ការហូរទឹករំអិលចេញពីទ្វារមាសដែលមានពណ៌ស ពណ៌លឿងគ្មានក្លិនខ្លាំង មិនរមាស ហើយមានបរិមាណតិច ត្រូវបានគេចាត់ទុកជារឿងធម្មតាសម្រាប់ស្ត្រីមានផ្ទៃពោះ ដែលត្រូវជួបប្រទះជាប្រចាំអាស្រ័យទៅលើស្ថានភាពអ័រម៉ូនរបស់រាងកាយស្ត្រីម្នាក់ៗ។
ទោះជាយ៉ាងណា ប្រសិនបើការហូរទឹករំអិលនោះមានពណ៌លឿង មានក្លិនអាក្រក់ខ្លាំង និងរមាស់ គឺជារោគសញ្ញានៃការឆ្លងមេរោគទ្វារមាស។ វាអាចនាំឲ្យមានផលវិបាកអំឡុងពេលមានផ្ទៃពោះពោះដូចជា មានការរីករាលដាលនៃការឆ្លងមេរោគ ការវិវត្តនៃទឹកភ្លោះ ការរលូតកូន និងហានិភ័យនៃការឆ្លងមេរោគបន្ទាប់ពីសម្រាល។ ដូច្នេះអ្នកម្តាយគួរតែទៅជួបគ្រូពេទ្យឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ ប៉ុន្តែប្រសិនបើវាមានពណ៌លឿងថ្លា គ្មានក្លិន វាមិនមែនជាទឹករំអិលទេ តែជាការបែកទឹកភ្លោះ វាជាសញ្ញាមួយបង្ហាញថា អ្នកជិតដល់ពេលសម្រាលហើយ។
ចំពោះមូលហេតុនៃការហូរទឹករំអិលពណ៌លឿងអំឡុងពេលមានផ្ទៃពោះ កើតឡើងដោយសារតែកត្តាមួយចំនួន៖
ការឆ្លងមេរោគផ្សិត៖ ជាធម្មតាទ្វារមាសត្រូវការលក្ខខណ្ឌត្រឹមត្រូវមិនថាវាជាកម្រិត pH កម្រិតសំណើម ឬតុល្យភាពនៃបាក់តេរីនោះទេ ប៉ុន្តែប្រសិនបើមានការផ្លាស់ប្តូរកម្រិតអ័រម៉ូន និងការធ្វើអនាម័យមិនគ្រប់គ្រាន់ វាអាចនាំឲ្យមានការឆ្លងមេរោគតាមទ្វារមាស ដែលជាប្រភពនៃទឹករំអិលពណ៌លឿងហូរចេញមក។
ការឆ្លងបាក់តេរី៖ ទ្វារមាសរបស់យើងមានបាក់តេរីល្អ និងអាក្រក់នៅលាយឡំគ្នា។ ប៉ុន្តែប្រសិនបើថ្ងៃណាមួយបាក់តេរីអាក្រក់កើនឡើងកាន់តែច្រើន វានឹងនាំឲ្យមានការឆ្លងមេរោគតាមទ្វារមាស។ ទឹករំអិលពណ៌លឿង ឬបៃតង ដែលមានក្លិនមិនល្អច្បាស់ជាកើតឡើង ហើយបណ្តោលឲ្យរលាកនៅជុំវិញទ្វារមាស។
ជំងឺឆ្លងពេលរួមភេទ៖ វាគឺជាមូលហេតុមួយទៀតនៃការហូរទឹករំអិលមិនប្រក្រតីចេញពីទ្វារមាស។ ប្រសិនបើមិនបានព្យាបាលទាន់ពេលទេ វាអាចបង្កើនហានិភ័យនៃការបង្ករោគ ដែលអាចនាំឲ្យមានជំងឺកាមរោគផ្សេងៗ។
ជំងឺរលាកអាងត្រគាក៖ នៅពេលមានជំងឺកាមរោគ ឬការបង្ករោគដោយបាក់តេរី ដែលមិនបានព្យាបាល ការឆ្លងរាលដាលដល់ស្បូន អូវែ និងបំពង់ស្បូន បណ្តាលឲ្យមានការហូរទឹករំអិលពណ៌លឿងចេញមក។ ស្ត្រីមានផ្ទៃពោះអាចមានការឈឺចាប់នៅផ្នែកក្រោមពោះ ចង្អោរ និងឈឺចាប់ពេលនោម។
ដើម្បីការពារការហូរទឹករំអិលពណ៌លឿង អ្នកម្តាយគួរតែព្យាយាមប្រើសំឡីអនាម័យដើម្បីឲ្យស្រូបយកទឹករំអិល, ជូតសម្អាតទ្វារមាសក្រោយពេលបត់ជើងតូចដោយជូតពីមុខទៅក្រោយ, ជៀសវាងការងូតទឹកក្តៅ ហើយជូតសម្អាតទ្វារមាស ព្រោះវាអាចធ្វើឲ្យឆ្លងមេរោគកាន់តែធ្ងន់ធ្ងរ, ជៀសវាងប្រើសាប៊ូដែលមានក្លិនខ្លាំង និងស្លៀកខោតឹងណែនពេក, ជៀសវាងប្រើប្រាស់សារធាតុគីមីដើម្បីលាងសម្អាតទ្វារមាស, ត្រូវស្លៀកខោទ្រនាប់ស្អាតជានិច្ច, កុំអេះប្រសិនបើរមាស់នៅតំបន់ទ្វារមាស, កុំទិញថ្នាំមកទទូលទានដោយខ្លួនឯង ព្រោះវាអាចប៉ះពាល់ដល់កូនក្នុងផ្ទៃ៕