ដោយសារតែអ័រម៉ូនមានការផ្លាស់ប្តូរ ទើបធ្វើឲ្យស្ត្រីមានផ្ទៃពោះទាំងឡាយមានការប្រែប្រួលទាំងអារម្មណ៍ និងរាងកាយ។ ជាពិសេសសុដន់ អាចប្រែលប្រួលទាំងរូបរាង និងទំហំផងដែរ។ទោះជាយ៉ាងណា ការប្រែលប្រួលនេះមិនមែនជារឿងអាក្រក់នោះទេ ព្រោះវាជាសញ្ញាប្រាប់ឲ្យដឹងថា សុដន់របស់អ្នកកំពុងតែផលិតទឹកដោះត្រៀមសម្រាប់ទារកហើយ។
តើពេលមានផ្ទៃពោះ សុដន់របស់មនុស្សស្រីនឹងមានការប្រែប្រួលអ្វីខ្លះ?
ធ្ងន់ជាងមុន៖ ក្នុងអំឡុងពេលស្ត្រីមានផ្ទៃពោះ អ័រម៉ូននៅក្នុងរាងកាយរបស់ពួកគេនឹងមានការកើនឡើងជាលំដាប់ ចំណែកឯជាលិកាក្រពេញដោះនឹងរីកកាន់តែធំឡើង ដែលធ្វើឲ្យអ្នកមានអារម្មណ៍ថា ធ្ងន់ជាងមុន។
តឹងណែន៖ ខណៈនេះ បរិមាណនៃលំហូរឈាមនៅក្នុងសុដន់មានការកើនឡើងខុសពីពេលធម្មតា ហើយជាលិកានឹងប៉ោងឡើង ដែលធ្វើឲ្យសុដន់តឹងណែនជាងមុន និងឈឺចាប់ម្តងម្កាល។
ចុងសុដន់រីកធំ៖ អ្នកគួរតែដឹងថា នៅពេលដែលជាលិកានៅចុងសុដន់ពង្រីកខ្លួន ចុងសុដន់របស់ស្ត្រីមានផ្ទៃពោះក៏ចាប់ផ្តើមរីកមាឌតាមដែរ។
សរសៃអណ្តែតលើសុដន់៖ សរសៃពណ៌ខៀវអាចអណ្តែតចេញនៅលើសុដន់ ដោយសារតែសរសៃទាំងនោះត្រូវការពង្រីកខ្លួន ដើម្បីសម្រួលដល់លំហូរឈាម។
ហៀរទឹកដោះ៖ ឈានដល់ត្រីមាសទី ២ ឬទី៣ នៃការមានផ្ទៃពោះ ស្ត្រីអាចមានហៀរទឹកដោះចេញពីសុដន់។ វាគ្មានជាបញ្ហាអ្វីដែលគួរឲ្យព្រួបារម្ភនោះទេ ព្រោះទឹកដោះដំបូងត្រូវផលិតមុនពេលសម្រាល។
កើតមានស្នាមសង្វារ៖ ក៏ព្រោះតែស្បែក និងទំហំសុដន់ចេះតែកើនឡើង ទើបធ្វើឲ្យសុដន់មានស្នាមសង្វារពណ៌សឆ្នូតៗកើតឡើង។
ធ្លាក់យារខុសពីមុន៖ ការកើតឡើងនៃទំហំទាំងគូរ ក៏អាចធ្វើឲ្យសុដន់ធ្លាក់យារក្នុងអំឡុងពេលមានផ្ទៃពោះ និងក្រោយពេលសម្រាលកូនហើយ៕