ្យសមល្មមនឹងជើងដែលរីកធំឡើងតាមអំឡុងអាយុគភ៌ ព្រោះវានឹងជួយកាត់បន្ថយអាការហើមបាន។
នៅពេលសម្រាកពីការងារ ស្ត្រីមានគភ៌អាចកាត់បន្ថយអាការហើមជើងបាន ដោយការអង្គុយត្រាំជើងនឹងទឹកក្តៅឧណ្ហៗ និងគេងដាក់ជើងឱ្យខ្ពស់ជាងកម្ពស់ដងខ្លួន ហើយត្រូវតមអាហារដែលមានរសជាតិប្រៃ តែបើស្ត្រីមានគភ៌សង្កេតឃើញថា មានអាការហើមជើងខ្លាំងខុសប្រក្រតី គួរប្រញាប់ទៅប្រឹក្សាជាមួយលោកគ្រូពេទ្យជាបន្ទាន់ ព្រោះអាចនឹងមានអាការជ្រៀតជ្រែកពីសភាវដទៃបាន ដូចជាសភាវលើសឈាមជាដើម៕