ការទទួលទានអាហារសម្រាប់អ្នកម្តាយអំឡុងពេលមានផ្ទៃពោះ វាពិតជាមានសារៈសំខាន់ណាស់សម្រាប់កូនមិនទាន់កើត។ បន្ថែមពីលើផាសុខភាពអំឡុងពេលមានផ្ទៃពោះ វាក៏ប៉ះពាល់ដល់កុមារក្នុងរយៈពេលវែង ឬអាចពេញមួយជីវិត។
អំឡុងពេលមានផ្ទៃពោះ អ្នកត្រូវការថាមពលបន្ថែម ១៥ភាគរយ ឬប្រហែលជា ៥០០កាឡូរីក្នុងមួយថ្ងៃ ដើម្បីទទួលបានសារធាតុចិញ្ចឹម វីតាមីន និងសារធាតុរ៉ែគ្រប់គ្រាន់សម្រាប់ជីវិតទាំងពីរ។ ព្រោះទារក នឹងទទួលបានសារធាតុចិញ្ចឹម ព្រមទាំងថាមពលទាំងអស់ពីម្តាយ។ របបអាហារល្អ នឹងជួយឲ្យអ្នកម្តាយមានសុខភាពល្អ ចំណែកឯការលូតលាស់របស់ទារកក៏ដំណើរការបានល្អដូចគ្នាដែរ។
អាហារដែរគួរញ៉ាំក្នុងពេលមានផ្ទៃពោះ
១.អ្នកម្តាយប្រហែលជាត្រូវកែសម្រួលទម្លាប់ញ៉ាំ ដើម្បីសម្របសម្រួលតម្រូវការរាងកាយដែលកំពុងតែផ្លាស់ប្តូរ។ ពីការញ៉ាំ ៣ពេលក្នុងមួយថ្ងៃ អាចសម្រួលញ៉ាំតិចៗ ៥ទៅ៦ដងក្នុងមួយថ្ងៃ។
២.ផ្តោតសំខាន់ទៅលើអាហារដែលមានប្រូតេអ៊ីនច្រើន ជាពិសេសត្រីមុទ្រ។ ព្រោះវាជាប្រូតេអ៊ីនល្អ មានវីតាមីនខ្ពស់ សម្បូរជាតិខ្លាញ់ និងកាបូនអ៊ីដ្រាត ដែលអាចជួយព្រឹងជាលិកាទារក ខណៈកាបូនអ៊ីដ្រាតផ្តល់ថាមពលដល់អ្នកម្តាយផងដែរ។
៣.បរិភោគថ្លើម សាច់ ស៊ុតលឿង សណ្តែកស្ងួត បន្លែបៃតងខ្មៅ ដើម្បីទទួលបានជាតិដែកគ្រប់គ្រាន់សម្រាប់បង្កើតជាលិកាគ្រាប់ឈាមក្រហម។ ជាពិសេសពពួកក្រូច ឬត្របែក ដោយសារតែពួកវាមានវីតាមីន C ដែលអាចជួយបង្កើនការស្រូយកជាតិដែកបានយ៉ាងល្អ។
៤.ញ៉ាំអាហារដែលសម្បូរជាតិកាល់ស្យូមដូចជា ទឹកដោះគោ ដើម្បីបង្កើតឆ្អឹងរបស់កូនឲ្យរឹងមាំល្អ។
៥.ទទួលទានផ្លែឈើ និងបន្លែជាច្រើនប្រភេទជាប្រចាំ ដើម្បីទទួលបានវីតាមីន សារធាតុរ៉ែ និងជាតិសរសៃដែលជួយការពារការទល់លាមកអំឡុងពេលពពោះ។
៦.ចំណុចចុងក្រោយដែលត្រូវមានផ្ទៃពោះមិនត្រូវភ្លេចនោះ គឺទទួលទានទឹកឲ្យបាន ៦ទៅ៨កែវក្នុងមួយថ្ងៃ។ វាមិនត្រឹមតែអាចជួយឲ្យប្រព័ន្ធ ប្រតិបត្តិការក្នុងរាងកាយដំណើរការល្អប៉ុណ្ណោះទេ សូម្បីតែបញ្ហាទល់លាមកក៏អាចកាត់បន្ថយបានដែរ៕