គ្រោះថ្នាក់ និងមូលហេតុធ្វើឲ្យស្ត្រីមានផ្ទៃពោះគេងមិនលក់តាំងពីត្រីមាសទី១ដល់ទី៣

0
1

ភាពអត់ងងុយ ឬងងុយគេង គឺជាបញ្ហាមួយដែលស្ត្រីមានផ្ទៃពោះភាគច្រើនតែងតែជួបប្រទេះ ហើយមានអ្នកខ្លះអាចជួបប្រទេះតាំងពីត្រីមាសទី១ រហូតដល់ត្រីមាសទី៣ក៏មានដែរ។ មូលហេតុចម្បងដែលធ្វើឲ្យស្ត្រីមានផ្ទៃពោះទាំងឡាយកើតមានបញ្ហាគេងមិនលក់ គឺការផ្លាស់ប្តូរអ័រម៉ូននៅក្នុងរាងកាយ។

ជាពិសេសនៅត្រីមាសទី១ កម្រិតអ័រម៉ូនខ្ពស់ជាងធម្មតា ដែលធ្វើឲ្យអ្នកម្តាយមានអារម្មណ៍ឆាប់ខឹង​ អស់កម្លាំង​ ថប់បារម្ភ គេងមិនលក់ ឬងងុយគេងខ្លាំងតែមិនអាចគេងបាន។ អ្នកម្តាយខ្លះដែលគេងច្រើននៅពេលថ្ងៃ គឺជាហេតុផលមួយទៀតដែលធ្វើឲ្យពួកគេមិនមានអារម្មណ៍ងងុយគេងនៅពេលយប់។

ខណៈត្រីមាសទី២ ស្ត្រីគេងមិនលក់ដោយសារតែការរើបំរាស់របស់ទារក្នុងផ្ទៃ ហើយរយៈពេលនេះ អ័រម៉ូន progesterone នៅក្នុងរាងកាយនៅតែបន្តកើតមានខ្ពស់។ ដូច្នេះអ្នកម្តាយក៏មិនអាចគេងលក់ស្រួលដែរ។

ចូលដល់ត្រីមាសចុងក្រោយ អ្នកម្តាយខ្លះក៏នៅតែគេងមិនបានលក់ស្រួលដដែល ដោយសារតែការរីកធំនៃពោះ។ ដូច្នេះអ្នកម្តាយអាចមានអារម្មណ៍ថាឆ្អែត ឆ្អល់ ក្រហាយទ្រូង ឈឺខ្នង ឬឈឺពោះចង់នោមរហូត ធ្វើឲ្យអ្នកម្តាយត្រូវក្រោកចូលបន្ទប់ទឹកញឹកញាប់។

ការគេងមិនលក់ប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរទាំងម្តាយ និងកូនក្នុងផ្ទៃ

សម្ពាធឈាមឡើងខ្ពស់៖ បើគ្រាន់តែម្តងម្កាលវាមិនអីនោះទេ ប៉ុន្តែប្រសិនបើវាកើតឡើងជារៀងរាល់យប់ នោះមិនមែនជារឿងល្អនោះទេ។ ព្រោះនៅពេលគេងមិនលក់អ្នកម្តាយនឹងកើតស្ត្រេសកាន់តែខ្លាំង ហើយទីបំផុតហានិភ័យសម្ពាធឈាមឡើងខ្ពស់នឹងកើតមានឡើង។ ដូច្នេះអ្នកម្តាយគួរតែគេងឲ្យបាន ៨ទៅ៩ម៉ោងដើម្បីឲ្យរាងកាយមានតុល្យភាព និងគ្រប់គ្រងអ័រម៉ូនប្រកបដោយប្រសិទ្ធភាព។ ជាពិសេសអ័រម៉ូនដែលគ្រប់គ្រងមុខងាររបស់សរសៃឈាម ពីព្រោះបើអ្នកម្តាយគេងមិនបានគ្រប់គ្រាន់អាចបណ្តោលឲ្យមានការផ្លាស់ប្តូរអ័រម៉ូន ជាលទ្ធផលសម្ពាធឈាមឡើងខ្ពស់ និងអាចបណ្តោលឲ្យមានជំងឺព្រាយក្រឡាភ្លើង។

ទារកមានការលូតលាស់យឺត៖ នៅពេលអ្នកម្តាយគេងមិនលក់ជាប្រចាំ ទារកក៏គេងមិនលក់ដូចគ្នាដែរ។ ចំណុចនេះ អាចប៉ះពាល់ដល់ការលូតលាស់ទាំងរាងកាយ និងខួរក្បាលទារក។ ការគេងមិនលក់របស់អ្នកម្តាយ អាចធ្វើឲ្យរាងកាយចុះខ្សោយ លំហូរឈាមរត់មិនសូវល្អ ហើយការផ្គត់ផ្គង់ឈាមទៅទារកមានប្រសិទ្ធិភាពទាប ឬមិនគ្រប់គ្រាន់។ នៅពេលទារកកើតមកវាមានទម្ងន់តិចជាងស្តង់ដារ ហើយការលូតលាស់មានភាពយឺតយ៉ាវជាងទារកផ្សេងទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here