បន្ទាប់ពីបង្កកំណើតបានរយៈពេល ៨សប្តាហ៍ ខួរក្បាលរបស់ទារកនឹងចាប់ផ្តើមបង្កើតឡើង ខណៈណឺរ៉ូនកើនឡើង ២៥០,០០០កោសិកាក្នុងមួយនាទី ហើយនៅថ្ងៃដែលទារកកើតមក កោសិកាខួរក្បាលមានរហូតដល់មួយរយពាន់លានកោសិកា។ ដូច្នេះគ្រប់នាទី សក្តានុពលខួរក្បាលរបស់ទារកនៅក្នុងផ្ទៃ មានការអភិវឌ្ឍឥតឈប់ឈរ។
ខាងក្រោមនេះ គឺជាការអភិវឌ្ឍខួរក្បាលទារក និងអ្វីដែលអ្នកម្តាយគួរធ្វើ៖
០-២ ខែ
សម្រាប់អ្នកម្តាយ៖ អ្នកម្តាយគួរទទួលទានអាហារដែលសម្បូរជាតអាស៊ីតហ្វូលិក ប៉ុន្តែយកល្អគួរតែចាប់ផ្តើមចាប់ពី៣ខែមុនពេលមានផ្ទៃពោះ និងបន្តរយៈពេល ៣ខែក្រោយពេលសម្រាល។ ព្រោះជាតិអាស៊ីតហ្វូលិក នឹងការពារភាពមិនប្រក្រតីនៃការអភិវឌ្ឍខួរក្បាលរបស់ទារកបាន។
សម្រាប់ទារក៖ វាគឺជារយៈពេលដ៏សំខាន់មួយក្នុងការរីកសាយកោសិកាខួរក្បាល បន្ទាប់ពីបង្កកំំណើត។ បំពង់ខ្យល់ ឬបំពង់សរសៃប្រសាទនឹងចាប់ផ្តើមបង្កើតឡើងបន្ទាប់ពី ២១ថ្ងៃ។ បន្ទាប់ពីនោះបំពង់សរសៃប្រសាទខាងមុខ ក្លាយជាខួរក្បាល ហើយបំបែកទៅជាផ្នែកខាងមុខនៃខួរក្បាល កណ្តោលក្លាយជាខួរឆ្អឹងខ្នង ចុងបំផុតក្លាយជាសរសៃប្រសាទ ហើយបន្តអភិវឌ្ឍទៅសរីរាង្គដទៃទៀត។
២-៣ ខែ
សម្រាប់អ្នកម្តាយ៖ ក្នុងអំឡុងពេលនេះ ការអភិវឌ្ឍខួរក្បាលរបស់ទារក អាស្រ័យលើអាកប្បកិរយារបស់អ្នកម្តាយ។ ដូច្នេះអ្នកគួរតែមានសុខភាពផ្លូវចិត្តល្អ ហូបល្អ និងកុំប្រើថ្នាំដែលរំខានដល់ការអភិវឌ្ឍន៍ខួរក្បាលកូនឲ្យសោះ។ នៅឲ្យឆ្ងាយពីបរិយាកាសពុល ជៀសវាងលាបថ្នាំសក់ ព្រោះខួរក្បាលកូនស្ថិតក្នុងដំណាក់កាលអភិវឌ្ឍ។
សម្រាប់ទារក៖ កោសិកាខួរក្បាលនឹងចាប់ផ្តើមកើនឡើង ហើយទារកនឹងចាប់ផ្តើមភ្លក់រសជាតិទឹកភ្លោះ ៤រសជាតិ គឺជូរ ចត់ ប្រៃ ផ្អែម។
៣-៤ ខែ
សម្រាប់អ្នកម្តាយ៖ អ្នកម្តាយត្រូវថែរក្សារាងកាយឲ្យបានល្អ ដោយសម្រាកឲ្យគ្រប់គ្រាប់ ព្រោះអំឡុងពេលនេះការរំញោចខាងក្រៅ អាចមិនសូវមានផលប៉ះពាល់ច្រើនដល់ខួរក្បាលទារកទេ។ ប៉ុន្តែប្រសិនបើអ្នកម្តាយចង់ស្តាប់តន្ត្រី អាចធ្វើបាន ព្រោះតន្ត្រីធ្វើឲ្យមានអារម្មណ៍ស្រស់ថ្លា និងផ្តល់ប្រយោជន៍ដល់កូនផងដែរ។
ចំពោះទារក៖ ខួរក្បាលហ៊ុំព័ទ្ធដោយខ្លាញ់ ហើយភ្នែក និងត្រចៀកចាប់ផ្តើមប្រតិកម្មទៅនឹងសំលេង។ ប៉ុន្តែគ្រាន់តែជាការស្តាប់លឺប៉ុណ្ណោះ មិនអាចចាំ ឬសម្គាល់ថាជាសំលេងអ្នកណាទេ។
