ទឹកដូង ត្រូវបានគេចាត់ទុកជាភេសជ្ជៈធម្មជាតិដ៏ល្អបំផុតសម្រាប់មនុស្សគ្រប់វ័យ ព្រោះវាអាចជួយបំបាត់ភាពស្រេកទឹក បង្កើនកម្លាំង ធ្វើឲ្យក្នុងខ្លួនមានភាពត្រជាក និងល្អសម្រាប់សុខភាពថែមទៀត។ សូម្បីតែស្ត្រីមានផ្ទៃពោះ ក៏ត្រូវបានណែនាំឲ្យទទួលទានទឹកដូង ជាប្រចាំដែរ ព្រោះវាអាចផ្តល់គុណសម្បត្តិលើសពីការស្មាន។
អត្ថប្រយោជន៍នៃការទទួលទានទឹកដូង ជាប្រចាំសម្រាប់ស្ត្រីមានផ្ទៃពោះ៖
១.សម្បូរទៅដោយសារធាតុរ៉ែ ដូចជា រ៉ែអំបិល ប៉ូតាស្យូម ជាតិដែក កាល់ស្យូម ម៉ាញេស្យូម ផូស្វ័រ ទង់ដែង អាស៊ីតអាមីណូ អាស៊ីតសរីរាង្គ និងវីតាមីន B។
២.មានអ័រម៉ូនភេទញី(estrogen) ដែលអាចជួយកាត់បន្ថយការចាប់ផ្តើមនៃជំងឺ Alzheimer ជាពិសេសចំពោះស្ត្រីក្រោយអស់រដូវ។ បើទទួលទានជាប្រចាំ នឹងជួយឲ្យរាងកាយមានតុល្យភាព អាចកាត់បន្ថយរោគសញ្ញាឆាប់អស់រដូវ។
៣.វាគឺជាធាតុផ្សំសំខាន់ក្នុងការបង្កើតកូឡាជែន នៅក្នុងរាងកាយ ដូច្នេះវាល្អសម្រាប់សុខភាពស្បែក។
៤.ទឹកដូង មានឥទ្ធិពលជួយព្យាបាលរបួស ធ្វើឲ្យមុខរបួសឆាប់ជាសះស្បើយលឿនជាងធម្មតា។
៥.ជាភេសជ្ជៈប៉ូវកម្លាំង ជួយសម្រាលភាពហត់នឿយ ធ្វើឲ្យអ្នកម្តាយមានអារម្មណ៍ស្រស់ស្រាយ។
៦.មានប្រសិទ្ធភាពបញ្ចុះលាមក និងជួយបណ្តេញកាកសំណល់ចេញពីរាងកាយ។
៧.ទឹកដូង មានជីវជាតិ និងរសជាតិឆ្ងាញ់ ដែលយើងអាចយកមកច្នៃធ្វើជាបង្អែម ឬអាហារផ្សេងៗទៀតបាន។
ទោះជាយ៉ាងណាក៏ដោយ សូមមានការប្រុងប្រយ័ត្នចំពោះអ្នកម្តាយខ្លះ ដែលមានជំងឺទឹកនោមផ្អែម។ ដោយសារតែទឹកដូង មានជាតិផ្អែម អាចបណ្តោលឲ្យជាតិស្ករក្នុងឈាមឡើងច្រើនជាងធម្មតា។ នោះអាចបង្កឲ្យមានហានិភ័យផ្សេងៗ ដូច្នេះវាត្រូវបានណែនាំឲ្យញ៉ាំក្នុងកម្រិតល្មម ឬស្ថិតក្រោមការត្រួតពិនិត្យរបស់វេជ្ជបណ្ឌិតកាន់តែល្អបំផុត៕