ហេតុអ្វីបានជាអ្នកម្តាយមួយចំនួនតែងតែកើតមានបញ្ហាហើមជើង អំឡុងពេលតាំងគភ៌? ហើមជើង គឺជារោគសញ្ញាមួយក្នុងចំណោមរោគសញ្ញាជាច្រើនដែលអ្នកម្តាយមានផ្ទៃពោះតែងតែជួបប្រទេះ ជាពិសេសនៅត្រីមាសចុងក្រោយ ដោយសារតែមូលហេតុមួយចំនួនដូចជា៖ ការផ្លាស់ប្តូរអ័រម៉ូន ស្បូនរីកធំសង្កត់លើសរសៃវ៉ែននៅតំបន់ជើងធ្វើឲ្យលំហូរឈាមរត់មិនស្រួល អ្នកម្តាយមានទម្លាប់អង្គុយ ឬឈរយូរៗពេក សារធាតុរាវនៅក្នុងខ្លួនអ្នកម្តាយធ្លាក់មកលើជើងច្រើពេក…។
តែទោះជាយ៉ាងណាអ្នកម្តាយមិនចាំបាច់ព្រួយបារម្ភឡើយ ព្រោះមានវិធីសាមញ្ញៗមួយចំនួនអាចជួយបញ្ឈប់បញ្ហាហើមជើងបាន។
ត្រាំជើងក្នុងទឹកក្តៅឧណ្ឌៗ៖ អ្នកម្តាយដែលមានអាការៈហើមជើងអាចត្រាំជើងនៅក្នុងទឹកក្តៅឧណ្ឌៗរយៈពេល ១៥ទៅ២០នាទី ដើម្បីជួយបំបាត់ការឈឺចាប់ និងហើមជើង។ មិនតែប៉ុណ្ណោះ អ្នកម្តាយអាចដាក់ប្រេងដែលមានក្លិនក្រអូបចូលក្នុងទឹកបន្តិច ដើម្បីជួយឲ្យអ្នកមានអារម្មណ៍ល្អ។
គេងដាក់ជើងឲ្យខ្ពស់៖ រាល់ពេលគេង អ្នកត្រូវយកខ្នើយកល់ក្រោមជើងទាំងពីរឲ្យខ្ពស់ជាងដងខ្លួនបន្តិច ដើម្បីជួយឲ្យឈាមរត់ត្រលប់មកពីចុងជើងវិញបានល្អ។
ម៉ាស្សាជើង និងកជើង៖ អ្នកម្តាយអាចឲ្យស្វាមីច្របាច់ជើង និងបង្វិលកជើង ចុះឡើងយឺតៗ ជារៀងរាល់មុនពេលគេង ដើម្បីឲ្យឈាមរត់បានស្រួល និងជួយកាត់បន្ថយហើមជើងផងដែរ។
ក្រៅពីនេះអ្នកម្តាយត្រូវព្យាយាមទទួលទានទឹកឲ្យបានគ្រប់គ្រាន់ ជៀសវាងអាហារប្រៃ ជៀសវាងឈរឬអង្គុយយូរពេក ហាមអង្គុយគងទាក់ខ្លា គ្រប់គ្រងទម្ងន់ឲ្យមានស្ថិរភាព និងធ្វើលំហាត់ប្រាណជាប្រចាំ។
ក្នុងករណីដែលអ្នកមានអាការហើមជើងខ្លាំង អ្នកគួរតែទៅពិគ្រោះជាមួយគ្រូពេទ្យ ដើម្បីកំណត់ឲ្យច្បាស់ថា មកពីមូលហេតុអ្វី? ឬមានបញ្ហាសុខភាពផ្សេងៗឬអត់?៕