មុនពេលស្វាគមន៍សមាជិកថ្មីមកដល់ អ្នកម្តាយភាគច្រើនតែងមានការព្រួយបារម្ភខុសៗគ្នា នៅដំណាក់កាលដំបូងនៃការមានផ្ទៃពោះ។ ទាំងសុខុមាលភាព និងការផ្លាស់ប្តូរអារម្មណ៍ អាចជះឥទ្ធិពលអវិជ្ជមានដោយផ្ទាល់ទៅលើទារក។ ដូច្នេះ Babyandmom សូមនាំនូវគន្លឹះល្អៗ មួយចំនួនអំពីការមើលថែខ្លួននៅដំណាក់កាលដំបូងនៃការមានផ្ទៃពោះ សម្រាប់ម្តាយថ្មោងថ្មី។
១.ជ្រើសរើសអាហារដែលមានជីវិតជាតិ
ដើម្បីទទួលបានប្រយោជន៍ចំពោះសុខភាពខ្លួនឯង និងកូនក្នុងផ្ទៃ អ្នកគួរតែផ្តោតសំខាន់ទៅលើអាហារដែលសម្បូរសារធាតុចិញ្ចឹមដូចជា ប្រូតេអ៊ីន កាល់ស្យូម អាស៊ីតហ្វូលិក ដើម្បីជួយជំរុញដល់ការអភិវឌ្ឍន៍ខួរក្បាល និងសាច់ដុំរបស់ទារកឲ្យបានល្អដូចជា ទឹកដោះគោ អាហារសមុទ្រ និងបន្លែបៃតង។ លើសពីនេះ កាត់បន្ថយ ឬសូមជៀស តែ កាហ្វេ និងជាតិអាល់កុល។
២.ថែរក្សាសុខភាពផ្លូវចិត្តជានិច្ច
វាត្រូវបានគេដឹងយ៉ាងច្បាស់ថា អ្នកម្តាយដែលមានភាពតានតឹង ក៏អាចប៉ះពាល់ដល់ទារក មិនទាន់កើតដែរ។ ដូច្នេះការព្រួយព្រួយបារម្ភ ដោយសារតែការងារ ឬបញ្ហាផ្សេងៗ គួរតែកម្ចាត់ចោល តាមរយៈការស្តាប់តន្ត្រី អានសៀវភៅ និងដើរលំហែរ។ល។
៣.សម្រាកឲ្យបានគ្រប់គ្រាន់
ដោយសារតែក្នុងអំឡុងពេលមានផ្ទៃពោះ អ្នកម្តាយនឹងចាប់ផ្តើមមានអារម្មណ៍ថា ពួកគេអស់កម្លាំងយ៉ាងងាយ។ ហេតុនេះ អ្នកម្តាយគួរតែគេងឲ្យបានច្រើន ឬបង្កើនការសម្រាកឲ្យបាន ១ទៅ២ម៉ោងក្នុងមួយថ្ងៃ។
៤.ធ្វើលំហាត់ប្រាណស្រាលៗ
ជ្រើសរើសសកម្មភាពរាងកាយស្រាលៗ ដូចជា ហាត់យូហ្កា ដើរជុំវិញសួនច្បាស់ ឬការងារផ្ទះស្រាលៗ ដើម្បីជួយជំរុញប្រព័ន្ធរាងកាយឲ្យដំណើរការបានល្អ។ ការធ្វើលំហាត់ប្រាណជាទៀងទាត់ ក៏អាចជួយឲ្យការសម្រាលកូនមានភាពងាយស្រួលផងដែរ ប៉ុន្តែគួរជៀសវាងការធ្វើលំហាត់ប្រាណខ្លាំងៗ និងការលើករបស់ធ្ងន់ៗ។
៥.ឧស្សាហ៍ទៅជួបគ្រូពេទ្យ
ជាធម្មតា អ្នកម្តាយខ្លះដែលទើបនឹងមានកូនដំបូង មិនសូវដឹងពីរោគសញ្ញាមិនប្រក្រតីដែលកើតមានឡើងឡើយ ដែលជាហេតុធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ទារកមិនទាន់កើត។ ដូច្នេះប្រសិនបើមានអាការៈមិនប្រក្រតី ឬរោគសញ្ញាចម្លែកដូចជា ឈឺពោះញឹកញាប់ ឬឈឺពេលព្រឹកធ្ងន់ធ្ងរ អ្នកគួរតែទៅជួបគ្រូពេទ្យ ដើម្បីពិនិត្យមើល និងដោះស្រាយបានទាន់ពេល។
ទោះជាយ៉ាងណាក៏ដោយ អ្នកម្តាយទាំងឡាយគួរតែសម្រាកឲ្យបានច្រើ ធ្វើចិត្តឲ្យសប្បាយៗ កុំមានចិត្តព្រួយបារម្ភច្រើនពេក ហើយរៀបចំខ្លួនដើម្បីស្វាគមន៍សមាជិកថ្មី៕