របៀបដេក ដើរ អង្គុយ ឲ្យមានផាសុខភាពអំឡុងពេលមានផ្ទៃពោះ

0
1

ការមានផ្ទៃពោះ គឺជាពេលវេលាដ៏រំភើបបំផុត និងជាការទន្ទឹងដោយអន្ទះសារផងដែរ។ ប៉ុន្តែឈានដល់ពេល៩ខែ ក្បាលពោះចេះតែធំទៅៗ វាអាចធ្វើឲ្យអ្នកម្តាយពិបាកសព្វបែបសព្វយ៉ាង មិនថាសកម្មភាពប្រចាំថ្ងៃឡើយ។ ដូច្នេះដើម្បីរក្សាសុវត្ថិភាព អ្នកម្តាយត្រូវមានការប្រុងប្រយ័ត្នចំពោះឥរិយាបថទាំងដេក ដើរ អង្គុយ ឲ្យមែនទែន។

ការគេង

នៅពេលគេង អ្នកម្តាយត្រូវធ្វើយ៉ាងណាដាក់ខ្នងឲ្យត្រង់ ដោយប្រើខ្នើយតូចមួយ ឬកន្សែងកល់នៅក្រោមខ្នង។ វាកាន់តែប្រសើរ ប្រសិនបើអ្នកគេងផ្អៀងទៅឆ្វេង ឬស្តាំង ហើយមិនគួរគេងផ្តាប់មុខដាច់ខាត។

ចំពោះអ្នកម្តាយដែលចូលចិត្តគេងផ្ងារ ត្រូវប្រើខ្នើយ ឬកន្សែងកល់ពីក្រោមគន្លាក់ជើងទាំងពីរឲ្យខ្ពស់បន្តិច ដើម្បីជួយសម្រាលសម្ពាធ និងជួយកាត់បន្ថយការឈឺឆ្អឹងខ្នងផងដែរ។ ដោយសារតែសរសៃឈាមដែលត្រូវផ្គតផ្គង់ទៅដៃ ជើង និងខួរក្បាល ស្ថិតនៅចំកណ្តោលនៃរាងកាយ។ ប្រសិនបើអ្នកគេងផ្ងារ ដោយមិនបានប្រើខ្នើយកល់ពីក្រោមជើង ទម្ងន់ស្បូននឹងដាក់សម្ពាធមកលើសរសៃឈាមធំ ធ្វើឲ្យលំហូរឈាមរត់មិនបានល្អឡើយ។

ចំពោះគ្រែគេងត្រូវមានភាពរឹងមាំ ហើយពូកមិនត្រូវទន់ពេកទេ ព្រោះមិនអាចធ្វើឲ្យឆ្អឹងខ្នងត្រង់បាន។ ដូច្នេះពូកត្រូវជ្រើសឲ្យរឹងបន្តិច ដើម្បីទ្រទ្រងឆ្អឹងខ្នងបានល្អ និងមិនធ្វើឲ្យឈឺខ្នង។

ចំណែកឯខ្នើយគេង ក៏មិនត្រូវជ្រើសយកខ្នើយដែរខ្ពស់ពេកដែរ ព្រោះវាអាចធ្វើឲ្យអ្នកម្តាយពិបាកគេង ហើយអាចបណ្តោលឲ្យឈឺកថែមទៀត។

ការដើរ

ទម្លាប់ដើរឲ្យបានច្រើន អាចធ្វើឲ្យស្ត្រីមានផ្ទៃពោះមានសុខភាពល្អ ប៉ុន្តែត្រូវប្រាដកថា អ្នកមិនត្រូវដើរដូចបវរកញ្ញា ឬតារាបង្ហាញម៉ូតនោះទេ។ អ្នកម្តាយត្រូវដើរបោះជំហ៊ានទៅមុខតាមដំណើរ កុំប្រញាប់ប្រញ៉ាល់ពេក កាច់ឬកកាច់រាង ដែលនាំឲ្យជំពប់ជើងដួល ឬមានបញ្ហារលាកសន្លាក់ជើង និងត្រគាក។ ប៉ុន្តែបើអ្នកដើរឲ្យត្រង់ខ្លួន និងមានតុល្យភាព សន្លាក់មិនងាយមានបញ្ហាឡើយ។

ជាពិសេសអ្នកមិនត្រូវពាក់ទ្រនាប់ជើងដែលមានកែងចោទឡើយ ព្រោះវាអាចធ្វើឲ្យអ្នកងាយដួល ហើយឆ្អឹងខ្នងមានសម្ពាធខ្លាំងដោយសារតែទម្ងន់ក្បាលពោះត្រូវធ្លាក់ទៅខាងមុខកាន់តែខ្លាំង។ ដូច្នេះសូមជ្រើសរើសទ្រនាប់ជើងដែលមានបាតរាបស្មើ ទើបងាយស្រួលដើរ និងមិនបង្កឲ្យមានបញ្ហាអ្វីឡើយ។

ការអង្គុយ

ដើម្បីឲ្យការអង្គុយមានផាសុខភាព អ្នកម្តាយត្រូវធ្វើយ៉ាងណាឲ្យឆ្អឹងខ្នងត្រង់ល្អ។ អ្នកប្រហែលជាត្រូវរកជំនួយពីខ្នើយទន់ៗ ដើម្បីកល់ខ្នងពីក្រោយ។ អ្នកម្តាយក៏អាចរកកៅអីដែលមានពូកផ្អែកទន់ៗ រួចរកកូនកៅអីតូចមួយសម្រាប់ជាន់ពីលើ វានឹងជួយឲ្យឥរិយាបទអង្គុយរបស់អ្នកកាន់តែល្អប្រសើរ។

ទោះជាយ៉ាងណា ហាមអង្គុយដាក់ជើងគងលើគ្នាឲ្យសោះ ព្រោះវាធ្វើឲ្យឆ្អឹងត្រគាក និងឆ្អឹងខ្នងមានសម្ពាធកាន់តែខ្លាំង ហើយទីបំផុតការឈឺចាប់នឹងកើតមានឡើង។

រឿងសំខាន់មួយទៀត ស្ត្រីមានផ្ទៃពោះមិនគួរលើករបស់ធ្ងន់ៗឡើយ។ បើទម្ងន់ចាប់ពី ១០គីឡូឡើងត្រូវជៀសវាង ព្រោះវាងាយនឹងធ្វើឲ្យរលាកតសាច់ដុំ ហើយវាក៏ធ្វើគ្រេច ថ្លោះយ៉ាងងាយ។ សូម្បីតែរបស់ស្រាលៗក៏មិនត្រូវឱនចាប់យកភ្លាមៗដែរ គឺត្រូវអង្គុយចុះ ហើយលើករបស់នោះឡើង ទើបមានសុវត្ថិភាព៕

LEAVE A REPLY

Please enter your comment!
Please enter your name here