ជំងឺព្រាយក្រឡាភ្លើង គឺជាជំងឺដែលកើតឡើងដោយសារតែការឡើងឈាម រួមជាមួយនឹងកម្រិតប្រូតេអ៊ីននៅក្នុងទឹកនោមច្រើនលើសកម្រិត។ ភាគច្រើនជំងឺនេះកើតចំពោះស្ត្រីមានផ្ទៃពោះនៅសប្តាហ៍ទី ២០ ហើយងាយនឹងបង្កគ្រោះថ្នាក់ខ្លាំង ទាំងម្តាយ និងកូនមិនទាន់កើត។
ចំពោះរោគសញ្ញានៃជំងឺព្រាយក្រឡាភ្លើងមានដូចជា៖ សម្ពាធឈាមឡើងខ្ពស់លើស ឬស្មើ ១៤០, ប្រូតេអ៊ីនត្រូវបានរកឃើញនៅក្នុងទឹកនោមច្រើនពេក, ឡើងទម្ងន់យ៉ាងឆាប់រហ័ស, ហើមមុ ដៃ ជើង, ឈឺចាប់នៅតំបន់ថ្ងាស ទោះលេបថ្នាំក៏មិនបានធូរស្រាល, ភ្នែកព្រិលៗ ឬមើលមិនឃើញសោះជាបណ្តោះអាសន្ត, តឹងណែនក្នុងទ្រូង ឬតំបន់អណ្តោត, ប្រសិនបើធ្ងន់ធ្ងរអាចប្រកាច់ ឬហូរឈាមក្នុងខួរក្បាល។
ផលវិបាកចំពោះអ្នកម្តាយ៖
១.ដាច់សរៃឈាមក្នុងខួរក្បាលអាចបណ្តោលឲ្យស្លាប់បាន
២.ប្រកាច់
៣.ព្រិតភ្នែកមើលអ្វីមិនឃើញជាបណ្តោះអាសន្ន ឬជាអចិន្ត្រៃ
៤.មានជំងឺហើមសួត
៥.ហូរឈាមនៅក្នុងសរីរាង្គផ្សេងៗ ដោយសារប្លាកែតថយចុះ។
ផលវិបាកចំពោះទារក៖
១.ការលូតលាស់របស់ទារកមានភាពយឺតយ៉ាវ
២.មានការរំខានដល់សុក
៣.ទារកស្លាប់នៅក្នុងផ្ទៃ
៤.បេះដូងទារកដើរយឺត ដោយសារការស្ទះអុកស៊ីសែន។
ប្រសិនបើមានរោគសញ្ញាសង្ស័យណាមួយនៃជំងឺព្រាយក្រឡាភ្លើង ត្រូវប្រញាប់ទៅជួបគ្រូពេទ្យធ្វើការព្យាបាលជាបន្ទាប់ ដើម្បីជៀសវាងផលប៉ះពាល់ធ្ងន់ធ្ងរទាំងម្តាយ និងកូន៕