រោគសញ្ញាទាំង ៧យ៉ាងខាងក្រោមនេះ អាចកើតឡើងចំពោះអ្នកម្តាយដែលកំពុងតែមានផ្ទៃពោះ ដោយមានស្ថានភាពខុសប្លែកពីគ្នា។
១.ឈឺពោះនៅត្រីមាសដំបូង
ដោយសារតែស្បូនរីកធំ ហើយសរសៃចងដែលភ្ជាប់ពីស្បូនទៅកាន់ឆ្អឹងតំបន់ឯកជន និងតំបន់ក្រលៀនទាំងសងខាង ត្រូវបានទាញយ៉ាងតឹង ដែលបណ្តោលឲ្យអ្នកម្តាយមានអារម្មណ៍ឈឺចាប់នៅផ្នែកខាងក្រោមពោះ។ ការឈឺចាប់នៅតំបន់ក្រលៀនទាំងសងខាង មិនប៉ះពាល់ដល់ទារកឡើយ ប៉ុន្តែវាធ្វើឲ្យអ្នកម្តាយមិនស្រួល ឬព្រួយបារម្ភអំពីការឈឺចាប់រហូតដល់ថ្នាក់ស្ត្រេស។
២.ហើមជើងអំឡុងត្រីមាសទី២ទៅទី៣
ការហើមជើង ដែលបណ្តោលមកពីការកើនឡើងបរិមាណសារធាតុរាវនៅក្នុងខ្លួន ត្រូវបានគេចាត់ទុកថាជារឿងធម្មតា។ វាអាចត្រូវបានសម្រាល ដោយតម្រូវឲ្យអ្នកម្តាយជៀសវាងឈរយូរៗពេក ហើយព្យាយាមគេងលើកជើងឲ្យខ្ពស់ជាងដងខ្លួន។
ប៉ុន្តែប្រសិនបើវាជាការហើមជើងដែលបណ្តោលមកពីការកកស្ទះនៅក្នុងសរសៃវ៉ែនជ្រៅៗ វាមានគ្រោះថ្នាក់។ ក្នុងករណីដែលរោគសញ្ញាមានលក្ខណៈធ្ងន់ធ្ងររហូតដល់រលាក ហើយមានគ្រុនក្តៅ ត្រូវទៅព្យាបាលនៅមន្ទីរពេទ្យភ្លាម។
៣.ចាញ់កូន នៅត្រីមាសដំបូង
ការចាញ់កូនរបស់អ្នកម្តាយគ្រប់រូបមានលក្ខណៈខុសគ្នាៗ អ្នកម្តាយខ្លះអាចមានសភាពធម្មជាតិ អ្នកខ្លះអាចចាញ់ធ្ងន់ធ្ងរជាមួយនឹងការក្អួត មិនអាបរិភោគបាន វិលមុខញឹកញាប់ ឬចាញ់រហូតដល់កើត។ ប្រសិនបើការចាញ់ធ្ងន់ធ្ងរ អាចបណ្តោលឲ្យទារកមានការលូតលាស់យឺត ដោយសរតែទារក មិនអាចទទួលបានសារធាតុចិញ្ចឹមពីអាហារបានគ្រប់គ្រាន់។
សម្រាប់អ្នកម្តាយដែលចាញ់ គួរតែជៀសវាងអាហារសម្បូរខ្លាញ់ និងកុំទុកពោះឲ្យនៅទទេ។ ក្រៅពីនេះអ្នកម្តាយគួរផឹកទឹកក្រូចឆ្មាក្តៅឧណ្ឌៗ ឬទឹកខ្ញីក្តៅឧណ្ឌៗនៅពេលព្រឹក ដើម្បីកាត់បន្ថយការឈឺចាប់។ ក្នុងករណីដែលអ្នកម្តាយចាញ់ធ្ងន់ធ្ងរ ត្រូវពិគ្រោះជាមួយគ្រូពេទ្យដើម្បីរកវិធីដោះស្រាយជាបន្ទាន់។
៤.ដួលសន្លប់ អំឡុងត្រីមាសទី២និងទី៣
៥ខែនៃការមានផ្ទៃពោះ ស្បូនកាន់តែរីកធំ និងផ្អៀងទៅខាងស្តាំង ហើយសង្កត់លើសរសៃធំៗ ដែលដឹកឈាមត្រលប់ទៅកាន់បេះដូងវិញ ជាហេតុធ្វើឲ្យឈាមហូរតិចៗ និងយឺត។ ជាលទ្ធផលនៅពេលក្រោកពីដំណេកលឿនៗ អ្នកម្តាយអាចសន្លប់។ ប្រសិនបើអាការៈនឿយហត់ អស់កម្លាំង ញ័រទ្រូង ចង្វាក់បេះដូងលោតមិនទៀងទាត់ ឬដើរច្រើនងាយដួលសន្លប់សូមប្រយ័ត្នជំងឺបេះដូង ដែលអាចកើតមាននៅពេលក្រោយ។
