ស្ត្រីតាំងគភ៌លើកដំបូងក្នុងជីវិតដែលមិនធ្លាប់មានបទពិសោធពីមុនមក ច្រើនតែមានកង្វល់ពាក់ព័ន្ធនឹងការមើលថែទាំសុខភាពរាងកាយរបស់ខ្លួន ព្រោះបើធ្វើអ្វីមួយទៅប៉ះពាល់នឹងកូនតូចនៅក្នុងគភ៌ ពិតជាហុចផលប៉ះពាល់ដល់ប្រព័ន្ធការចម្រើនធំធាត់តាមមកដែរ។ ពេលដឹងថា ខ្លួនតាំងគភ៌ហើយ រឿងដែលគួររឭកនឹកដល់នោះគឺ សុវត្ថិភាពក្នុងការរស់នៅប្រចាំថ្ងៃ បង្កើនកម្រិតភាពប្រយ័ត្នប្រយែងឱ្យច្រើនឡើងជាពិសេស។ ចូររឭកដឹងជាប់ជានិច្ចថា សភាពបរិស្ថានជុំវិញផ្សេងៗអាចបង្កឱ្យកើតគ្រោះថ្នាក់ដល់ទារកក្នុងគភ៌បានគ្រប់ពេល។
១.មានអារម្មណ៍តានតឹងធុញថប់រហូតហុចផលប៉ះពាល់ដល់ទារកក្នុងគភ៌
ក្នុងអំឡុងពេលតាំងគភ៌ ភាពធុញថប់តានតឹងក្នុងអារម្មណ៍នឹងហុចផលប៉ះពាល់ខ្លាំងឡើងចំពោះស្ត្រីមានគភ៌ ទោះបីគ្រាន់តែជាភាពតានតឹងអារម្មណ៍ក្នុងរយៈពេលខ្លីៗក៏ដោយ ក៏ច្រើនតែធ្វើឱ្យកើតផលប៉ះពាល់ដល់វិវឌ្ឍនាការរបស់ទារកយ៉ាងខ្លាំង។ ភាពតានតឹងក្នុងអារម្មណ៍រ៉ាំរ៉ៃជាមួយការតាំងគភ៌អាចធ្វើឱ្យប្រព័ន្ធប្រឆាំងជំងឺរបស់ទារកថយចុះនៅពេលកើតដំបូង អ្នកម្តាយមានសភាវសម្ពាធឈាមឡើងខ្ពស់ ប្រថុយប្រថាននឹងកើតជំងឺបេះដូង។ គេសង្កេតឃើញថា អ្នក ដែលមានភាពតានតឹងក្នុងអារម្មណ៍ខ្លាំង ច្រើនតែជួបនឹងសភាវប្រសូតមុនកំណត់ ហើយទារកកើតមកមានទម្ងន់ខ្លួនទាបជាងប្រក្រតី។
២.ចូលគេយប់ជ្រៅរហូតក្លាយជាទម្លាប់
មុនពេលមានគភ៌ បើស្ត្រីមានគភ៌ជាមនុស្សដែលមាននិស្ស័យចូលចិត្តចូលគេងយប់ជ្រៅរហូតសឹងតែជិតភ្លឺទៅហើយនោះ ពេលមានគភ៌ បើនៅតែមានទង្វើបែបនោះដដែល ឬគេងបានតិចជាង5ម៉ោងជាប់ៗគ្នារាល់ថ្ងៃ នឹងធ្វើឱ្យងាយកើតជំងឺផ្សេងៗក្នុងអំឡុងពេលមានគភ៌ ដែលជាគ្រោះថ្នាក់មួយដល់ខ្លួនស្ត្រីជាម្តាយ និងកូនតូចក្នុងផ្ទៃ។
៣.ប្រយ័ត្នប្រយែងមែនទែនក្នុងការធ្វើការងារផ្ទះ
កុំគិតថា ជាការងារងាយៗ សប្បាយៗ និងមិនធ្វើឱ្យកើតមានអន្តរាយអ្វី ដូចជា ការជូតឥដ្ឋ លាងបន្ទប់ទឹកជាដើមនោះ ព្រោះវាអាចនឹងធ្វើឱ្យស្ត្រីមានគភ៌រអិលដួលបាន ឬសូម្បីតែភេសជ្ជៈមួយចំនួនដូចជា ទឹកតែ កាហ្វេ ភេសជ្ជៈដែលមានជាតិអាល់កុលក៏មិនគួរទទួលទានដែរ ព្រោះអ្វីទាំងអស់នេះសុទ្ធតែជាគ្រោះថ្នាក់ដែលអាចកើតឡើងនៅក្នុងផ្ទះបានទាំងអស់ ក្រៅពីនេះក៏នៅមានសារធាតុគីមី ការបោសជូតសម្អាតលាមកសត្វចិញ្ចឹម ពន្លឺពីទូរទស្សន៍ កម្តៅ ទីកន្លែងដែលមិនសូវមានសុវត្ថិភាព ក៏ជាអ្វីដែលគួរចៀសវាងបំផុត។
បើស្ត្រីម្នាក់ណាកំពុងតាំងគភ៌ ត្រូវប្រយ័ត្នប្រយែង និងមើលថែទាំសុខភាពខ្លួនឯងឱ្យល្អ កុំបណ្តោយឱ្យការរស់នៅក្នុងជីវិតប្រចាំថ្ងៃប៉ះពាល់ដល់វិវឌ្ឍនាការរបស់កូនតូចឱ្យសោះ៕