ការអភិវឌ្ឍន៍ និងវិធីពង្រឹងឆ្អឹងទារកឲ្យរឹងមាំតាំងពីនៅក្នុងផ្ទៃ

0
1

រចនាសម្ព័នដ៏សំខាន់នៅក្នុងរាងកាយរបស់ទារក គឺឆ្អឹង ព្រោះវាជាផ្នែកមួយក្នុងការតភ្ជាប់សាច់ដុំ និងសរីរាង្គផ្សេងៗ។ ឆ្អឹងអាចលូតលាស់ពេញលេញ និងមានភាពរឹងមាំបាន អាស្រ័យទៅលើបរិមាណកាល់ស្យូមពីរាងកាយអ្នកម្តាយដែលផ្តល់ឲ្យកូន។ ដូច្នេះអ្នកម្តាយគួរតែជួយពង្រឹងឆ្អឹងរបស់កូន រួមជាមួយនឹងការវិវត្តផ្សេងៗក្នុងត្រីមាសនីមួយៗ។

ការអិវឌ្ឍន៍ឆ្អឹងរបស់ទារក

ត្រីមាសដំបូងឆ្អឹងខ្នងចាប់ផ្តើមអភិវឌ្ឍន៍

នៅសប្តាហ៍ទី៦ ឆ្អឹងលូតលាស់ពីកោសិកាអំប្រ៊ីយ៉ុងមួយក្រុម ដែលមានទីតាំងស្ថិតនៅក្នុងស្រទាប់កណ្តោល ហើយកោសិកានេះនឹងផ្លាស់ប្តូរទៅជាគ្រោងឆ្អឹង។ ឆ្អឹងខ្នងរបស់ទារក ចាប់ផ្តើមវិវឌ្ឍន៍មុនឆ្អឹងណាៗទាំងអស់ ហើយក្នុងអំឡុងពេលនេះរាងកាយរបស់ទារក មានរូបរាងកោងដូចជាបង្គាអញ្ចឹង។

ចូលដល់សប្តាហ៍ទី១០ ទម្រង់មុខរបស់ទារកចាប់ផ្តើមអភិវឌ្ឍន៍ឡើង ដោយសារតែផ្នែកនីមួយៗនៃឆ្អឹងផ្នែកខាងមុខបានអភិវឌ្ឍន៍ភ្ជាប់គ្នា។ រហូតដល់មានការបង្កើតរចនាសម្ព័នមួយ ដើម្បីឲ្យសាច់ដុំអាចរួមបញ្ចូលគ្នាបាន។

ត្រីមាសទី២ កាល់ស្យូមជួយឲ្យឆ្អឹងរឹងមាំល្អ

សប្តាហ៍ទី ១៤ទៅ១៨ ដងខ្លួនរបស់ទារកចាប់ផ្តើមត្រង់បន្តិចម្តងៗ ហើយឆ្អឹងជំនីត្រូវបានបង្កើតឡើង។ នៅសប្តាហ៍នេះផងដែរ ទារកនិងមានម្រាមដៃ ម្រាមជើង ហើយឆ្អឹងខ្ចីមួយចំនួនចាប់ផ្តើមស្រូបយកកាល់ស្យូម រហូតដល់ក្លាយទៅជាឆ្អឹងរឹងមាំ។ សូមបីតែធ្មេញដែលលាក់នៅក្នុងអញ្ជាញធ្មេញក៏បានលូតលាស់ហើយដែរ។

សប្តាហ៍ទី២២ រចនាសម្ព័នគ្រោងរាងកាយទារក បានវិវត្តន៍រហូតដល់មានរូបរាងស្រដៀងនឹងទារកទើបនឹងកើត។

ត្រីមាសទី៣ គ្រោងឆ្អឹងត្រូវបានអភិវឌ្ឍន៍យ៉ាងពេញលេញ

សប្តាហ៍ទី២៦ទៅ៣០ ដោយសារតែទទួលបានកាល់ស្យូមពីម្តាយ ធ្វើឲ្យឆ្អឹងរបស់ទារកត្រូវបានបង្កើតឡើងយ៉ាងរឹងមាំ ទាំងម្រាមដៃ ម្រាមជើង។

សប្តាហ៍ទី ៣៤ទៅ៤០ ឆ្អឹងទាំងអស់នៅក្នុងរាងកាយត្រូវបានអភិវឌ្ឍន៍ពេញបរិបូណ៌។

គន្លឹះផ្តល់កាល់ស្យូមឲ្យគ្រប់គ្រាន់ពេលមានផ្ទៃពោះ

ដើម្បីជួយពង្រឹងឆ្អឹងរបស់ទារកក្នុងផ្ទៃឲ្យរឹងមាំល្អ អ្នកម្តាយគួរតែព្យាយាមទទួលទានកាល់ស្យូមឲ្យបានច្រើនជាងធម្មតា។ ព្រោះទារកនឹងទាញជាតិកាល់ស្យូមនៅក្នុងខ្លួនម្តាយ ដើម្បីប្រើសម្រាប់ការលូតលាស់។ ប្រសិនបើអ្នកម្តាយមិនសូវទទួលទានអាហារដែលមានជាតិកាល់ស្យូមទេ វាអាចបណ្តោលឲ្យទារកមានឆ្អឹងទន់ខ្សោយ ហើយអ្នកម្តាយអាចមានអាការៈរមួលក្រពើញឹកញាប់។ ដូច្នេះអ្នកមានផ្ទៃពោះ គួរតែទទួលទានអាហារដែលមានជាតិកាល់ស្យូមខ្ពស់ដូចជា ទឹកដោះគោយ៉ាអួ តៅហ៊ូ សណ្តែកសៀង ស៊ុតលឿង ខាត់ណាផ្តាពណ៌ខៀវ ស្ពៃក្តោប ល្ពៅ។ល។ អាហារទាំងនេះមិនត្រឹមតែការពារកង្វះជាតិកាល់ស្យូមសម្រាប់ទារក ប៉ុណ្ណោះទេ វាក៏ផ្តល់សារធាតុចិញ្ចឹមដ៏មានប្រយោជន៍ដល់ទារកផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here