ដើម្បីកាត់បន្ថយបញ្ហាដួលសន្លប់ អ្នកម្តាយគួរតែផ្លាស់ប្តូរទម្លាប់នៃការគេង ដោយគេងផ្អៀងទៅខាងឆ្វេង ហើយនៅពេលក្រោកពីដំណេក សូមងើបយឺតៗដើម្បីឲ្យឈាមរត់បានស្រួល។
៥.ដង្ហើមខ្លី អំឡុងត្រីមាសទី២និងទី៣
ការដកដង្ហើមរាក់ៗ ហើយញាប់ បណ្តោលមកពីអ័រម៉ូននៃការមានផ្ទៃពោះបង្កឲ្យមានការផ្លាស់ប្តូរចង្វាក់ដង្ហើម។ លើសពីនេះអំឡុងពេលមានផ្ទៃពោះ អ្នកម្តាយនឹងមានឈាម ៤០ភាគរយទៀត ចូលមកក្នុងបេះដូង ហើយរាងកាយរបស់អ្នកម្តាយនឹងមានការផ្លាស់ប្តូរ និងបង្កើនបន្ទុកលើបេះដូងធ្វើកាន់តែខ្លាំង។
ប្រសិនបើអ្នកម្តាយមានជំងឺបេះដូងរួចទៅហើយនោះ បេះដូងនឹងត្រូវមានផលវិបាកកាន់តែខ្លាំង។ ដូច្នេះបើអ្នកម្តាយមានអារម្មណ៍ថា ពិបាកដកដង្ហើម គេងមិនលក់ ក្អកចេញឈាម ដួលសន្លប់ ត្រូវពិគ្រោះជាមួយគ្រូពេទ្យជាបន្ទាន់។
៦.ហូរទឹករំអិលពណ៌ស អំឡុងពេលត្រីមាសទី២និងទី៣
អំឡុងពេលមានផ្ទៃពោះ នឹងមានការបញ្ចេញទឹករំអិលចេញពីទ្វារមាសច្រើនជាងធម្មតា។ ជាធម្មតាមានផ្សិតប្រហែលជា ១០ភាគរយនៅក្នុងទ្វារមាស ប៉ុន្តែដោយសារឥទ្ធិពលអ័រម៉ូន និងបរិមាណទឹករំអិលច្រើន ធ្វើឲ្យទ្វារមាសរលាក រមាស់ ហើម យ៉ាងងាយ។
ប្រសិនបើការហូរទឹករំអិលមានពណ៌ខុសពីធម្មតា អ្នកគួរតែទៅជួបគ្រូពេទ្យជាបន្ទាន់ នេះដោយសារតែទ្វារមាសកំពុងតែឆ្លងមេរោគ ហើយអាចបង្កឲ្យមានការដាច់រហែកដល់ថង់ទឹកភ្លោះ និងកូនកើតមិនគ្រប់ខែ។
៧.ឈឺក្បាលនៅត្រីមាសទី២ និងទី២
អ័រម៉ូន មានផ្ទៃពោះកើនឡើងប៉ះពាល់ដល់ការផ្លាស់ប្តូរអ័រម៉ូននៅក្នុងរាងកាយ ដែលអាចបង្កឲ្យឈឺក្បាលប្រកាំង។ ជាពិសេសអ្នកម្តាយដែលធ្លាប់ឈឺក្បាលប្រកាំងមុនពេលមានផ្ទៃពោះ។
ដើម្បីកាត់បន្ថយបញ្ហាឈឺក្បាលប្រកាំង អ្នកម្តាយគួរតែជៀសវាងបញ្ហាស្ត្រេស សម្រាកឲ្យបានគ្រប់គ្រាន់ ជៀសវាងស្ថិតក្នុងតំបន់ត្រជាក់ខ្លាំង ឬក្តៅខ្លាំងពេក និងធ្វើការម៉ាស្សាដើម្បីបន្ធូរអារម្មណ៍។
ប្រសិនបើការមានផ្ទៃពោះឈឺក្បាលនៅតំបន់ប្រសាទ ថប់បារម្ភខ្លាំង ព្រិលចក្ខុវិស័យ រាងកាយហើម ត្រូវប្រញាប់ធ្វើការព្យាបាលភ្លាមៗ ព្រោះការទុកយូរអាចបង្កឲ្យមានគ្រោះថ្នាក់៕