ការឈឺធ្មេញ គឺជាបញ្ហាមួយដែលស្ត្រីមានផ្ទៃពោះមួយចំនួនតែងជួបប្រទេះ ដោយសារតែការកើនឡើងនៃកម្រិតអ័រម៉ូនក្នុងរាងកាយ។ ប្រសិនបើអ្នកម្តាយមិនបានព្យាបាល ហើយបណ្តោយទុកយូរ កំណកកំបោរនឹងតោងជាប់តាមជើងធ្មេញរបស់អ្នក ដែលអាចបង្កទៅជាការរលាក ហើយឬសធ្មេញអាចត្រូវបានបំផ្លាញរហូតដល់ទីបញ្ចប់។
ដូច្នេះដើម្បីជៀសផុតពីបញ្ហាឈឺធ្មេញ អំឡុងពេលមានផ្ទៃពោះ អ្នកម្តាយគួរតែដឹងពីរបៀបថែរក្សាសុខភាពមាត់ធ្មេញឲ្យបានត្រឹមត្រូវ។
១.ដុសសម្អាតធ្មេញជាប្រចាំ យ៉ាងហោចណាស់ពីរដងក្នុងមួយថ្ងៃ។
២.បន្ទាប់ពីញ៉ាំអាហាររួច សូមលាងសម្អាតមាត់ ដោយប្រើទឹកស្អាត ឬទឹកខ្ពុរមាត់ ដើម្បីកាត់បន្ថយសំណល់អាហារ និងទឹកដែលច្រាលចេញពីក្រពេះ។
៣.ប្រើច្រាស់ដុសធ្មេញ ដើម្បីជួយកម្ចាត់កំណកកំបោរជារៀងរាល់ថ្ងៃ វានឹងជួយឲ្យអ្នកមានអារម្មណ៍ស្អាត និងស្រស់ថ្លាជាងមុន។
៤.អ្នកម្តាយគួរតែជៀសវាងអាហារផ្អែម និងជូរ ហើយប្តូរមកញ៉ាំផ្លែឈើ និងបន្លែស្រស់ជំនួសវិញ។
៥.ព្យាយាមញ៉ាំអាហារដែលសម្បូរប្រូតេអ៊ីន កាល់ស្យូម និងផូស្វ័រ ដូចជាទឹកដោះគោ ស៊ុត ត្រី រួមទាំងផ្លែឈើ និងបន្លែ។
មនុស្សជាច្រើនឆ្ងល់ថា តើពេលមានផ្ទៃពោះអ្នកម្តាយអាចធ្វើការព្យាបាលធ្មេញបានដែរឬទេ? តាមពិតគ្រូពេទ្យអាចផ្តល់ការព្យាបាលធ្មេញបាន អំឡុងពេលខែទី៤ ដែលមិនបង្កគ្រោះថ្នាក់ដល់ទារក និងម្តាយឡើយ។ ជាពិសេសអ្នកអាចពិនិត្យសុខភាពមាត់ធ្មេញមុនពេលមានផ្ទៃពោះ ដើម្បីធ្វើព្យាបាល និងការពារបញ្ហាមាត់ធ្មេញ៕