៤-៦ ខែ
សម្រាប់អ្នកម្តាយ៖ ក្នុងអំឡុងពេលនេះ ទារកអាចចាប់ផ្តើមទទួលការរំញោចពីខាងក្រៅ ហេតុនេះអ្នកម្តាយគួរតែនិយាយជាមួយកូនឲ្យញឹកញាប់។ នៅពេលអ្នកនិយាយជាមួយកូន អ្នកនឹងសម្គាល់ឃើញថា ទារកឆ្លើយតបតាមរយៈការកម្រើក។ ក្រៅពីការនិយាយ អ្នកអាចច្រៀង ឬស្តាប់តន្ត្រីដែលមានចង្វាក់យឺតៗ ក៏បានដែរ។
សម្រាប់ទារក៖ ក្នុងអំឡុងពេលនេះ ទារកនឹងរៀន ហើយបែងចែករសជាតិអាហារបានល្អ។ ការស្គាល់រសជាតិខុសៗគ្នា ធ្វើឲ្យប្រសើរឡើងនូវកោសិកាខួរក្បាល នងការតភ្ជាប់ខួរក្បាល។
៦-៧ ខែ
សម្រាប់អ្នកម្តាយ៖ អ្នកម្តាយគួរតែចាប់ផ្តើមរំញោចចក្ខុវិស័យរបស់កូន តាមរយៈការប្រើពិលបំភ្លឺពោះ ហើយធ្វើចលនាយឺតៗ វានឹងជួយជំរុញការបង្កើតកោសិកាប្រសាទឲ្យបែក និងតភ្ជាប់បានកាន់តែមានប្រសទ្ធិភាព។ ការបំភ្លឺនេះអាចជួយឲ្យទារករៀន និងយល់យ៉ាងឆាប់រហ័ស ប៉ុន្តែត្រូវប្រយ័ត្នកុំឲ្យពន្លឺភ្លឺខ្លាំងពេក ព្រោះវាបង្កគ្រោះថ្នាក់ដល់រីទីណារបស់កូនបាន។
សម្រាប់ទារក៖ ខួរក្បាលទារកនៅតែលូតលាស់ និងមានសញ្ញាសម្គាល់។ ប៉ុន្តែមានកោសិកាខួរក្បាលបន្ថែមទៀត រួមជាមួយសរសៃប្រសាទអុបទិកនឹងចាប់ផ្តើមធ្វើការយ៉ាងខ្លាំង ហើយការឆ្លើយតបទៅនឹងពន្លឺ គឺនៅ២៨សប្តាហ៍ ឬច្រើនជាងនេះ។
៧-៩ ខែ
សម្រាប់អ្នកម្តាយ៖ ក្នុងអំឡុងពេលនេះការរំញោចពន្លឺ និងសំលេងនៅតែត្រូវបានអនុវត្ត ប៉ុន្តែអាចផ្លាស់ប្តូរបន្តិចដោយចាក់ចម្រៀងដដែលៗរយៈពេល ១ទៅ២ម៉ោងក្នុងមួយថ្ងៃ។ បន្ទាប់ពកំណើត ប្រសិនបើទារកយំ អ្នកម្តាយអាចច្រៀង ឬចាក់ចម្រៀងដែលទារកធ្លាប់ស្តាប់តាំងពីនៅក្នុងផ្ទៃ ពួកគេនឹងបាត់យំភ្លាម។
សម្រាប់ទារក៖ ក្នុងអំឡុងពេលនេះ ខួរក្បាលរបស់កូននឹងចាប់ផ្តើមមានស្នាមជ្រួញ ដើម្បីបង្កើនផ្ទៃនៃខួរក្បាល កន្លែងផ្ទុកកាន់តែច្រើន ហើយការស្តាប់របស់ទារក នៅអាយុនេះមានប្រសិទ្ធភាពដូចទារកទើបនឹងកើតដែរ ហើយទារកអាចស្តាប់សំលេងឪពុកម្តាយបាន។
អំឡុងពេលមានផ្ទៃពោះ អ្នកម្តាយច្បាស់ជាឆាប់ខឹងឆេឆាវណាស់ ហេតុនេះជំនួយការដ៏សំខាន់ គឺស្វាមី ត្រូវដើរតួនាទីថែរក្សាទាំងសុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់អ្នកម្តាយឲ្យបានល្អ។ ព្រោះអារម្មណ៍ និងបរិយាកាសជុំវិញខ្លួនសុទ្ធតែប៉ះពាល់ដល់ការលូតលាស់របស់កូន៕